សម័យខុនដូ៖ មុនសម្រេ​ចចិត្តទិញគួរពិនិត្យមើលលើកត្តាអ្វីខ្លះ?

0

ដោយ គង់ សូរិយា

ភ្នំពេញទីក្រុងភ្នំពេញបាននាំមកនូវកេររ្ត៍ដំណែលថ្មីមួយ ក្នុងវិស័យសំណង់ នោះគឺអាគារខុនដូខ្ពស់ៗ ដែលបានក្លាយជាទីចាប់អារម្មណ៍ ពីអ្នកវិនិយោគជាតិ​អន្តរជាតិ។

ការរស់នៅខុនដូ នឹងផ្តល់នូវបែបផែនជីវិតថ្មីមួយ សម្រាប់ប្រជាជនកម្ពុជា ដែលភាគច្រើនពួកគេមិនធ្លាប់បានរស់នៅតាមខុនដូនៅឡើយ។

ប៉ុន្តែមុនសម្រេចចិត្តទិញ ឬវិនិយោគខុនដូសម្រាប់លក់យកចំណេញនាពេ​លអនាគត អ្នកទិញឬអ្នកវិនិយោគគួរគិតលើបញ្ហាអ្វីខ្លះ? លោកបណ្ឌិតគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានផ្តល់អនុសាសន៍​ថា មុនសម្រេចចិត្តទិញខុនដូ អ្នកវិនិយោគគួរពិនិត្យមើលរឿងសំខាន់ៗមួយចំនួន​ដូចជា ទី១ ត្រូវសិក្សាពីក្រុមហ៊ុនអភិវឌ្ឍន៍ តើជាក្រុមហ៊ុនស្របច្បាប់ឬទេ ជាក្រុមហ៊ុ​នមានបទពិសោធន៍ ឬកេរ្ត៍ឈ្មោះល្អក្នុងវិស័យនេះឬទេ? ទី២ តើប្លង់ដីសាងសង់ខុនដូនោះនៅឯណា និងជាដីជួលពីរដ្ឋាភិបាល ឬដីឯកជនរបស់ក្រុមហ៊ុននោះ។

ទី៣ តើក្រុមហ៊ុនម៉ៅការសាងសង់ ជាក្រុមហ៊ុនមានបទពិសោធន៍ មានកេរ្ត៍ឈ្មោះល្អឬទេ? និងទី៤ តើតម្លៃលក់សមស្របនឹងស្ថានភាពទីផ្សារ និងទីតាំងនៃគំរោងណាមួយនោះដែរឬទេ?។

លោកគីម ហ៊ាងបានប​ន្តថា តាមពិតខុនដូដែលសាងសង់នៅទីតាំង ដែលតម្លៃដីទាបជាង៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ពិតជាពិបាករកអតិថិជន ព្រោះ ទីតាំងសាងសង់ខុនដូសមស្រប គឺជាទីតាំងល្អ មានតំបន់ពាណិជ្ជកម្មនៅជុំវិញ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកស្នាក់នៅ។

លោកបន្តថា “នៅក្នុងទីផ្សារសេរីអ្នកសាងសង់ខុនដូជោគជ័យ ទាល់តែអ្នក​នោះមានដីខ្លួនឯង មានលុយសាងសង់ មានទីផ្សារសម្រាប់លក់ ទើបទទួលបាន​ជោគជ័យ”។លោកបន្តថា “អ្នកមានដីដាក់បញ្ចាំធនាគារ យកលុយមកសាងសង់ និងគ្មានបទពិសោធន៍ នឹងបរាជ័យលើការវិនិយោគបែបនេះ”៕

- Advertisement -
ចែករំលែក