វិភាគ៖ ប្រវត្តិសាស្រ្តឈានមករកភាពច្រំដែលបន្ទាប់ពីជំនួបបងប្អូនកូរ៉េទាំងពីរ

0

ដោយ លាងគង់ យិន ស្ថានិក គេហទំព័រ Propertyarea.asia

ព្រះអាទិត្យនៅឧបទ្វីបកូរ៉េកំពុងបាំងដោយពពកខ្មៅ បន្ទាប់ពីការដុតកំឡោចដោយចេតនារបស់សហរដ្ឋអាមេរិក តាមរយៈសមយុទ្ឋយោធាដ៏ធំរវាងកូរ៉េខាងត្បូង និងសហរដ្ឋ​អាមេរិក ដោយមានការចូលរួមពីយន្តហោះចម្បាំង១០០គ្រឿង ដែលកូរ៉េខាងជលងចាត់ទុកថា ជាសមយុទ្ឋដើម្បីត្រៀមឈ្លានពានប្រទេសរបស់ខ្លួន។

នៅថ្ងៃនេះជំនួបកម្រិតខ្ពស់មួយរវាងបងប្អូនកូរ៉េទាំងពីរ ត្រូវបានកូរ៉េខាងជើង ប្រកា​សលុបចោល និងព្រមានលុបចោលជំនួបកំពូលជាប្រវត្តិសាស្រ្ត រវាងប្រធានាធិបតីគីម ជងអ៊ុន និងលោកដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។

សូមមើលការវិភាគថ្មីៗនេះ របស់ស្ថាបនិកនិងជាអគ្គនាយកគេហទំព័រសេដ្ឋកិច្ច និងអចលនទ្រព្យឈានមុខគេ Propertyarea.asia ក្នុងថ្ងៃជំនួបជាប្រវត្តិសាស្រ្តលើកទី៣រវាងបងប្អូនកូរ៉េទាំងពីរ។

ប្រវត្តិសាស្រ្តថ្មីបានចាប់ផ្តើមនៅឧបទ្វីបកូរ៉េ ព្រះអាទិត្យថ្មីកំពុងរះនៅលើទឹកដីកូរ៉េខាងជើង ប៉ុន្តែតើព្រះអាទិត្យនេះនៅបន្តស្រអ័ព្ទ ឬរះចែងចាំង អាស្រ័យលើពេលវេលាជា អ្នកបង្ហាញ និងការប្រកាន់យកជំហររបស់មេដឹកនាំកូរ៉េទាំងពីរ។

រំលត់ភ្លើង

ជាមួយការចាប់ផ្តើមចាប់ដៃគ្នា និងការឆ្លើយឆ្លងគ្នាជាពាក្យសម្តីដ៏រញ្ជួយចិត្តដល់គ្នា ទៅវិញទៅមក នៃមេដឹកនាំកូរ៉េទាំងពីរនៅថ្ងៃនេះ វាមិនមែនជាសញ្ញានៃការបង្រួបបង្រួមកូរ៉េទាំងពីរភ្លាមៗទេ ប៉ុន្តែជាសញ្ញានៃការនាំមកនូវសន្តិភាព និងអាចរំលត់ភ្លើងនៅលើឧបទ្វីប​កូរ៉េ ដែលបងប្អូនទាំងពីរបានបែកគ្នា ក្នុងសម័យសង្រ្គាមត្រជាក់កំឡុងទសវត្សរ៍ចន្លោះឆ្នាំ១៩៥០ ១៩៥៣។

