ស្រាយចម្ងល់៖ តើធនាគារពាណិជ្ជ និងឯកទេសខុសគ្នាយ៉ាងដូចម្តេច?

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ នៅកម្ពុជាមានធនាគារជាច្រើនបានបង្កើតឡើង ប៉ុន្តែធនាគារទាំងនោះបានដើរតួនាទីខុសគ្នា តាមកម្រិតទុនចុះបញ្ជីររបស់ខ្លួន ដែលអាជ្ញាធរធនាគារជាតិបានផ្តល់ និងអនុញ្ញាត្តដើម្បីបង្កើតជាធនាគារពាណិជ្ជ ឬធនាគារឯកទេស។

តើធនាគារពាណិជ្ជ និងធនាគារឯកទេសមានភាពខុសគ្នាយ៉ាងដូចម្តេចនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ ដែលកំពុងតែមានភាពរីកចម្រើននេះ?។

លោកអ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភី អ៊ិល ស៊ី បានថ្លែងឲ្យ​ដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៣ មេសានេះថា ធនាគារពាណិជ្ជនិងធនាគារឯកទេ​សមានភាពខុសគ្នាលើទុនចុះបញ្ជីរ និងការផ្តល់សេវាកម្ម ដោយធនាគារពាណិជ្ជទុនចុះបញ្ជីរអប្បរិមាចំនួន៧៥លានដុល្លារអាមេរិក និងអាចផ្តល់សេវាកម្មទាក់ទងនឹងវិស័យហិរញ្ញវត្ថុបានទាំងអស់ ដូចជាការផ្តល់ឥណទាន ការទទួលប្រាក់បញ្ញើរ និងការទូទាត់ផ្សេ​ងៗទៀត។

លោកបន្តថា ចំណែកធនាគារឯកទេស មានទុនចុះបញ្ជីរតិចជាងនេះ ប៉ុន្តែសេវាកម្មរបស់ពួកគេ អាចធ្វើបានតែមួយ ក្នុងចំណោមសេវាកម្មទាំងបីខាងលើប៉ុណ្ណោះ ឬអាចផ្តល់សេវាកម្មអា​ស្រ័យលើការផ្តល់ជូន ឬការកម្រិតពីធនាគារជាតិនៃកម្ពុជា។

លោកអ៊ិន ចាន់នីបានបន្តថា ភាពខុសគ្នារវាងវិស័យធនាគារគឺមានក្នុងកម្រិតនេះខុសគ្នាលើទុនចុះបញ្ជីរ និងចំនួនសេវាកម្មដែលអាចផ្តល់ជូនអតិថិជន ខណៈបច្ចុប្បន្ននៅកម្ពុជាមានធនាគារឯកទេសចំនួន៣៩ និងធនាគារឯកទេសចំនួន១៣៕

- Advertisement -
ចែករំលែក