អ្នកជំនាញនៅតែសុទិដ្ឋិនិយម ទោះជាទុនវិនិយោគក្នុងវិស័យសំណង់ដាំក្បាលចុះ

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បាន​បង្ហាញ​​ថា ទុនវិនិយោគក្នុងវិស័យសំណង់ឆ្នាំនេះបានដាំក្បាលចុះខ្លាំង ក្នុងរយៈ​ពេល​២ខែ ដើមឆ្នាំនេះធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បាន   ឲ្យដឹង​តាម​ទូរស័ព្ទនាព្រឹកថ្ងៃទី១៩ មេសានេះថា បើមើលនិន្នន័យរបស់​ក្រសួងរៀបចំ​ដែនដី បានបង្ហាញថា ក្នុងរយៈពេលពីរខែដើមឆ្នាំនេះ ក្រសួងបានអនុម័តគំរោងដែល​មាន​ទឹក​​ប្រាក់​ត្រឹមតែ៣៦៥លានដុល្លារប៉ុណ្ណោះ ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានទុនវិនិយោគមានទំហំរហូតដល់១២៨០លានដុល្លារអាមេរិក។អ្នកនាងបន្តថា និន្នាការនេះមានការធ្លាក់ចុះខ្លាំង ដោយសារយើងសង្កេតឃើញថា គំរោងដែលបាន​ប្រកាសសម្ភោធថ្មីៗបានថយចុះច្រើន។

អ្នកនាងបន្តថា “ការថយចុះនៃការវិនិយោគនេះ មិនមែនដោយសារស្ថានភាពន​​យោ​បាយទេ តែដោយសារកត្តាទីផ្សារខ្លួនឯង ព្រោះការអភិវឌ្ឍន៍នៅកម្ពុជា៨០ភាគរយ  ផ្តោតលើលំនៅដ្ឋាន ហេតុនេះទីផ្សារនៅត្រូវការពេលវេលា ដើម្បីឲ្យតម្រូវការឆ្លើយតប​នឹង​ការផ្គត់ផ្គង់”។

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hutton CPL លោកឧកញ៉ា ចេង ខេង បាន​ថ្លែង​​ឲ្យដឹងផងដែរថា ក្នុងដើមឆ្នាំនេះសកម្មភាពនៃការទិញលក់ដីធ្លី និង​សកម្មភាព​សាងសង់នៅតែមាន​ភាពសម្ម និងរ៉ឹងមាំ មិនមានសញ្ញាហានិភ័យឬគួរឲ្យ​បារម្ភណា​មួយ​កើតមាននោះទេ ហេតុនេះការថយចុះនូវការចុះបញ្ជីរទំហំទុនវិនិយោគ មិនមែន​ជាអ្វី​ដែលគួរឲ្យកត់សំគាល់នោះទេ ព្រោះគំរោងនិមួយៗពេលស្នើសុំសាងសង់ មិនមែន​សាងសង់ចប់ក្នុងរយៈពេលមួយឆ្នាំនោះទេ គឺត្រូវការពេលវេលា​៣ទៅ៤​ឆ្នាំ​ទើបបញ្ចប់ការសាងសង់។ លោកបន្តថា “យើងមិនមានអ្វីគួរឲ្យបារម្ភទេ ព្រោះ​សកម្មភាព​នៃការទីញលក់ និងកំនើនវិនិយោគនៅតែបន្តកើនឡើង”។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុននីម បានថ្លែងឲ្យដឹង​ផងដែរថា សកម្មភាពវិនិយោគក្នុងស្រុក និងលំហូរទុនវិនិយោគផ្ទាល់ពីបរទេស មាន​ការថម​ថយល្បឿនពិតមែន ដោយសារជាឆ្នាំនៃការបោះឆ្នោត ដែលធ្វើឲ្យ​ប្រជាជន​មួយចំនួន​មានការបារម្ភ ទោះបីជាស្ថានភាពនយោបាយ មិនមាន​អ្វីប្រែប្រួលគួរ​ឲ្យបារម្ភក៏ដោយ។ លោកបន្តថា “ទោះជាយ៉ាងណា ខ្ញុំមើលឃើញថាសកម្មភាពនៃការ​ទិញ​លក់លំនៅដ្ឋាននៅតែមានសញ្ញាល្អប្រសើរ និងមានភាពរ៉ឹងមាំនៅឡើយ”៕

 

- Advertisement -
ចែករំលែក