ឥរិយាបទនៃមេដឹកនាំកូរ៉េទាំងពីរ លោកម៉ូន ជេអ៊ីនប្រធានាធិបតីកូរ៉េខាងត្បូង និង​ប្រធានាធិបតីកូរ៉េខាងជើង លោកគីម ជុងអ៊ុន ហាក់នៅមិនទាន់បង្ហាញសន្តិភាពផ្លូវចិត្តនៅឡើយទេ។ មិនទាន់មានសន្តិភាពយ៉ាងដូចម្តេច? គឺយើងសង្កេតឃើញថាជំនួបនាព្រឹកថ្ងៃទី២៧ មេសានេះ ធ្វើឡើងនៅលើទឹកដីកូរ៉េខាងត្បូង ប៉ុន្តែនៅពេលបិទជំនួបប្រជុំ ដើម្បីទទួលទានអាហារ មេដឹកនាំកូរ៉េខាងជើងហាក់បង្ហាញចេតនាយកប្រៀបវិញ ដោយទាញដៃមេដឹកនាំកូរ៉េខាងត្បូង មកជាន់ទឹកដីកូរ៉េខាងជើងវិញ។

ជាលទ្ឋផលបឋមនៃជំនួបនេះ មានតែពាក្យសម្តីមួយឃ្លាគួរឲ្យចាប់អារម្មណ៍ពីមេដឹកនាំកូរ៉េខាងជើង ដែលបានលើកឡើងថា “ខ្ញុំនឹងមិនរំខានដំណេករបស់អ្នក នាពេលព្រឹកព្រហាមទៀតនោះឡើយ”។ សម្តីមួយឃ្លានេះ អាចបញ្ជាក់ផងដែរថា មេដឹកនាំកូរ៉េខាងជើងហាក់បន្ទន់ឥរិយាបទ ហើយនឹងមិនសាកល្បងអាវុធមហាប្រល័យរបស់ខ្លួនទៀតនោះឡើយ ប៉ុន្តែវាមានរយៈពេលយូរប៉ុណ្ណា អាស្រ័យលើទំនាក់ទំនង សម្ពាធ និងឥទ្ឋិពល​នៃមនោគមវិជ្ជានាពេលខាងមុខ។

ជំនួបប្រជុំរយៈពេលពេញមួយថ្ងៃ ការដាំដើមស្រល់រួមគ្នានៅទីលានធ្លាប់បង្ហូរឈាមរវាងប្រជាជាតិទាំងពីរ និងមានការជួបជុំគ្នាទទួលទានអាហារសាមគ្គីនាពេលល្ងាចមុនបែកគ្នា ពិតណាស់លទ្ឋផលនៃជំនួបនេះ ពិតជាមានសញ្ញាវិជ្ជមានច្រើនជាងកិច្ចប្រជុំដែលបានធ្វើឡើងកំឡុងឆ្នាំ២០០០រវាងលោកគីម ដេជុងប្រធានាធិបតីកូរ៉េខាងត្បូង និងលោកគីម ជូលអ៊ីលប្រធានាធិបតីកូរ៉េខាងជើង  និងជំនួបលើកទី២នៅឆ្នាំ២០០៧ រវាងប្រធានា​ធិបតីកូរ៉េខាងត្បូងរ៉ូម៉ូយ៉ុន និងលោកប្រធានាធិបតីកូរ៉េខាងជើងគីម ជុងអ៊ីល។

ប្រវត្តិសាស្រ្តអាចច្រំដែលឬទេ?

សំណួរធំមួយនៅថ្ងៃនេះថា តើប្រវត្តិសាស្រ្តអាចច្រំដែលឬទេ? ខណៈជំនួបលើកទី១ ឆ្នាំ២០០០ និងជំនួបលើកទី២ ឆ្នាំ២០០៧ មេដឹកនាំកូរ៉េទាំងពីរបានយល់ព្រមធ្វើឲ្យមានសិទ្ឋិសញ្ញាសន្តិភាពនៅព្រំដែនរវាងប្រទេសទាំងពីរ ពិសេសការរំសាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប៉ុន្តែស្របពេលមានការផ្លាស់ប្តូរ​មេដឹកនាំនៅកូរ៉េខាងត្បូង និងការលូកដៃពីមហាអំណាចធំពីរ សិទ្ឋិសញ្ញាសន្តិភាពនោះមិនត្រូវបានចុះហត្ថលេខា និងអនុវត្តន៍នោះទេ។

