អ្នកជំនាញថា ការពង្រីកផ្លូវជាតិលេខ៣នឹងធ្វើឲ្យដីឡើងថ្លៃបន្ថែមទៀត

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមអ្នកជំនាញអចលនទ្រព្យបានលើកឡើងស្រដៀងគ្នាថា ការពង្រីកផ្លូវជាតិលេខ៣នឹងធ្វើឲ្យ  ត​ម្លៃដីធ្លីស្ថិតនៅតាមបណ្តោយផ្លូវនេះ នឹងឡើងថ្លៃបន្ថែមទៀត ប៉ុន្តែ​មិនឡើងខ្លាំងនោះទេ ព្រោះតម្លៃដីធ្លីនៅតាមតំបន់នេះបានឡើងថ្លៃខ្ពស់រួចទៅហើយ។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីមបានថ្លែងឲ្យដឹងតាម ទូរស័ព្ទនាព្រឹកថ្ងៃទី៧ ឧសភានេះថា ការពង្រីកផ្លូវជាតិលេខ៣ នឹងធ្វើឲ្យតម្លៃដីធ្លីកើនឡើង ប៉ុន្តែវាមិនកើនខ្លាំងនោះទេ ប្រសិនជាមិនមានការបង្កើតតម្លៃសេដ្ឋកិច្ចបន្ថែម ដូចជាការបង្កើតរោចក្រ សហគ្រាសនៅតាមតំបន់នេះ។

លោកបន្តថា តម្លៃដីនៅតំបន់នេះបានឡើងថ្លៃខ្ពស់រួចទៅហើយ ដោយគិតពីរង្វង់មូលចោមចៅ៥គីឡូម៉ែត្រទៅមុខ ដីមានតម្លៃចន្លោះ៨០០ ទៅ១៥០០ដុល្លារអាមេរិក។ គិតពី៥គីឡូម៉ែត្រទៅដល់១០គីឡូ​ម៉ែត្រ ដីមានតម្លៃចន្លោះពី៣០០ទៅ៨០០ដុល្លារអាមេរិក និងគិតពីគីឡូម៉ែត្រទី១០ទៅដល់គីឡូម៉ែត្រទី២០ ដីមានតម្លៃដីមានតម្លៃចន្លោះពី១០០ ដល់៣០០ដុល្លារក្នុងមួយម៉ែត្រ​ការ៉េ។

លោកបន្តថា “ពិតហើយការពង្រីកផ្លូវជាតិនេះ នឹងជួយបង្កើតសកម្ម​ភាព​សេដ្ឋកិច្ច ពាណិជ្ជកម្មកាន់តែរសរវើកបន្ថែមទៀត នៅតាមបណ្តោយផ្លូវនេះ ពិសេសខេត្តកំពត និងកែបនឹងកាន់តែមានការរីកចម្រើន”។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានពង្រីកផ្លូវជាតិលេខ៣ នាព្រឹកថ្ងៃច័ន្ទទី៧ ឧសភានេះ។ ផ្លូវប្រវែង១៣៤គីឡូម៉ែត្រនេះ នឹងត្រូវពង្រីកជា៤គន្លង និងមានសួនច្បារនៅចំកណ្តាល។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ាងបានថ្លែងថា តាមធម្មតាដីឡើងថ្លៃដោយសារកត្តាសំខាន់ៗចំនួន៥ ដូចជា កត្តាប្រជាសាស្រ្ត កត្តាសេដ្ឋកិច្ច កត្តានយោបាយ កត្តាអាជីវកម្មនិងពាណិជ្ជកម្ម និងកត្តាហេដ្ឋារចនាសម្ព័ន្ឋ ទើបតម្លៃដីធ្លីកើនឡើងខ្ពស់ ប៉ុន្តែផ្លូវជាតិលេខ៣មានតែកត្តាហេដ្ឋារចនាសម្ព័ន្ឋប៉ុណ្ណោះ ហេតុនេះ តម្លៃដីធ្លីនៅតំបន់នេះមិនឡើងថ្លៃខ្ពស់ទៀតនោះទេ ព្រោះសកម្មភាពពាណិជ្ជកម្មនៅលើផ្លូវនេះ មិនទាន់មានភាពសកម្មខ្លាំងនៅឡើយ។

លោកបន្តថា “ទោះជាយ៉ាងណាការពង្រីកផ្លូវរបស់រដ្ឋាភិបាល នឹងធ្វើឲ្យដីនៅតំបន់នេះឡើងថ្លៃ ប៉ុន្តែមិនឡើងថ្លៃច្រើននោះទេ ព្រោះដីនៅតាមបណ្តោយផ្លូវនេះបានឡើងថ្លៃកប់ពពករួចហើយ”៕

- Advertisement -
ចែករំលែក