សម្តេចតេជោ : រោងចក្រថ្មីចំនួន៥០បានបើកទ្វារនិងផ្តល់ការងារជិត៣ម៉ឺនកន្លែង

0

ដោយ : គង់ សូរិយា

ភ្នំពេញ : សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​ន្រ្តីកម្ពុជាបានថ្លែងថា នៅដើមឆ្នាំនេះរោងចក្រ សហគ្រាសថ្មីចំនួន៥០បានបើកដំណើរការ និងផ្តល់ការងារកម្មករ និយោជិតជិត៣០,០០០កន្លែង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងឳកាសជួបសំណេះសំណាលជាមួ​យកម្មករ និយោជិតប្រមាណ២ម៉ឺននាក់នៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងក្រុងបាវិត ខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១០ ឧសភានេះថា ​និយោជិតនៅខេត្តស្វាយរៀង ទទួលបានចំណូលប្រមាណ​១២០លានដុល្លារក្នុងមួយឆ្នាំ ដែលជាការរួមចំណែកដ៏ធំក្នុងការទ្រទ្រង់ជីវភាព និងចាក់ចូលក្នុងសេដ្ឋកិច្ចជាតិ។ ទឹកប្រាក់នេះ គិតត្រឹមជាមធ្យមសម្រាប់កម្មករ កម្មការិនីម្នាក់ទទួលបានប្រាក់ឈ្នួលត្រឹម២០០ដុល្លារ ក្នុងមួយខែប៉ុណ្ណោះ​។

សម្តេចបន្តថា “មានប្រទេសនៅក្នុងតំបន់អាស៊ីជាច្រើន កំពុងប្រកួតប្រជែងជាមួយកម្ពុជា ដូច្នេះបើការទាមទារដំឡើងប្រាក់ឈ្នួលខ្ពស់ហួសហេតុពេក ឬទាមទាររហូតដល់មានការផ្ទុះបាតុភាពផ្សេងៗ នឹងនាំឲ្យថៅកែរោងចក្រទាំងនោះ ទៅវិនិយោគនៅប្រទេសដទៃ ហើយនាំឲ្យកម្មករអត់ការងារធ្វើជាក់ជាមិនខាន”។ សម្តេចបន្តថា “សមិទ្ឋិផលទាំងនេះមិនបានកើតមាន ដោយសារការស្រែករបស់គណបក្សប្រឆាំងនោះទេ ពោលគឺពួកគេបានត្រឹមតែស្រែកទាមទារឲ្យបរទេ​សឈប់ទិញទំនិញពីកម្ពុជា ដែលជាការសម្លាប់ឆ្នាំងបាយរបស់កម្មករប៉ុណ្ណោះ”។

យោងតាមទិន្នន័យរបស់ការិយាល័យច្រកចេញចូលតែមួយ នៃក្រសួងពាណិជ្ជកម្ម​បានបង្ហាញថា កម្ពុជានាំចេញទៅសហរដ្ឋអាមេរិកឆ្នាំនេះមានកំនើនខ្ពស់ ដោយមានទឹកប្រាក់ជាង៩០០លានដុល្លារអាមេរិក។

លោកបណ្ឌិត កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជាបាន​អោយដឹងថា ស្ថិរភាពក្នុងវិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើងមានភាពល្អប្រសើរនៅឆ្នាំនេះ ដោយរោងចក្រថ្មីៗជាច្រើនបានបង្កើតឡើង ហើយការបញ្ជាទិញពីសហរដ្ឋអាមេរិក ក៏មានកំនើនខ្ពស់ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកបន្តថា “នៅឆ្នាំនេះអ្វីៗពិតជាមានសញ្ញាល្អប្រសើរ ដោយសារការកើនឡើង​នូវការបញ្ជាទិញ និងការបន្តវត្តមាននៃការមកដល់របស់អ្នកវិនិយោគថ្មីៗ”៕

- Advertisement -
ចែករំលែក