ហេតុនេះអ្វីដែលត្រូវសួរបន្ថែមទៀតគឺថា តើជំនួបលើកទី៣ ដែលមានការគាំទ្រពីមេដឹកនាំសហរដ្ឋអាមេរិកលោកដូណាល់ត្រាំ ដែលចង់បន្ថយឥទ្ឋិពលមហាមិត្តិចិន និងបំណងទទូចរបស់កូរ៉េខាងត្បូង ដែលចង់បង្រួបបង្រូមកូរ៉េទាំងពីរ អាចប្រែក្លាយទៅជាយ៉ាងណា ឬប្រវត្តិសាស្រ្តច្រំដែល(មិនអាចអនុវត្តន៍បាន) វិលចូលមកវិញឬអត់ អាស្រ័យដោយសារឥទ្ឋិពលនៃសេដ្ឋកិច្ច និងមនោគមវិជ្ជានយោបានាពេលខាងមុខ។

តើបងប្អូនទាំងពីរអាចបង្រួបបង្រួមគ្នាបានឬទេ?

ពាក្យបង្រួបបង្រូមងាយស្រួលសរសេរ និងនិយាយចេញពីមាត់ ប៉ុន្តែការបង្រួបប  ង្រួមពិតប្រាកដ ពិតជាត្រូវការពេលវេលា និងឆន្ទៈពិតប្រាកដរវាងមេដឹកនាំទាំងពីរ។ វាមិនមែនងាយស្រួលក្នុងការអនុវត្តនោះទេ ខណៈមហាអំណាចបី(សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី) កំពុងនៅពីក្រោយប្រទេសទាំងពីរនេះ និងមិនចង់ឲ្យប្រទេសទាំងពីរបង្រួបបង្រូមគ្នាឡើយ។

ជម្រើសសមស្របរវាងបងប្អូនកូរ៉េ គឺការធ្វើយ៉ាងណាឲ្យមានសិទ្ឋិសញ្ញាសន្តិភាពកើតឡើងជាមុន និងមានការចុះហត្ថលេខាដោយមេដឹកនាំទាំងពីរ និងការបង្ហូរទុនវិនិយោគពីសំណាក់កូរ៉េខាងត្បូង ចូលប្រទេសកូរ៉េខាងជើង ដើម្បីឲ្យជីវភាពប្រជាជនកូរ៉េខាងជើងប្រសើរឡើង ពិសេសការយល់ដឹងពីពិភពខាងក្រៅ របស់ប្រជាជនកូរ៉េខាងជើងជាមុន​សិន ទើបការបង្រួបបង្រួមរវាងបងប្អូនទាំងពីរអាចធ្វើទៅបាន។ នេះមិនទាន់គិតពីឥទ្ឋិពលនៃមនោគមវិជ្ជាមនោគមវិជ្ជានយោបាយ និងឥទ្ឋិពលសេដ្ឋកិច្ចដែលមហាយក្សចិន និងអាមេរិក យកប្រៀបលើគ្នានៅឧបទ្វីបកូរ៉េនៅឡើយ។

ជាមួយគ្នានេះ កូរ៉េទាំងពីរក៏ត្រូវត្រៀមខ្លួន ដោះស្រាយបញ្ហាប្រឈមចំពោះមុខផងដែរ មុនពេលការបង្រួបបង្រួមកើតមានឡើង។

