លោកឧកញ៉ា លី ហួរ បង្ហើបពីយុទ្ឋសាស្រ្តធ្វើឲ្យក្រុមហ៊ុនទទួលជោគជ័យ

0

ដោយ គង់ សូរិយា

ភ្នំពេញការបង្កើតក្រុមហ៊ុនមួយ ជាការងាយស្រួលទេ ប៉ុន្តែដើម្បីឲ្យក្រុមនោះទទួលបានជោគជ័យប្រកបដោយនិន្តរភាព ​មិនមែនជាការងាយស្រួលនោះទេ ដូច្នេះការមានផែនការច្បាស់លាស់ពិតជាមានសារៈសំខាន់ណាស់។

លោកឧកញ៉ាលី ហួរអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបដែលមានក្រុមហ៊ុនជា​បុត្រសម្ព័ន្ឋចំនួន៨ និងមានបុគ្គលិកបំរើការងារប្រមាណ១៥០០នាក់បានមានប្រ​សាសន៍ឲ្យគេហទំព័រ Propertyarea.asia ដឹងនាព្រឹកថ្ងៃទី២០ មិនានេះថា ការបង្កើ​ត​ក្រុមហ៊ុនមួយ អ្នកវិនិយោគត្រូវគិតលើកត្តាជាច្រើន ដោយទី១ ត្រូវសិក្សាពីទីតាំង នៃអាជីវកម្មរបស់ខ្លួនថា តើសមស្របសម្រាប់អាជីវកម្មរបស់ខ្លួនឬអត់ ទី២ ត្រូវសិក្សាពីទីផ្សារ និងដៃគូប្រកួតប្រជែងរបស់យើងច្រើនឬតិច មានដៃគូខ្លាំងប៉ុន្មានក្រុមហ៊ុន? ទី៣ អ្វីជាផែនការរបស់យើងពិតប្រាកដ ពេលរកឃើញហើ​យត្រូវយកមកប្រៀបធៀបជាមួយដៃគូ ប្រកួតប្រជែងរបស់យើងនៅតំបន់នោះ។

ទី៤ បើសិក្សារួចហើយឃើញថាគំរោងរបស់យើងល្អ មានទីផ្សារល្អ និងអាចប្រកួតជាមួយដៃគូអាជីវកម្មរបស់យើងបាន យើងធ្វើអាជីវកម្មនោះនឹងទទួល​ជោគជ័យហើយ ទី៥ យើងត្រូវសិក្សាពីតម្លៃផលិតផលរបស់យើងផងដែរ បើវាមានតម្លៃសមរម្យ និងអាចប្រកួតប្រជែងបាន យើងអាចាប់ផ្តើមបានហើយ។ លើ​សពីនេះ យើងក៏ត្រូវសិក្សាពីមូលដ្ឋានហិរញ្ញវត្ថុរបស់យើងផងដែរ ដើម្បីធ្វើឲ្យប្រាកដថា គំរោងរបស់​យើងដើរទៅមុខ ដោយគ្មានឧបសគ្គហិរញ្ញវត្ថុ។

លោកឧកញ៉ា លី ហួរ បានបញ្ជាក់ថា “បើយើងមិនបានសិក្សាពីទីផ្សារ ពីផលិតផលរបស់យើង ពីដៃគូប្រកួតប្រជែងរបស់យើង ហើយយើងចេះតែធ្វើតាម​ការនឹកឃើញ គឺយើងពិបាកទទួលបានជោគជ័យណាស់”។

លោកបន្តថា  ការបើ​កក្រុមហ៊ុនមួយៗ ក៏ត្រូវគិតពីលទ្ឋភាពរបស់យើងសិនថា យើងចង់ធ្វើអី បើយើង​ចង់វិនិយោគលើវិស័យអចលនទ្រព្យ បើយើងគិតថាចង់សង់ផ្ទះលក់ យើងត្រូវដឹងថា តំបន់នោះតម្រូវទីផ្សារប្រជាជនក្រុមណា ហើយ​ចង់ផ្ទះលក់ក្នុងតម្លៃប៉ុន្មាន ទើបអាចរកចំណេញបាន ហើយបើសង់ហើយមានអ្នកទិញឬទេ នោះជាចំណុចដ៏សំខាន់ ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ និងទទួលបានជោគជ័យ។

លោកឧកញ៉ាលី ហួរបានបន្តថា “អ្វីដែលយើងធ្វើ គឺត្រូវគិតដល់សុភាសិតខ្មែរយើងមួយ ដែលបានលើកឡើងថា “គិតហើយ សឹមគូរ ព្រោះបើយើងគូរហើយ​ចាំ គិតពិតជាពិបាកជោគជ័យហើយ”៕

- Advertisement -
ចែករំលែក