ដំណើរឆ្ពោះទៅកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ស្ថិតក្នុងផ្លូវរលាក់

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ មហិច្ឆតាឆ្ពោះទៅកាន់ប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ របស់រដ្ឋាភិបាលទំនងជាពិបាកសម្រេចបាន ដោយសារកម្ពុជានៅមានបញ្ហាប្រឈមជាច្រើន និងការងារចាំបាច់មួយចំនួ​នមិនទាន់ចាប់ផ្តើមអនុវត្តន៍នៅឡើយ។

សម្តេចតេជោហ៊ុន សែនប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសទទួលស្គាល់កាលពី​ម្សិលម៉ិញនេះថា ប្រទេសកម្ពុជាមានមហិច្ឆតា ក្នុងការប្រែក្លាយជាប្រទេសមានប្រាក់ចំណូ​លមធ្យមកម្រិតខ្ពស់ ហេតុនេះ​ដើម្បីសម្រេចបាននូវមហិច្ឆតានេះ កម្ពុជាចាំបាច់ត្រូវបង្កើនសមត្ថភាពធនធានមនុស្ស​បន្ថែមទៀត។

សម្តេចបានបន្តថា ធនធានមនុស្សនៅតែជាបញ្ហាប្រឈមរបស់ប្រទេសយើង ព្រោះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានការវិនិ​យោគច្រើនណាស់ ដោយគ្រាន់តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបង្កើតបាន​ការងារជាង៤ម៉ឹននាក់ថែមទៀត ដែលយើងត្រូវមានធនធានមនុស្ស សម្រាប់ផ្គត់ផ្គង់ឲ្យគេ(អ្នកវិនិយោគ)។

សម្តេចបន្តថា បញ្ហាសំខាន់តើយើងមានធនធានមនុស្ស ផ្គត់ផ្គង់ឲ្យគេគ្រប់គ្រាន់ឬនៅ? ហើយអ្នកវិនិយោគទាំងនោះ មិនចង់នាំយកអ្នកឯកទេសមកស្រុកយើងទេ ប៉ុន្តែដោយសារយើងមិនទាន់បំពេញបានតាមតម្រូវការរបស់គេ ទើបតម្រូវឲ្យមានអ្នកជំនាញបច្ចេកទេសមកពីក្រៅប្រទេស។

សម្តេចបន្តថា“ការខិតខំរបស់យើង គឺធ្វើយ៉ាងណាឲ្យមានធនធានមនុស្សឆ្លើយតប​នឹងសន្ទុះនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ដែលទាមទារឲ្យរដ្ឋាភិបាលនិងភាគី ពាក់ព័ន្ឋយកចិត្តទុកដាក់បន្ថែមលើការវិនិយោគធនធានមនុស្ស”។

សម្តេចតេជោហ៊ុន សែនបានបន្តថា យើងបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីប្រែក្លាយជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ យើងមិនចង់ធ្លាក់ក្នុងអន្ទាក់ប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតទាបនោះទេ ដូច្នេះដើម្បីឆ្លើយតបបាននឹងការលើកកំពស់កម្រិតប្រាក់ចំណូលប្រជាពលរដ្ឋ ការលើកឋានៈប្រទេសទៅជាប្រទេស​មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយមហិច្ឆតារយៈពេលវែងក្នុងកា​រប្រែក្លាយកម្ពុជា ជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ វាទាមទារខ្លាំង ណាស់នូវតម្រូវការធនធានមនុស្ស ដែលឆ្លើយតបនឹងតម្រូវការនៃការកើនឡើងនៃធនធានមនុស្សដែលមានជំនាញ។

យោងតាមសូចនាកររបស់ធនាគារពិភពលោកបានបង្ហាញថា ប្រទេសមានប្រាក់​ចំណូលមធ្យមកម្រិតខ្ពស់ សំដៅដល់ប្រទេសដែលប្រជាជនម្នាក់ៗ មានប្រាក់ចំណូល​ចន្លោះពី៤៨០០ ដល់១២០០០ដុល្លារក្នុងមួយឆ្នាំ និងប្រទេសមានប្រាក់ចំណូលខ្ពស់សំដៅដល់ប្រទេសមានប្រាក់ចំណូល១២០០០ដុល្លារ សម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ។

អ្វីជាបញ្ហាប្រឈមពិតប្រាកដរបស់កម្ពុជា? ពិតជាមានចម្លើយជាច្រើនដែលត្រូវឆ្លើយ ដូចជា កង្វះខាតធនធានមនុស្ស កង្វះការរៀបចំនូវប្រព័ន្ឋបច្ចេកវិទ្យា ដើម្បីទាញយកតម្លៃបន្ថែម និងបង្កើតតម្លៃបន្ថែមកាន់តែច្រើនលើប្រភេទទំនិញនានា កង្វះហេដ្ឋារចនាសម្ព័ន្ឋ វិស័យអគ្គិសនីនៅមិនទាន់មានគុណភាព និងមានតម្លៃថ្លៃ និងអត្រាបោះបង់ការសិក្សាមានច្រើនជាង៥០ភាគរយ មុនឆ្លងភូមិសិក្សាមកកាន់មធ្យមសិក្សាបឋមភូមិ។