អម្រែកពីរធ្លាក់ទៅលើកូរ៉េខាងជើង

ការសម្រេចចិត្តមួយដោយច្បាស់លាស់ ក្នុងការងាកទៅកាន់មហាអំណាចណាមួយ ជារឿងឈឺក្បាលបំផុតរវាងមេដឹកនាំកូរ៉េខាងជើង ពី្រោះការងាកទៅកាន់សហរដ្ឋអាមេរិក ក៏ដូជាកូរ៉េខាងត្បូង វានឹងជាការវាយសំពងក្បាលមហាយក្សចិនដ៏ធ្ងន់ធ្ងរមួយ ព្រោះកូរ៉េខាងជើងបានរស់រាន និងមានដង្ហើមសេដ្ឋកិច្ច ក៏ដោយសារចិនជាអ្នកនៅពីក្រោយរាប់ទស​វត្សរ៍មកហើយ។

ប៉ុន្តែបើសិនជាកូរ៉េខាងជើងនៅតែរក្សាភ័ក្តីភាព របស់ខ្លូនជាមួយមហាយក្សចិន ទំ​នាក់ទំនងរវាងកូរ៉េខាងជើង ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង អាចតានតឹងជាថ្មី ហើយលទ្ឋផលនៃជំនួបលើកទី៣នេះ អាចប្រែក្លាយជាមោឃក៏ថាបាន ព្រោះចិត្តមនុស្សអាចប្រែប្រួល អាស្រ័យលើផលប្រយោជន៍ អំណាច និងមនោសញ្ចេតនាបុគ្គល។

ហេតុនេះកូរ៉េខាងជើង និងខាងត្បូងអាចស្តារនូវទំនាក់ទំនងល្អ នឹងគ្នាឡើងវិញ តាមរយៈជំនួបបងប្អូន ដែលបានបែកគ្នាក្នុងសង្រ្គាមឧបទ្វីបកូរ៉េ និងការផ្តល់ផលប្រយោ​ជន៍ពីកូរ៉េខាងត្បូងទៅកាន់កូរ៉េខាងជើងដ៏ក្រីក្រ ដើម្បីធ្វើឲ្យទឹកដីដែលមានទំហំធំជាងខ្លួនជិត២ដងនេះ ស្ថិតក្នុងវាលរហោស្ថានឡើយ។

មហាយក្សចិន

មហាយក្សចិនពិតជាមានរឿងឈឺក្បាលមិនតិចទេ និងកំពុងរង់ចាំអ៊ុតលទ្ឋផលនៃជំនួបបងប្អូនកូរ៉េទាំងពីរ ប៉ុន្តែទោះមានលទ្ឋផលបែបណាក្តី ក៏ចិននឹងមិនបណ្តោយឲ្យសហរដ្ឋអាមេរិកមក “ខោកក្បាលរបស់ខ្លួនទទេៗនោះទេ ព្រោះទី១ វានឹងធ្វើឲ្យខាតផលប្រយោជន៍ចិនដោយផ្ទាល់ទៅលើសេដ្ឋកិច្ច ទី២ នឹងធ្វើឲ្យឥទ្ឋិពលចិនចុះខ្សោយនៅតំបន់នេះ ព្រោះប្រសិនជាកូរ៉េខាងជើងងាកមកសហរដ្ឋអាមេរិក ចិននឹងបាត់បង់ភូមិសាស្រ្តនយោបាយរបស់ខ្លួន ហេតុនេះ​ចិននឹងបង្ហូរធនធានរបស់ខ្លួនច្រើន តាមដែលអាចធ្វើទៅបានដើម្បីវិបុលភាពកូរ៉េខាងជើង ដើម្បីទប់ទល់ឥទ្ឋិពលលោកខាងលិច។

សង្រ្គាមត្រជាក់ច្បាស់ណាស់នឹងកើតឡើង និងមានសភាពកាន់តែធ្ងន់ធ្ងរនៅលើឧបទ្វីបនេះ ហេតុនេះកូរ៉េខាងជើងក៏អាចជួបទ្វេរគ្រោះផងដែរ ប្រសិនជាត្រូវមហាអំណា​ចទាំងពីរលូកកកូរកកាយផ្ទៃក្នុងរបស់ខ្លួនកាន់តែធ្ងន់ធ្ងរ។

