អ្នកជំនាញ៖ បែបបទនៃការរស់នៅក្នុងក្រុងភ្នំពេញនឹងផ្លាស់ប្តូរនៅ១០ឆ្នាំខាងមុខ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ កំនើនប្រជាសាស្រ្តក្នុងទីក្រុង ការកើនឡើងនូវការកកស្ទះចរាចរ និងកំនើន​នៃការប្រើប្រាស់បច្ចេកវិទ្យា នឹងធ្វើឲ្យវជនសម័យថ្មីនឹងរស់នៅតាមអាគារខុនដូ  កណ្តាលទីក្រុង ជំនូសឲ្យការចេញទៅរស់នៅជាយរាជធានីភ្នំពេញ។

លោកងួន ឆាយលាង តំណាងគំរោងខុនដូ Urban Loft បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗ​នេះថា ជាមួយនឹងកំនើនសេដ្ឋកិច្ចនឹងបន្តរីកចំរើនរយៈពេលវែង ចរន្តរីកចំរើន​នៃបច្ចេកវិទ្យា ដូចជាការផ្ញើរលុយតាមទូរស័ព្ទដៃ ការហៅឬកុំម៉ង់ទំនិញ ទិញអាហារ ជាមួយម៉ូតូឌុប តុកៗ និងតាក់ស៊ី តាមរយៈទូរស័ព្ទដៃនឹងបន្តរីកចំរើន និងមានការប្រើប្រាស់កាន់តែច្រើន និងការកកស្ទះចរាចរណ៍កាន់តែខ្លាំង រំខានដល់​ការធ្វើដំនើរ សេវាសាធារណៈកាន់តែរីកចំរើន និងកង្វះចំណតយានយន្ត លោកជឿថា នឹងមានការវិនិយោគលើចំណតយានយន្ត សម្រាប់ជួលកាន់តែច្រើននាពេ​លអនាគត។

យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Living Solution បានរកឃើញថា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ នឹងកើនឡើងដល់៤លាននាក់ឬច្រើនជាងនេះនៅឆ្នាំ២០៣០ ហើយនិន្នារស់នៅតាមខុនដូនឹងកើនឡើង ពីសំណាក់ក្រុមយុវជនដែលបច្ចុប្បន្នមានវ័យក្មេង និងដល់វ័យសកម្មក្នុងការងារនាឆ្នាំនោះពួកគេនឹងជ្រើសរើសរស់នៅតាមខុនដូ ដោយសារការកើនឡើងនូវក្រុមអ្នកមានជីវភាពមធ្យម និងការប្រើប្រាស់សេវាកម្ម សម្រាប់រស់នៅប្រចាំថ្ងៃកាន់តែ​មានការរីកចំរើន។

លោកងួន ឆាយលាងបានបន្តថា “ដោយសារនិន្នាការខាងលើនេះ ខ្ញុំគិតថាយុវជនសម័យថ្មី នឹងជ្រើសរើសរស់​នៅតាមខុនដូ ដែលមានទីតាំងនៅជិតកន្លែងធ្វើការងាររបស់ពួកគេ”។លោកបន្តថា “យុវជនវ័យក្មេងនឹងក្លាយជាអ្នកសកម្ម ក្នុងការងារនៅ​ឆ្នាំ២០៣០ ពួកគេជាក្រុមមនុស្សស៊ីវិល័យ និងជាអ្នកប្រើប្រាស់បច្ចេកវិទ្យា។ ពួកគេនឹងសម្រេចចិត្តរស់នៅក្នុងទីក្រុង ហើយអ្នកអភិវឌ្ឍន៍ខុនដូដែលផ្តោតលើក្រុម​មនុស្សវ័យនេះនឹងទទួលបានផលប្រយោជន៍”។

នាពេលអនាគតរដ្ឋាភិបាល នឹងរៀបចំបែងចែកតំបន់ឧស្សាហកម្ម តំបន់លំនៅដ្ឋានដាច់ពីគ្នា ជាក់ស្តែងបច្ចុប្បន្នការលក់គ្រឿងចក្រធុនធ្ងន់ ការលក់គ្រឿង​ម៉ាស៊ីនធំៗ និងរោងចក្រមួយចំនួនចាប់ផ្តើមផ្លាស់ប្តូរទៅកាន់តំបន់ជាយក្រុង។

