អស្ចារ្យ! រដ្ឋាភិបាលរៀបចំផែនការថ្មីសម្រាប់អភិវឌ្ឍន៍នៅទីក្រុងភ្នំពេញ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈសាលារាជធានីភ្នំពេញ បានរៀបចំផែនការថ្មីដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញ ជាការឆ្លើ​យ​តបនឹងស្ថានភាពនៃការអភិវឌ្ឍទីក្រុង ដែលមានកំនើនប្រជាសាស្រ្ត និងការរីកចម្រើនយ៉ាងឆាប់រហ័សនេះ។​

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់ចេញនូវផែនការថ្មីមួយនៅព្រឹកថ្ងៃទី២៦ មេសានេះ​ដើម្បីឆ្លើ​

យតបទៅនឹងលំហូរច​រាចរ​ណ៍ ទេសចរណ៍ សោភ័ណភាព និងការអភិវឌ្ឍន៍រីកចំរើនលើវិស័យ នៅរាជធានី​ភ្នំពេញ ពិសេ​សវិស័យហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារនានា ក្នុងរាជធានីនេះ។  គំរោងនេះធ្វើ​ឡើង​ក្រោម​កិច្ចសហប្រតិបត្តិ​ការរវាងរដ្ឋបាលរាជធានីភ្នំពេញជាមួយ និងសាលាក្រុងប៉ារីស លើវិស័យនគរូបនីយកម្មក្នុង​រាជធានី​ភ្នំពេញ។

លោកឃួង ស្រេងបានថ្លែងថា “តំបន់ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ គឺជាទំហំ​នៃការអភិវឌ្ឍ​ធំមួយ ដូច្នេះ​ហើយទើប​សាលាក្រុងប៉ារីសដែលជាទីក្រុងមានបទពិសោធន៍  នៃការរៀបចំទីក្រុងឲ្យមានភាពស្រស់បំព្រង ចង់ឲ្យតំបន់​នោះ ក្លាយជាតំបន់បៃតង ដែលមានបរិស្ថានល្អ”។

អភិបាលរាជធានីភ្នំពេញបានបង្ហាញឲ្យមានការអភិវឌ្ឍគ្រប់វិស័យ ពិសេសវិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធ សេវាកម្មសា​ធា​រណៈ សំណង់គ្រឹះស្ថាន អគារនានា ក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើម​មាន​ការ​អភិវឌ្ឍ​ឆ្លើយ​តបនឹងកំណើនប្រជាជន​ទីក្រុង ដែលកើនឡើងយ៉ាងឆាប់រហ័សរហូតដល់៣,២៥ភាគរយក្នុង១ឆ្នាំៗ។

យោងតាមទិ​ន្នន័យរបស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា បច្ចុប្បន្នចំនួនប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ បានកើនឡើងរហូតដល់១,៧លាននាក់ គឺប្រមាណជា៥៦ភាគរយនៃប្រជាពលរដ្ឋ​ទីក្រុង ដែលជាអ្នកចំណាកស្រុក ចូល​មក​សិក្សានិងធ្វើការនៅទីក្រុងភ្នំពេញ។

តំណាងសាលាក្រុងប៉ារីសនៃសាធារណរដ្ឋបារាំង លោកស្រី អេឡូឌី គុយអង់កា បានថ្លែងថា ដើម្បី​ឆ្លើយ​តប​នឹង​ស្ថានភាពនៃការអភិវឌ្ឍទីក្រុង ដែលទីក្រុងភ្នំពេញបាននិងកំពុងជួបប្រទះ គឺមានការងារអាទិភាពចំនួនពីរត្រូវបានដាក់​ឲ្យ​សិក្សា ដូចជា ទី១ ការរៀបចំផែនការអភិវឌ្ឍតំបន់ភាគខាងត្បូងក្រុងភ្នំពេញ ដែលសព្វថ្ងៃកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង និងទី២ ការពង្រឹងការរំដោះ និងការគ្រប់គ្រងច្រាំងមាត់ទន្លេសាប ព្រមជាមួយនឹងពង្រីកទៅភាគខាងជើងនៃតិរវិថី ព្រះស៊ី​សុវត្ថិ។

លោកស្រីបន្តថា ដើម្បីធ្វើការងារទាំងនេះឲ្យបានជោគជ័យ គឺមានវិធីសាស្រ្តមួយត្រូវបានស្នើឡើងជាពិសេស តាមរបៀបវាស់វែងជាក់ស្តែង ដើម្បីទុកជាមូលដ្ឋានក្នុងការកែតម្រូវឲ្យត្រូវនឹងតថភាពជាក់ស្តែងក្នុងតំបន់នោះ។ វិធីសា​ស្រ្ត​នោះ ​តម្រូវឲ្យយើង​ប្រើទស្សនទានអន្តរវិស័យ និងពហុវិស័យ ដោយមានការងារចម្រុះ ដែលទាមទារឲ្យឲ្យគ្រប់​អង្គភាព​ជំនាញពាក់ព័ន្ធ ត្រូវធ្វើការជាមួយគ្នា ជាអាទ៍មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មន្ទីរនានាទីចាត់ការ​ជំនាញ ខណ្ឌ សង្កាត់ និងរដ្ឋបាលផ្សេងៗទៀតរបស់រាជធានីភ្នំពេញ៕

- Advertisement -
ចែករំលែក