ភក្តីភាពពិតជាមានសារៈសំខាន់ក្នុងសង្គមមនុស្ស ប៉ុន្តែអ្វីសំខាន់ជាងនេះគឺក្រពះ ដែលពេលនេះកូរ៉េខាងជើង កំពុងស្វះស្វែងរកធនធាន ដើម្បីបំពេញក្រពះប្រជាជាតិរបស់ខ្លួន និងអាចនាំវិបុលភាពដល់ប្រជាជនខ្លួន បន្ថែមទៀតនាពេលអនាគត។ នេះជាកត្តាសត្យានុម័ត មិនអាចប្រកែកបានរបស់មេដឹកនាំកូរ៉េខាងជើងដ៏ឯកោនោះ។

ដោយមើលឃើញការគំរាមកំហែងចំពោះមុខ ប្រធានាធបិតីដ៏មានឥទ្ឋិពលរបស់ចិនលោកហ្ស៊ី ជីនពីង ក៏បានអញ្ជើញមេដឹកនាំកូរ៉េខាងជើងមកជួប ជាមួយខ្លួនកាលពីចុងខែមិនាកន្លងមកនេះ។ ជំនួបនេះពិតជាសារច្បាស់លាស់រួចហើយថា “ចិនមិនព្រងើយកន្តើយចំពោះបញ្ហានេះទេ ហើយក៏មិនទុកឲ្យប្រជាជនកូរ៉េបន្តអត់ឃ្លានទៀតដែរ។ ចិនច្បាស់ណាស់នឹងបង្ហូរទុកវិនិយោគរាប់ពាន់លានដុល្លារ ដើម្បីពង្រីកមូលដ្ឋានសេដ្ឋកិច្ចនៅ​ទឹកដីកូរ៉េខាងជើងនាពេលអនាគតឆាប់ៗនេះ។

សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិកមានយុទ្ឋសាស្រ្តពីរ គឺប្រើលុយ និងអាវុធដើម្បីគ្រប់គ្រងពិភពលោក ហើយចេតនារបស់សហរដ្ឋអាមេរិកច្បាស់លាស់ ចង់បំបាក់មុខមហាយក្សចិន កាត់បន្ថ​យឥទ្ឋិពលចិននៅក្នុងឧបទ្វីបនេះ និងដើម្បីរំសាយកម្មវិធីអាវុធមហាប្រល័យរបស់ប្រទេសកូរ៉េខាងជើង ដើម្បីកាត់បន្ថយការគំរាមគំហែងពីឧបទ្វីបនេះ ព្រោះសហរដ្ឋអាមេរិកដឹងច្បាស់ណា​ស់ថា កូរ៉េខាងជើងពិតជាផលិតអាវុធមហាប្រល័យ(បរមាណូ)បាន ដែលមិនត្រឹមតែអាច​គំរាមដល់អាមេរិកខ្លួនឯងទេ តែក៏ជាការគំរាមដល់សម្ព័ន្ឋមិត្តរបស់ខ្លួនដូចជា ជប៉ុន និងកូរ៉េខាងត្បូងផងដែរ។

ប្រធានាធិបតីសហដ្ឋអាមេរិកលោកដូណាល់ ត្រាំបានប្រកាសស្វាគមន៍រួចហើយ នូវជំនួបរវាងបងប្អូនកូរ៉េទាំងពីរ ហើយបានបង្ហើបពីកាលវិភាគ ដើម្បីជួបជាមួយេដឹកនាំកូរ៉េខាងជើងយ៉ាងគឃ្លើនពី៣ឬបួនដងផងដែរ។