លោកងួន ឆាយលាងបានបន្តថា តាមបរិបទទីក្រុងរីកចំរើននានាដូចជាទីក្រុងហុងកុង ទីក្រុងញូយ៉ក ទីក្រុងបាងកក ប្រទេសសឹង្ហបុរីជាដើម ពួកគេកំពុងរស់នៅតាមខុនដូនៅកណ្តាលក្រុង ជាជាងទៅរស់នៅជាយក្រុង ហើយពេលអនា​គត ក្រុមយុវជនស៊ីវិល័យ ពួកគេនឹងសម្រេចចិត្តរស់នៅក្នុងទីក្រុង ជាជាងចេញទៅរស់នៅតំបន់ជាយក្រុង។

តាមការសិក្សាបានរកឃើញថា នៅកម្ពុជាក្រុមយុវជនអាយុចាប់ពី៣០ឆ្នាំ​ចុះក្រោមមាន៦០ភាគរយនៃប្រជាពលរដ្ឋសរុប។

លោកវ៉ា វីរៈអគ្គនាយកក្រុមហ៊ុន Century21 Fortuna Investment ដែលទើបទទួលវិញ្ញាបនបត្រទទួលស្គាល់ ក្នុងនាមជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យលំដាប់អន្តរជាតិ ពី National Association Realtor បានថ្លែងយល់ស្របនឹងការលើកឡើងខាងលើ ដោយលោកបាន​មានប្រសាសន៍ថា “ខ្ញុំយល់ស្របនឹងការលើកឡោះងខាងលើនេះ ព្រោះនៅ​ឆ្នាំ២០៣០ចំនួនប្រជាជនរស់នៅក្នុងទីក្រុង នឹងកើនដល់៤លាននាក់ ពួកគេនឹង​ប្រឈមបញ្ហាជាច្រើន ដូចជាការកកស្ទះចរា​ចរ ការបំពុលបរិស្ថាន ហើយបច្ចេកវិទ្យានឹងចូលរួមដោះស្រាយបញ្ហាទាំងនោះ”។

លោកបន្តថា និន្នាការប្រជាពលរដ្ឋនឹងចូលមករស់នៅជាយក្រុង និងក្នុងទី​ក្រុងកាន់តែច្រើន ហេតុនេះ១០០ភាគរយប្រជាពលរដ្ឋវ័យក្មេង នឹងជ្រើសរើសរស់​នៅតាមខុនដូ ដូចប្រទេសថៃ វៀតណាម សាំងហ្កាពួរ កុងកុងជាដើម។ វាជា​ជម្រើសមួយ ដែលផ្តល់អត្ថប្រយោជន៍ច្រើន ចំណេញច្រើន ពិសេសលើពេលវេ​លា ។

លោកបន្តថា “ក្រុមយុវជនវ័យក្មេងដែលធ្លាប់សិក្សានៅបរទេស ពួកគេនឹងជ្រើសរើសរស់នៅតាមខុនដូ ព្រោះវាមានទីតាំងនៅជិតហាងកាហ្វេ ផ្សារទំនើប កន្លែងហាត់​ប្រាណ និងកន្លែងធ្វើការរបស់ពួកគេ”។លោកបន្តថា “ការធ្វើដំនើរ​នឹងកាន់តែលំបាក ពេលវេ​លាជាមាសប្រាក់ ខុនដូនឹងជាជម្រើសរបស់ពួកគេ ដែលជាកន្លែងមានផាសុខភាព មានសន្តិសុខ២៤ម៉ោង មានសេវាកម្មសំអាតអនាម័យជាដើម”។

តាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់អំពី​ក្របខ័ណ្ឌយុទ្ឋសាស្រ្តអភិវឌ្ឍន៍ទីក្រុង នៅកម្ពុជាបានរកឃើញថា ចំនួនប្រជាជន​រស់នៅរាជធានី ក្រុង និងទីប្រជុំជននៅឆ្នាំ២០១៤ មានចំនួន៤,៥លាននាក់ ស្មើនឹង២៧,១ភាគរយ និងបន្តកើនឡើងដល់៧,៩២លាននាក់នៅឆ្នាំ២០៣០ ស្មើនឹង៤៤ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប។

សេដ្ឋវិទូកម្ពុជាលោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹ​ក្សា​សេដ្ឋកិច្ចជាតិបានថ្លែងថា ប្រទេសកាលណាមានការអភិវឌ្ឍន៍ ទីក្រុងកាន់​តែរីកធំមានមនុស្សរស់នៅច្រើនជារឿងធម្មតា ហើយនៅពេលទីក្រុងកាន់តែធំ តម្រូវការហេដ្ឋារចនាសម្ព័ន្ឋកាន់តែមានភាពចាំបាច់។ ហេតុនេះប្រសិនជារដ្ឋាភិបាលគិតទុកជាមុន ជាការល្អប្រសើរ ដើម្បីបន្ឋូរបន្ថយបញ្ហា ទោះជាដោះស្រាយ​មិនបានទាំងស្រុងក្តី។លោកបន្តថា ការដោះស្រាយបញ្ហាច្បាប់ ដើម្បីសម្រួលចរា​ចរណ៍ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ និងសេវាសាធារណៈ ជាអ្វីដែលរដ្ឋាភិ​បាលត្រូវវិនិយោគច្រើនជាងមុន។

លោកបន្តថា “ពេលទីក្រុងកាន់តែរីកចំរើន គុណភាពជីវិតនឹងកាន់តែលំបា​កទៅៗ ហេតុនេះការមានបច្ចេកវិទ្យាស្មាតហ្វូន និងបច្ចេកវិទ្យាអាចជួយបាន តែមិនជួយបានច្រើនទេ”។លោកបន្តថា “ខ្ញុំមិនជឿថាប្រព័ន្ឋបច្ចេកវិទ្យាអាចជួយបាន​១០០ភាគរយទេ ហើយវាជារឿងអនាគត ពិបាកប្រមើលមើលណាស់”។

លោកចន ណារិទ្ឋប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ ដែលទើបបានទិញខុនដូក្នុងគំរោងលំនៅដ្ឋានអ៊ិលភ្នំពេញ (L Resident) នៅតំបន់បឹងត្របែកបានថ្លែងថា ការសម្រេចចិត្តទិញខុនដូរស់នៅ ដោយសារលោកចង់ឲ្យការរស់នៅមាន​ផាសុខភាព មិនបារម្ភពីសុវត្ថិភាព ព្រោះការរស់នៅខុនដូមានសន្តិសុខ២៤ម៉ោង មានក្លឹបហាត់ប្រាណ មានផ្សារ និងសេវាកម្មជាច្រើនទៀត ដែលធ្វើឲ្យជីវិតមាន​ភាពស៊ីវិល័យ។លោកបន្តថា ការពិតលោកមានផ្ទះរស់នៅរួចហើយ តែការសម្រេ​ចចិត្តទិញខុនដូ ព្រោះលោកចង់ផ្លាស់ប្តូរបរិយាកាសក្នុងការរស់នៅ។

លោកបន្តថា “បច្ចុប្បន្នខ្ញុំឃើញគេទិញខុនដូច្រើនព្រោងព្រាត ហើយខ្ញុំគិត​ថាមនុស្សរស់នៅខុនដូកាន់តែកើនឡើងនាពេលអនាគត ព្រោះបើសាងសង់មិន​ជោគជ័យគេមិនវិនិយោគជាបន្តបន្ទាប់នោះទេ”។លោកបន្តថា “ខ្ញុំមានកូន ខ្ញុំគិតថា​នាពេលអនាគត ពួកគេនឹងពេញចិត្តរស់នៅខុនដូ ហេតុនេះទើបខ្ញុំទិញសម្រា​ប់លំហែរ និងសម្រាប់ពួកគេនាពេកអនាគត”៕

- Advertisement -
ចែករំលែក