ទុកវិនិយោគក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម មានជាង ៤ពាន់លានដុល្លារ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ទុនវិនិយោគនៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ប្រើប្រាស់ទុនសមមូលសរុបប្រមាណជាង ៤ពាន់ ៧រយលានដុល្លាអាមេរិក និងនាំមកនូវផលរបរប្រចាំឆ្នាំប្រមាណជាង ៩៣ពាន់លានដុល្លារអាមេរិក ។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មរយៈពេល៥ឆ្នាំ ២០១៣- ២០១៧ និងលើកទិសដៅអនុវត្តន៍បន្ត បានបង្ហាញឲ្យដឹងថា សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មឆ្នាំ២០១៧ សរុប មានប្រមាណជាង១៥ម៉ឺនមូលដ្ឋាន ស្មើជាង២៩% នៃចំនួនសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មទាំងអស់ និងបាន បង្កើតការងារសរុបចំនួនជាង១លានកន្លែង និងបានប្រើប្រាស់ទុនសមមូលសរុបសម្រាប់ការវិនិយោគប្រមាណជា ៤ពាន់ ៧រយលានដុល្លាអាមេរិក និងនាំមកនូវផលរបរប្រចាំឆ្នាំប្រមាណជាង ៩៣ពាន់លានដុល្លាអាមេរិកផងដែរ ។

ពាក់ព័ន្ធនឹងការវិនិយោគនៅលើសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម នៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ បានបង្ហាញឲ្យឃើញថា មានការកើនឡើងជាលំដាប់ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៧ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មថ្មី បានកើនឡើងជាង ៣ពាន់មូលដ្ឋាន ស្មើជាង២% បើប្រៀបធៀបទៅឆ្នាំ២០១៦ ក្នុងនោះបានផ្តល់ប្រកាស បង្កើតសហគ្រាសសិប្បកម្មថ្មីថ្នាក់ជាតិ មានចំនួន៧៧៤មូលដ្ឋាន និងថ្នាក់ក្រោមជាតិជាង២ពាន់មូលដ្ឋានបន្ថែមទៀត និងបានបង្កើតការងារថ្មីជាង២ម៉ឺនកន្លែង បានប្រើប្រាស់ទុនវិនិយោគជាង១រយលានដុល្លាអាមេរិក និងនាំមកនូវផលរបរ ប្រចាំឆ្នាំប្រមាណជិត ២ពាន់លានដុល្លាអាមេរិកផងដែរ ។

នៅក្នុងវិស័យទាំង៣នេះ សម្រាប់សហគ្រាសធុនមធ្យមកម្មន្តសាល កម្ពុជាមានសហគ្រាសប្រមាណជាង១ពាន់មូល ដ្ឋាន ស្មើជិត១% នៃសហគ្រាសធុនតូច និងមធ្យមកម្មន្តសាល និងសិប្បកម្មទាំងអស់ ដោយបានបង្កើតការងារចំនួនជាង ១០ម៉ឺនកន្លែង និងបានប្រើប្រាស់ផលទុនសរុបសម្រាប់ការវិនយោគប្រមាណជាង ៥រយលានដុល្លាអាមេរិក និងនាំមកនូវ ផលរបរប្រចាំឆ្នាំប្រមាណជាង៣ពាន់លានដុល្លា ។ ដោយឡែកសម្រាប់សហគ្រាសធុនតូចកម្មន្តសាល កម្ពុជាមានសហ គ្រាសធុនតូចប្រមាណជាង១ម៉ឺនមូលដ្ឋាន ស្មើជាង៩% បានបង្កើតការងារជាង៤០ម៉ឺនកន្លែង និងប្រើប្រាស់ផលទុន សមមូលសរុបសម្រាប់ការវិនិយោគប្រមាណជាង ២ពាន់លានដុល្លា និងនាំមកនូវផលរបរប្រចាំឆ្នាំជាង១៦ពាន់លានដុល្លា។

ចំពោះវិស័យសិប្បកម្មវិញ កម្ពុជាមានសិប្បកម្មប្រមាណជាង១០ម៉ឺនមូលដ្ឋាន ស្មើជិត៩០% នៃសហគ្រាសធុនតូច និងមធ្យមកម្មន្តសាល និងសិប្បកម្មទាំងអស់ ដោយបានបង្កើតការងារជាង៤០ម៉ឺនកន្លែង និងបានប្រើប្រាស់ទុនសមមូល សរុបសម្រាប់វិនោយោគប្រមាណជាង ២ពាន់លានដុល្លារ នាំមកនូវផលទុនប្រចាំឆ្នាំជាង៧៣ម៉ឺនលានដុល្លារ ដោយត្រូវ បានបែងចែកជាពីផ្នែកគឺ សិប្បកម្មមានហានីភ័យ និងសិប្បកម្មគ្មានហានីភ័យផងដែរ ៕

- Advertisement -
ចែករំលែក