ជាមួយនឹងយុទ្ឋសាស្រ្តកាទូតផង និងការគំរាមកំហែងផង ជាថ្មីម្តងទៀតសហរដ្ឋអាមេរិកកំពុងប្រើប្រាស់យុទ្ឋសាស្រ្តដ៏ប៉ិនប្រសព្វរបស់ខ្លូន ដូចជាទី១ យុទ្ឋសាស្រ្តកាទូត ទី២ បំបែកភូមិសាស្រ្តនយោបាយ ទី៣ ការស្រោចស្រព និងគំរាមគំហែងផ្នែកសេដ្ឋកិច្ច និងទី៤ យុទ្ឋសាស្រ្តប្រើប្រាស់យោធា និងអាវុធយុទ្ឋភ័ណ្ឌ។

ជាក់ស្តែងកំពុងដាក់សម្ពាធចិនជាថ្មី ដោយប្រកាសធ្វើសមយុទ្ឋរួមគ្នាជាមួយប្រទេសជប៉ុននៅក្បែរសមុទ្រចិនខាងត្បូង និងកោះអូគីណាវ៉ា ជាមួយកងកំលាំងទ័ពអាកាសដោយប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែប B52 ដែលជាការធ្វើសមយុទ្ឋបណ្តុះបណ្តាលមួយ ប៉ុន្តែមានចេតនាច្បាស់លាស់មួយគឺ “គំរាមមហាយក្សចិន” ខណៈមហាយក្សចិនពេលនេះកំពុងតែស្ថិតក្នុងភាពស្ងប់ស្ងាត់នៅឡើយ។

ជាមួយនឹងគោលដៅចង់រំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង របស់សហរដ្ឋអាមេ​រិក កូរ៉េខាងជើងបានផ្ញើរសារដ៏ច្បាស់លាស់ និងបានប្រកាសរួចទៅហើយថា “ខ្លួនបានរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនរួចទៅហើយ”។

តើកូរ៉េខាងជើងពិតជារំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ?

មិនចាំបាច់ឆ្ងល់ទេ ការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ នឹងធ្វើតាមរយៈពាក្យសម្តី ប៉ុន្តែការអនុវត្តន៍ជាក់ស្តែង គឺដូចពាក្យគេនិយាយបញ្ឍឺថា “ទាល់តែយូរ” ព្រោះការកសាង​មូលដ្ឋានអាវុធនុយក្លេអ៊ែរ មិនត្រឹមតែចំណាយអស់ធនធានដ៏ច្រើន ពេលវេលាដ៏យូរអង្វែ​ង និងលំបាកលំបិនប៉ុណ្ណោះទេ ប៉ុន្តែវាជារនាំងដ៏ធំមួយដើម្បីការពារអធិបតេយ្យភាពប្រទេសរបស់ខ្លួន និងទុកប្រើជាស្នៀតដើម្បីទាញយកផលប្រយោជន៍ សម្រាប់ប្រទេសរបស់ខ្លួន ពិសេសពីមហាអំ​ណាចនានា។

មេដឹកនាំកូរ៉េខាងជើងដឹងច្បាស់ណាស់ថា “បើសិនជាខ្លួនគ្មានអាវុធនុយក្លេអ៊ែរពិ​ភ​ពលោកនឹងមិនចាប់អារម្មណ៍ និងមិនមកស្វះស្វែងរកការចចាជាមួយប្រទេសរបស់ខ្លួន​នោះទេ”។ ការចចារមានឈ្នះ និងចាញ់ ប៉ុន្តែនៅក្នុងនោះបង្កប់ផលប្រយោជន៍ដ៏សម្បើមមួយ សម្រាប់ប្រជាជាតិរបស់ខ្លួន។

ហេតុនេះ កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង អាចគ្រាន់តែជាការផ្អាកមួយ    រយៈ ដើម្បីសម្រន់កំហឹងមជ្ឈដ្ឋានអន្តរជាតិ ពិសេសពីសហរដ្ឋអាមេរិកប៉ុណ្ណោះ ប៉ុន្តែកម្មវិធីនេះអាចចាប់ផ្តើមឡើងវិញនៅគ្រប់ពេលវេលា អាស្រ័យលើភាពតានតឹងរវាងប្រជាជាតិនានាលើសាកលលោកប៉ុណ្ណោះ។

