រដ្ឋមន្រ្តីសេដ្ឋកិច្ចថាកម្ពុជាកំពុងអនុវត្តនូវបរិយាកាសធុរកិច្ចល្អ

0

ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ លោកអូន ព័ន្ឋមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា កម្ពុជាបាន និងកំពុងអនុវត្តនូវបរិយាកាសធុរកិច្ចអំណោយ​ផល រួមទាំងការលើកទឹកចិត្ត បន្ថែមទៀតដល់អ្នកវិនិយោគិនបរទេស។

ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះបានថ្លែងក្នុងជំនួប ជាមួយលោក Jun ARI នាយកគ្រប់គ្រងទូទៅនៃសាជីវកម្ម Mitsubishiជប៉ុនកាលពីម្សិលម៉ិញនេះថា កម្ពុជាអាចរក្សាក្នុងកំណើនសេដ្ឋកិច្ចបានល្អ អាស្រ័យមានការចូលរួមចំណែកពីវិស័យឯកជន ដែលរាជរដ្ឋាភិបាលបានចាត់ទុកជាដៃគូយ៉ាងសំខាន់មិនអាចកាត់ថ្លៃបាន ជាក់ស្តែងក្រុមហ៊ុន Mitsubishi ដែលបានដំណើ​រការនៃសាជីវកម្មនៅកម្ពុជា ក៏ជាការចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជាមួយផ្នែកផងដែរ។

លោកបន្តថា កម្ពុជាមានគោលនយោបាយ ក្នុងការទាក់ទាញអ្នកវិនិយោ​គិនបរទេសឲ្យមកបណ្តាក់ទុនកាន់តែច្រើន”។ លោកបន្តថា “កម្ពុជាក៏មានគោ​​ល​នយោបាយអនុគ្រោះ និងគាំពារវិនិយោគពីបរទេស ដើម្បីអនុវត្តនូវបរិយាកា​សធុរកិច្ចអំណោយផល ដែលជាការលើកទឹកចិត្តបន្ថែមទៀត ដល់អ្នកវិនិយោគិនបរទេស ឲ្យមកបណ្តាក់ទុននៅកម្ពុជាប្រកបដោយភាពជឿជាក់”។

លោក Jun ARII នាយកគ្រប់គ្រងទូទៅនៃសាជីវកម្ម Mitsubishi បានថ្លែងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងតែផ្ដល់កិច្ចសហប្រតិបត្ដិការយ៉ាងល្អប្រសើរ លើការរៀបចំបរិយាកាសវិនិយោគកាន់តែប្រសើរឡើង និងបានជំរុញឲ្យបេស​កកម្មការងាររបស់លោក ពិសេ​សសាជីវកម្ម មីតស៊ូប៊ីស្សី ទទួលបានជោគជ័យដ៏ត្រចះត្រចង់មកដល់ថ្ងៃនេះ។

ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភី អ៊ិល ស៊ីលោកអ៊ិន ចាន់នីបាន​ថ្លែងថា បរិយាកាសវិនិយោគនៅកម្ពុជា ពិតជាមានភាពកាន់តែល្អប្រសើរ ដោយកម្ពុជាមានច្បាប់វិនិយោគដ៏ល្អ ដែលអនុញ្ញាត្តឲ្យជនបរទេសមានសិទ្ឋវិនិយោគ១០០ភាគរយនៅប្រទេសរបស់ខ្លួន ច្បាប់ពន្ឋរបស់កម្ពុជាមិនមានភាពស្មុគ្រស្មា​ញ និងការផ្ទេរសាច់ប្រាក់ចេញដោយមិនកាត់ពន្ឋ សុទ្ឋតែជាផ្នែកសំខាន់ៗដែល​បានទាក់ទាញអ្នកវិនិយោគអន្តរជាតិឲ្យមកវិនិយោគនៅកម្ពុជា។

លោកបន្តថា “មិនមានប្រទេសច្រើនទេ ដែលអនុញ្ញាត្តឲ្យជនបរទេសវិនិយោគ១០០ភាគរយ បើកក្រុមហ៊ុននៅប្រទេសរបស់ខ្លួន”៕

- Advertisement -
ចែករំលែក