ដំណឹងល្អ! ក្រសួងសាធារណៈការបង្ហាញពីនាវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក

0

ដោយ : វុត្ថា

ភ្នំពេញ : ក្រសួងសាធារណៈការ និងដឹកជញ្ជូនបបានប្រកាសតាមរយៈគេហទំព័រ​ហ្វេសបុក​បស់ខ្លួននៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៨ នេះ ថានាវាដឹកជញ្ជូនអ្នកដំណើរ​តាមផ្លូវទឹក ព្រែកព្នៅ-តាខ្មៅ ដែលគ្រោងដាក់ដំណើរការនាពេលឆាប់ៗខាងមុខនេះ បានសម្រេច៩៥ភាគរយហើយ គិតត្រឹមថ្ងៃម្សិលម៉ិញនេះ។

លោក ចាន់ តារា អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្រុមការងារកំពុងសាងសង់ចំណតកំពផែទាំង៥ទីតាំង​ព្រមគ្នា ដើម្បីសម្រេចបានតាមផែនការនៃការគ្រោងទុករបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលបានកំណត់ដាក់​ឱ្យ​ដំណើរការមុនចូលឆ្នាំខ្មែរមកដល់។

លោកបន្តថា “ការសាងសង់នេះទៀតសោត មានការលំបាកបន្តិសម្រាប់ក្រុមការងារ ដោយតែការសាងសង់នៅលើទឹក មិនមែនជាសាងសង់នៅលើគោកនោះទេ”។ លោកបន្តថា យ៉ាងណាក៏ដោយ ខ្ញុំមិនទាន់ហ៊ានវាយតម្លៃចំពោះការចំណាយអស់​ថវិកា​ប៉ុន្មាន ក្នុងការសាងសង់នោះទេ ព្រោះចំណតកំពង់ផែទាំង៥ទីតាំងនេះមាន​ទំហំខុសៗគ្នា ហើយនៅពេលសាងសង់រួចរាល់ក្រសួងនឹងប្រកា​សពីការចំណាយ​ថវិកាអស់ប៉ុន្មានក្នុងការសាងសង់នេះ”។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងកាលពីពេលថ្មីៗនេះថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏​ឈ្លាស​វៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គ្រោងដាក់ឱ្យ​ដំណើរ​ការការដឹកអ្នកដំណើរទៅមក ព្រែកព្នៅ ភ្នំពេញ តាខ្មៅ នៅថ្ងៃទី៦ ខែមេសា ខាងមុខនេះ ដែលជាប្រវត្តិសាស្ត្រលើកដំបូង របស់កម្ពុជាដើម្បីចូលរួមចំណែក កាត់​បន្ថយការកកស្ទះចរាចរណ៍ តាមផ្លូវគោក និងបង្កើនសុវត្ថិភាពចរាចរណ៍ដល់អ្នកធ្វើ​ដំណើរ ចូល-ចេញ និងឆ្លងកាត់រាជធានីភ្នំពេញជារៀងរាល់ថ្ងៃ។

លោកបានថ្លែងបន្តថា ការដាក់ដំណើរការលើកដំបូង នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ នឹងមានទូកដឹកអ្នកដំណើរ ចំនួន៣គ្រឿង ក្នុងនោះ២គ្រឿង ជាទូករបស់​ក្រុមហ៊ុន Royal Express Boat អាចផ្ទុកមនុស្ស៦០នាក់ និង៣គ្រឿងទៀត ជាទូក​របស់​កំពង់ផែស្វយ័តភ្នំពេញ ដែលកំពុងសាងសង់ អាចផ្ទុកបាន ៥៤នាក់ បំពាក់ដោយម៉ាស៊ីនត្រជាក់ និងពោងសុវត្ថិភាព។ ជាមួយទូក៣គ្រឿងជាជំហ៊ាន​ដំបូងនេះ នឹងធ្វើចរាចរណ៍ផ្តល់សេវាចេញដំណើរ ពីព្រែកព្នៅទៅក្រុងតាខ្មៅ ចម្ងាយ​សរុបប្រមាណ២៥គីឡូម៉ែត្រ ចំណាយពេលវេលាជាមធ្យម៣៤នាទី មានចំណតផែ​ចំនួន៥ រួមមាន៖ ចំណតផែព្រែកព្នៅ ទីលានប្រជាធិបតេយ្យថ្មី ផ្សាររាត្រី កោះពេជ្រ និងក្រុងតាខ្មៅ។

លោកទេសរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនេះ នឹងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណោះស្រាយការកកស្ទះ និងគ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំងធ្វើអោយចំណេញពេលវេលា និងចូលរួមកាត់បន្ថយការ​ភាព​ក្រីក្រ​ជូនប្រជាពលរដ្ឋផងដែរ៕

- Advertisement -
ចែករំលែក