លោកជំទាវលឹម ឈីវហូ នៅតែមានសិទិដ្ឋិនិយមពីវិស័យអចលនទ្រព្យនៅកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ បោះជំហ៊ានចូលក្នុងវិស័យជំនួញក្នុងដើមទសវត្សរ៍ទី៩០ លោកជំទាវឧក​ញ៉ាលឹម ឈីវហូ ត្រូវបានគេស្គាល់ឈ្មោះត្រឹមជាថៅកែស្រី ប៉ុន្តែ​ក្រោយមកលោកស្រី ត្រូវបានមជ្ឈដ្ឋានអ្នកជំនូញជាតិ អន្តរជាតិទទួលស្គាល់ពីជោគជ័យ និងកេរ្ត៍ឈ្មោះលោកស្រីកាន់តែច្រើន។

លោកជំទាវបានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយ ជាមួយលោកលាងគង់ យិន ស្ថាបនិកនិងអគ្គនាយកគេហទំព័រ Propertyarea.asia ដើម្បីលើកឡើងពីការចាប់ផ្តើម​ជំនួញ និងភាពជោគជ័យរបស់លោកស្រី។

តើវិស័យអចលនទ្រព្យអ្វីថ្មី ដែលលោកជំទាវគ្រោងចាប់ផ្តើមវិនិយោគលើវិនិ​យោគបន្ថែម?

ក្រៅពីតំបន់សេដ្ឋកិច្ចពិសេស ដែលជួយដល់ប្រទេសជាតិច្រើន យើងក៏បាន និងកំពុងធ្វើការវិនិយោគលើវិស័យអចលនទ្រព្យផងដែរ នៅតាមខេត្ត និងនៅរាជធានីភ្នំពេញនៅពេលខាងមុខ។ គំរោងនេះគ្រោងបោះទុនទំហំ១៣០លានដុល្លារអាមេរិក។ គំរោងថ្មីនេះ រួមមានខុនដូ និងផ្សារទំនើប។ គំរោងនេះធ្វើឡើងដោយសហការជាមួយអ្នកវិនិយោគបរទេស។

ខ្ញុំមិនទាន់អាចនិយាយពីគំរោងនេះទេ ព្រោះក្រុមហ៊ុនរបស់ខ្ញុំចូលផ្សារហ៊ុន ហេតុនេះពេលគំរោងនេះចាប់ផ្តើមជាផ្លូវការ ខ្ញុំនឹងប្រកាសឲ្យដឹងហើយ។

នៅក្នុងពេលនេះស្ថានភាពការលក់លំនៅដ្ឋាន ខុនដូ ហាក់មានការថម​ថយ​ល្បឿន ហេតុអ្វីលោកជំទាវចាប់ផ្តើមគំរោងធំក្នុងកំឡុងពេលនេះ?

ខ្ញុំគិតថាទីផ្សារអចលនទ្រព្យមិនថមថយទេ យើងត្រូវសិក្សាទីផ្សារឲ្យបាន​ច្បាស់លាស់ ព្រោះឥឡូវនេះអ្នកវិនិយោគនៅបរទេស កំពុងសម្លឹងមកស្រុកខ្មែរ ដែលកំពុងមានការអភិវឌ្ឍយ៉ាងលឿន។ ហេតុនេះបើយើងជ្រើសរើសដៃគូត្រូវ និងវិនិយោគគំរោងខុនដូ និងលំនៅដ្ឋាន គឺយើងនៅតែអាចលក់បាន។ ខ្ញុំគិតថាតម្រូវការអចលនទ្រព្យនៅតែកើនឡើង តែយើងត្រូវចាប់ដៃគូឲ្យត្រឹមត្រូវ។

បើសិនជាប្រមើលមើលរយៈពេល១០ឆ្នាំខាងមុខ តើលោកជំទាវមើលឃើញវិស័យអចលនទ្រព្យនៅកម្ពុជានឹងបន្តរីកចំរើនឬយ៉ាងណា?

ខ្ញុំគិតថាវិស័យអចលនទ្រព្យនឹងបន្តរីកចំរើនបន្តទៀត ទោះជាមានការព្រួ​យបារម្ភរបស់ឧកញ៉ាមួយចំនួន គ្រោងស្ពាយលុយចេញក្រៅប្រទេស ដោយ​សារបារម្ភ ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាពេលខាងមុខក្តី ប៉ុន្តែក្នុងនាមខ្ញុំជាអ្នកវិនិយោគក្នុងស្រុក ខ្ញុំនៅតែជឿជាក់លើសន្តិភាព ស្ថិរភាពរបស់ប្រទេស និងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគបរទេសថា ប្រទេសយើងនឹងបន្តរីកចំរើនបន្តទៀត។

ថ្មីៗនេះខ្ញុំបានជួបក្រុមហ៊ុនចិនធំៗ៧ទៅ៨ក្រុមហ៊ុន ដែលបានមកស្វែងរកឳកាសវិនិយោគនៅកម្ពុជា ហើយមានអ្នកវិនិយោគជាច្រើនទៀតកំពុងចូលមកកម្ពុជា ហេតុនេះខ្ញុំនៅតែជឿជាក់ថាកម្ពុជានឹងបន្តរីកចំរើន។ នៅប្រទេសថៃមាន​ក្រុមហ៊ុនជប៉ុនរាប់ម៉ឺន បើពួកគេមកវិនិយោគនៅកម្ពុជាតែ២ភាគរយ និងចិនជួយ​បន្តក់អ្នកវិនិយោគតែបន្តិចបន្ថែមទៀត យើងអាចធ្វើជាអ្នកមានទាំងអស់គ្នាបាន។

ជារួមវិស័យនេះនឹងបន្តរីកចម្រើនរយៈពេលវែងបន្តទៀត ដោយសារការ​ចូលមកដល់នៃក្រុមហ៊ុនវិនិយោគថ្មីៗ និងលក្ខខ័ណ្ឌនយោបាយ កំនើនសេដ្ឋកិច្ច​និងប្រព័ន្ឋច្បាប់បទដ្ឋានគតិយុត្តិដ៏ទាក់ទាញរបស់ប្រទេសនេះ៕

- Advertisement -
ចែករំលែក