មុនទិញផ្ទះបង់រំលស់ត្រូវគិតពីអ្វីមុនគេ ដើម្បីបញ្ចៀសហានិភ័យ

0

ដោយ ៖ រ៉ាវី

ភ្នំពេញ  បច្ចុប្បន្ននេះសម្រាប់ការទិញផ្ទះ ដោយការអនុវត្តវិធីសាស្រ្តបង់រំលស់ គឺកំពុងតែមានភាពពុះកញ្ជ្រោលយ៉ាងខ្លាំង ក្នុងនោះរាប់ទាំងប្រភេទលំនៅដ្ឋានធម្មតា សម្រាប់អ្នកដែលមានចំណូលមធ្យម និងក្រោមមធ្យមក៏ដូចជាប្រភេទលំនៅដ្ឋានបែបប្រណីត ស្ថិតនៅក្នុងបុរី ដែលផ្តោតសំខាន់លើអ្នកមានចំណូលខ្ពស់។

តើការទិញផ្ទះលំនៅដ្ឋានដោយការបង់រំលស់នេះ មានចំណុចល្អប្រសើរ និងប៉ះពាល់អ្វីខ្លះ ចំពោះអតិថិជនដែលជាអ្នកទិញ ? ចម្ងល់មួយនេះត្រូវបានបំភ្លឺដោយលោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisals ដូចខាងក្រោម។

លោកឧកញ៉ា នួន រឹទ្ធី បានមានប្រសាសន៍បញ្ជាក់ថា ការបង់រំលស់ថ្លៃផ្ទះនេះ គឺត្រូវធ្វើឡើងដោយអមជាមួយគ្នារវាងថ្លៃដើម និងការប្រាក់ ។ ប៉ុន្តែបើសម្លឹងមើលពីចំនួនថ្លៃដើម គឺដំបូងបានរំលស់តិចណាស់ ដែលវាត្រូវចំណាយលើការប្រាក់ច្រើនក្នុងមួយខែ។ បើយើងរំលស់ក្នុងរយៈពេលយូរ យើងបង់ខាតកាន់តែច្រើន ដូច្នេះសម្រាប់អ្នកដែលចង់ទិញផ្ទះដោយការបង់រំលស់នេះ ចាំបាច់ត្រូវពិចា​រណាទៅលើស្ថានភាព នៃចំណូលរបស់ខ្លួនជាមុនសិនថា តើចំណូលដែលបានមកស័ក្តិសមនឹងការទិញផ្ទះដែរឬទេ។

មួយវិញទៀត សម្រាប់អ្នកដែលមានចំណូលមានកម្រិត ក៏គួរពិចារណាថា តើការជួលផ្ទះ និងការទិញផ្ទះដោយការរំលស់នេះ មួយណាប្រសើរជាងសម្រាប់ជីវភាពជាក់ស្ដែងរបស់យើង ។

លោកឧកញ៉ានួន រិទ្ឋីបានលើកជាឧទាហរណ៍ថា យើងស្នាក់នៅក្នុងផ្ទះជួលដោយចំណាយ200ដុល្លារក្នុងមួយខែ ប៉ុន្តែនៅពេលមានគេសង់ផ្ទះលក់ដោយការបងរំលស់ត្រឹម200ដុល្លារ ក្នុងមួយខែដូចគ្នា សួរថាតើយើងត្រូវនៅផ្ទះជួយបន្តទៀត ឬត្រូវទិញផ្ទះ ? ជាការពិត បើយើងបូកសរុបចំនួននៃការចំណាយលើការបង់សរុបនៃថ្លៃផ្ទះ គឺមានចំនួនច្រើនលើសថ្លៃដើម ប៉ុន្តែវិធីសាស្រ្តនៃការបង់រំលស់នេះ គឺបានបន្ធូរបន្ថយដល់អ្នកមានលទ្ធភាពមធ្យម និងក្រោមមធ្យមទទួលបានផ្ទះស្នាក់នៅ។

លោកឧកញ៉ាបន្តថា និយាយរួមការទិញផ្ទះដោយការបង់រំលស់ មានចំណុ​ចល្អ និងចំណុចអវិជ្ជមាន។ ចំណុចល្អត្រង់ថា យើងអាចមានផ្ទះស្នាក់នៅ និងជាកម្មសិទ្ធិតាំងពីយើងមិនទាន់មានលុយទិញផ្ទះគ្រប់ ដោយឡែកចំណុចអវិជ្ជមាន គឺត្រូវចំណាយថ្លៃបង់ការប្រាក់ប្រចាំខែច្រើន៕

- Advertisement -
ចែករំលែក