រុស្ស៊ី

មហាអំណាចមួយទៀត ដែលស្ថិតនៅជាប់គ្នាជាមួយកូរ៉េខាងជើងផងដែរ គឺយើងមិនអាចភ្លេចតោទឹកកក “រុស្ស៊ី”នោះឡើយ ព្រោះមហាអំណាចមួយនេះ ក៏មាន​ផលប្រយោជន៍ជាមួយកូរ៉េខាងជើងមិនតិចនោះទេ ហើយព្រំដែនប្រទេសទាំងពីរ និងម​នោគមវិជ្ជានយោបាយក៏មិនសូវខុសគ្នានោះទេ ព្រោះប្រទេសទាំងពីរអាចនិយាយថា“មានសត្រូរួមគ្នា” គឺសហរដ្ឋអាមេរិកនេះឯង។

ដូច្នេះប្រសិនជាកូរ៉េខាងជើង ប្រែជាល្អូកល្អើនខ្លាំងជាមួយអាមេរិក វាសនារុស្ស៊ីមិនខុសគ្នា នឹងមហាអំណាចចិននោះទេ គឺដូចជាត្រូវមួយព្រនង់ថែមទៀតពីអាមេរិក ដើម្បីបន្ថ​យឥទ្ឋិពល និងខាតបង់ផលប្រយោជន៍ជាមួយកូរ៉េខាងជើង។

ជម្រើសល្អសម្រាប់កូរ៉េខាងជើង

ជាមួយនឹងពេលវេលានេះ កូរ៉េខាងជើងអាចចាប់យកឳកាសមាសបាន ដើម្បីផ្តល់​ផលប្រយោជន៍ដល់ប្រជាជាតិរបស់ខ្លួន ដោយទាញយកផលប្រយោជន៍ពីបងប្អូនកូរ៉េខ្លួនឯងផង (កូរ៉េខាងត្បូង) ពីមហាអំណាចចិនផង ពីរុស្ស៊ីផង និងពីមហាអំណាចសហរដ្ឋអាមេរិកផង តាមរយៈការប្រើប្រាស់យុទ្ឋសាស្រ្តកាទូតដ៏ប៉ិនប្រសព្វ គឺគ្មានមិត្ត និងគ្មានសត្រូវជាមួយអ្នកណាម្នាក់នោះឡើយ។

ក្នុងទំនាក់ទំនងអន្តរជាតិ(កាទូត) បច្ចុប្បន្នគេមិនអាចមិននិយាយពីផលប្រយោជន៍នោះទេ យុត្តិធ៌មនិងសីលធ៌មមានតែលើក្រដាសប៉ុណ្ណោះ។ ហេតុនេះផងប្រយោជន៍ជាច្រើន ស្ថិតនៅចំពោះមុខមេដឹកនាំកូរ៉េខាងជើងរួចទៅហើយ ដូច្នេះការទាញយកបានផលប្រយោជន៍ពីកាលានុវត្តន៍ភាពមាសនេះបានច្រើនប៉ុណ្ណា អាស្រ័យលើភាពប៉ិនប្រសព្វរបស់ខ្លួន។

ដូច្នេះកូរ៉េទាំងពីរ គួរទុកពេលវេលានៃការបង្រួបបង្រួមបងប្អូនទាំងពីរ មួយឡែក ប៉ុន្តែយកសន្តិភាពមកដាក់នៅលើតុ ដើម្បីធានាឲ្យមានសន្តិភាពផ្លូវចិត្តទាំងអស់គ្នាសិន ដោយទុកឲ្យពេលវេលាជាអ្នកបង្ហាញ និងឈានទៅបង្កើតយក្សសេដ្ឋកិច្ច​ថ្មីមួយក្នុងពិភពលោកមិនទាន់ហួសពេលនោះទេ៕

- Advertisement -
ចែករំលែក