ស្ថាបនិកគេហទំព័ Propertyarea.asia លោកលាងគង់ យិនដែលបានតាមដានរាល់ដំណើរវិវត្តន៍របស់សង្គមបានលើកឡើងថា ទោះជាមានបញ្ហាប្រឈមជាច្រើនដូចការលើកឡើងខាងលើ ប៉ុន្តែរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយគាំពារសង្គម ដែលផ្តល់សេវាពិនិត្យ ព្យាបាលដល់កម្មករ និយោជិត ក្នុងប្រព័ន្ឋដោយឥតគិតថ្លៃ និងរៀបចំឲ្យមានរបបបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការ និងកម្មករនិយោជិតក្នុង​និងក្រៅប្រព័ន្ឋផងដែរ។

លោកបន្តថា “នេះជាមូលដ្ឋានចាំបាច់សម្រាប់ស្ថិរភាពសង្គមរយៈពេលវែង ប៉ុន្តែវា​មិនបានជួយដល់គ្រប់ក្រុមមនុស្សក្នុងសង្គមនោះទេ ព្រោះមានបញ្ហាជាច្រើនកំពុងចោទឡើងផងដែរ ក្នុងការធ្វើយ៉ាងណាឲ្យការស្រោចស្រពកំនើន នៃផលសេដ្ឋកិច្ចដល់មនុស្សបានដោយសមធ៌ម”។លោកបន្តថា “កំនើនប្រាក់ឈ្នួលក្នុងវិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើងជាសញ្ញាវិជ្ជមាន ប៉ុន្តែក្រុមរបស់ពួកគេមានប្រមាណ១លាននាក់ប៉ុណ្ណោះ ក្នុងចំណោមប្រជាជន១៦លាននាក់”។

កង្វះកំលាំងពលកម្មជំនាញ ការបោះបង់ការសិក្សារបស់កុមារប្រមាណ៦០ភាគរយមុនបញ្ចប់បឋមភូមិ ជាអ្វីដែលរដ្ឋាភិបាលត្រូវប្រឈមមុខ និងដោះស្រាយ ដើម្បីធ្វើយ៉ាងណា កុំឲ្យកម្ពុជាជាប់ក្នុងអន្ទាក់នៃប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ដែលប្រាក់ចំណូលរបស់មនុស្សម្នាក់មានត្រឹម១០៣៥ដុល្លារ ដល់៤៨០០០ដុល្លារសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ។

ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting លោកង៉ែត ជូបានថ្លែងស្រដៀងគ្នាថា កម្ពុជាមានបញ្ហាច្រើន និងលំបាកក្នុងការសម្រេចបាននូវគោលដៅ នៃឆ្នាំ២០៣០ ដោយសារកម្ពុជាកំពុងកង្វះនូវហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន ធនធានមនុស្សដែលមានចំណេះដឹង និងជំនាញច្បាស់លាស់”។លោកបន្តថា “រដ្ឋាភិបាលគួរទាក់ទាញអ្នកជំនាញ និងមនុស្សពូកែៗមកពីក្រៅប្រទេស ដើម្បីមកកាន់ការងារជំនាញ ទើបការងា​រ បានសម្រេចដោយល្អប្រសើរ។

យោងតាមរបាយការណ៍របស់អង្គការអន្តរជាតិខាងការងារបានបង្ហាញថា ប្រទេស​កម្ពុជាមានយុវជនប្រមាណ៣០ម៉ឺននាក់ ត្រូវចូលប្រឡូកក្នុងទីផ្សារការងាររៀងរាល់ឆ្នាំ ដែលភាគច្រើនជាអ្នកមិនសូវមានជំនាញ និងមិនបានទទួលការបណ្តុះបណ្តាលល្អប្រសើ​រ​នៅឡើយទេ។

លោកង៉ែត ជូបានឲ្យដឹងទៀតថា ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាចាំបាច់ត្រូវឆ្លើយតបនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ខណៈដែលធនធានមនុស្សបច្ចុ​ប្បន្នភាគច្រើន មិនឆ្លើយតបនឹងគោលនយោបាយនេះទេ ហេតុនេះទាមទារឲ្យមានការវិនិ​យោគ និងយកចិត្តទុកដាក់ពីរដ្ឋាភិបាលឲ្យបានខ្លាំងក្លា ដើម្បីឈានទៅសម្រេចគោល​ដៅក្លាយជាប្រទេស មានប្រាក់ចំណូលមធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕

- Advertisement -
ចែករំលែក