រឿងគួរយល់ដឹង៖ តើការទិញលក់អចលនទ្រព្យត្រូវបង់ពន្ឋដូចម្តេច?

1

ដោយ គង់ សូរិយា

ភ្នំពេញ៖ និយាយពីការបង់ពន្ឋ មនុស្សមួយចំនួនមិនចង់បង់នោះទេ តែវាជាកាត​ព្វកិច្ចសង្គមរបស់មនុស្សម្នាក់ៗ នៅក្នុងសង្គមដែលត្រូវអនុវត្តន៍ ប៉ុន្តែអ្វីសំខាន់ដែលយើង​យកមកនិយាយនាពេលនេះ គឺនិយាយពីការបង់ពន្ឋលើវិស័យអចលនទ្រព្យ ការលក់ឬទិញ ត្រូវបង់ពន្ឋយ៉ាងដូចម្តេច?។

ការរត់ប្លង់កាត់ឈ្មោះគ្រប់គ្រងអចលនទ្រព្យ

តាមអ្នកជំនាញបានឲ្យដឹងថា តាមធម្មតាការទិញលក់ អចលនទ្រព្យអ្វីមួយមិនថាតែដីធ្លី ឬផ្ទះសម្បែងនានា ឬអចលនទ្រព្យផ្សេងៗឡើយ គឺត្រូវមានការកាត់ឈ្មោះពីម្ចាស់ដើមមកកាន់ម្ចាស់ទី២ ដែលជាភាគីអ្នកទិញអចលនទ្រព្យនោះបន្ត។ តម្លៃនៃការរត់ការដើម្បីកាត់ឈ្មោះ មានតម្លៃចន្លោះពី១៣០០ទៅ១៥០០ដុល្លារអាមេរិក និងចំណាយពេលប្រមាណ៣ខែ ប៉ុន្តែតម្លៃពិតប្រាកដកំណត់ដោយរដ្ឋាភិបាលគឺទាបជាងនេះ តែរយៈពេលនៃការកាត់ឈ្មោះត្រូវចំណាយពេលយូររហូតដល់៦ទៅ៨ខែ។

ប៉ុន្តែការរត់ការប្លង់ទន់មានតម្លៃប្រមាណ១០០០ដុល្លារអាមេរិក សម្រាប់ការបញ្ចប់​និតិវិធី។

ការបង់ពន្ឋលើការលក់អចលនទ្រព្យ

ដោយសារការបង់ពន្ឋអចលនទ្រព្យគឺជាកាតព្វកិច្ចសង្គម ដែលអ្នកលក់អចលនទ្រព្យមិនថាដីធ្លី ផ្ទះសម្បែង រោងចក្រ ឬប្រភេទអចលនទ្រព្យដទៃទៀត ត្រូវបង់ពន្ឋ៤ភាគរយនៃតម្លៃអចលនទ្រព្យ ដែលកំណត់ដោយរដ្ឋ ទោះជាដីនោះជាប្លង់ទន់ឬប្លង់រ៉ឹងក្តី ប៉ុន្តែតម្លៃបង់ពន្ឋក៏មានការប្រែប្រួលអាស្រ័យលើទំហំដី និងតម្លៃដីដែលបានលក់ចេញផងដែរ។

ករណីពិសេស

ប្រសិនជាអ្នកវិនិយោគទិញដី យកទុកលក់យកចំណេញជាលក្ខណៈបុគ្គលនៅពេ​លពួកគេលក់វិញ ពួកគេត្រូវបង់ពន្ឋ៤ភាគរយ ប៉ុន្តែប្រសិនជាទិញជាលក្ខណៈក្រុមហ៊ុន យកទុកលក់យកចំណេញ ពួកគេត្រូវបង់ពន្ឋ១០ភាគរយបន្ថែមទៀត លើប្រាក់ចំណេញ​របស់ខ្លួន។

ប្រសិនជាទិញដីយកមកសាងសង់ផ្ទះលក់ អ្នកវិនិយោគបែបនេះត្រូវបង់ពន្ឋ៤ភាគ​រយដល់ម្ចាស់កម្មសិទ្ឋនិមួយៗ ក្នុងករណីត្រូវបំបែកក្បាលដីនៃផ្ទះនិមួយៗ ជូនអតិថិជនរបស់ខ្លួន។

លើសពីនេះ បើអ្នកទិញដីយកធ្វើផលរបរកសិកម្ម ឬធ្វើស្រែចំការ ម្ចាស់ដីមិនតម្រូវ​ឲ្យបង់ពន្ឋនោះឡើយ ប៉ុន្តែប្រសិនជាត្រូវលក់ដីនោះឲ្យអ្នកដទៃទៀត ក៏ត្រូវជាប់កាតព្វកិច្ចពន្ឋ៤ភាគរយដដែល។

រយៈពេលនៃការរត់ប្លង់

នៅកម្ពុជាអាចមានករណីស្មុគ្រស្មាញច្រើន លើចំនួនប្រាក់ដែលត្រូវចំណាយ និងពេលវេ​លាជាក់លាក់ ដែលឯកសារទាំងអស់ត្រូវរៀបចំតាមនិតិវិធី។

ការផ្ទេរអចលនទ្រព្យពីប្លង់រ៉ឹង ទៅប្លង់រ៉ឹងមានរយៈពេលប្រមាណ៣ខែ។ ការរត់ប្លង់ទន់ទៅកាន់ប្លង់រ៉ឹងត្រូវចំណាយពេលរហូតដល់៦ខែ ហើយការរត់ផ្ទេរពីប្លង់ទន់ ទៅប្លង់ទន់ចំណាយពេលប្រមាណ១ខែប៉ុណ្ណោះ៕

- Advertisement -
ចែករំលែក