អ្នករស់នៅតាមបុរីមួយចំនួនប្រឈមបញ្ហាសុខភាពមិនដឹងខ្លួន

0

ដោយ : គង់ សូរិយា

ភ្នំពេញ : ការសាងសង់ប្រព័ន្ធលូ ដែលគ្មាស្តង់ដា និងមិនមានការញែកប្រព័ន្ធលូទឹកភ្លៀង និងទឹកស្អុយដាច់ពីគ្នាពិតជាមានហានិភ័យ ដល់សុខភាពប្រជាពល​រដ្ឋ ខណៈបុរីនានានៅកម្ពុជា មិនបានវិនិយោគលើផ្នែកដែលគេមើលរំលងនេះឡើយ​។


ស្ថាបត្យករ​សិក្សា​ប្លង់​អាគារ​សន្តិភាព និង​ជា​សាស្ត្រាចារ្យ​ផ្នែក​នគរូបនីយ​កម្ម និង​ស្ថាបត្យកម្ម​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រលោក ជា ប៊ុន​ស៊ា​ង បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា បច្ចុប្បន្ន​នៅតាម​បុរី ឬគំរោង​អភិវឌ្ឍន៍​នានា​នៅ​រាជធានី​ភ្នំពេញ​ភាគច្រើនមិនទាន់បាន​គិតគូ​ពី​បញ្ហា​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​ក្រោម​ដី​នេះ​នៅឡើយ ដោយ​ពួកគេ​សាងសង់​ប្រ​ព័​ន្ធលូ​រួមបញ្ចូល​គ្នា​រវាង​ទឹកភ្លៀង និង​ទឹកស្អុយ ដែល​ធ្វើ​ឲ្យ​ពេល​ភ្លៀង​មក ទឹកលូ​ស្អុយ​ខ្ពុរ​ឡើង​ពេញ​ថ្នល់ ខ្វះ​អនាម័យ​និង​ចម្លង​មេរោគ​ដូចជា រោគ​សើរ​ស្បែក និង​ជំងឺ​ផ្តាសាយ​ជាដើម។

លោក​បន្តថា “ការរៀបចំ​ឲ្យ​មាន​ប្រ​ព័​ន្ធលូ​ដាច់ចេញ​ពីគ្នា រួមជាមួយ​លំហ​បៃតង​លើសពី៣០ភាគរយ ដោយ​ដាំ​ដើមឈើ​ដូចជា​ក្នុង​គម្រោង​ណាមួយ ធ្វើ​ឲ្យ​សហគមន៍​អ្នករស់នៅ​ជៀស​ផុតពី​បញ្ហា​នានា​ដូចជា ទឹក​លិច ក្លិន​លូ និង​កំដៅ​ជាដើម ពោលគឺ​ទទួលបាន​ផាសុកភាព សុខភាព​ល្អ និង​បរិស្ថាន​បៃតង​ស្អាត​ផងដែរ។ លោក​បន្តថា “នៅពេល​ទឹកភ្លៀង​ស្ងួត ហើយ​ខ្យល់​បក់​មក ធ្វើ​ឲ្យ​មេរោគ​ហើរ​តាម​ខ្យល់ មក​ចំឡង​មនុស្ស និង​ធ្វើ​ឲ្យ​ប្រជាជន​កើត​ជំងឺ​ផ្តាសាយ និង​ជំងឺ​ដទៃទៀត។ នេះ​ជា​មូលហេតុ ដែល​ការសាងសង់​ប្រ​ព័​ន្ធលូ​ក្រោម​ដី​មិនបាន​បែងចែក​ឲ្យ​ដាច់​រវាង​ លូទឹកស្អុយ និង​លូទឹក​ភ្លៀង​ដាច់ពីគ្នា។

លោក​សាស្ត្រ​ចា​រ្យ ជា ប៊ុន​ស៊ា​ង បាន​បន្តថា តាម​ការសង្កេត​របស់​លោក​កន្លងមក​បុរី ឬ​គម្រោង​លំនៅឋាន​ភាគច្រើន​នៅ​ប្រទេស​កម្ពុជា គឺ​ធ្វើ​របងខ្ពស់ៗ បន្ថែម​មានការ​បែងចែក​រវាង​តំបន់​អ្នកមាន​ជីវភាព​ខ្ពស់ ជីវភាព​មធ្យម និង​ជីវភាព​ទាប​ដែល​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​ទំនាក់ទំនង​គ្នា​ប្រចាំថ្ងៃ។

លោកបណ្ឌិត សេង ប៊ុនរិទ្ធ ទីប្រឹក្សា​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី និង​ជា​អគ្គនាយក​ក្រុមហ៊ុន RLS International ​បាន​ថ្លែង​ទ​ទូល​ស្គាល់​ថា នៅតាម​បណ្តា​ទីក្រុង​របស់​កម្ពុជា​ភាគច្រើន មិនទាន់​គិតគូ​ពី​ការបែងចែក​ប្រ​ព័​ន្ធ ញែក​រវាង​លូទឹក​ភ្លៀង និង​លូទឹកស្អុយ​នៅឡើយ​ទេ ដោយសារ​កង្វះខាត​ធនធានមនុស្ស និង​ធនធាន​ហិរញ្ញវត្ថុ ប៉ុន្តែ​ការរៀបចំ​ប្រ​ព័​ន្ធបែបនេះ គួរតែ​ធ្វើឡើង​ឲ្យ​បាន​គ្រប់​ខេត្ត ក្រុង នៃ​ទីក្រុង​ទាំងអស់​នៅ​ប្រទេស​កម្ពុជា ដើម្បី​ជួយ​លើក​កំពស់​សុខមាលភាព​រប​ស់​ប្រជាពលរដ្ឋ។

លោក​បន្តថា ការបែងចែក​រវាង​លូទឹក​ភ្លៀង និង​លូទឹកស្អុយ ក៏​នឹង​ជួយ​បង្កា​ពី​ផលប៉ះពាល់​លើ​គុណភាព​ទឹក​ក្រោម​ដី និង​ទឹក​សម្រាប់​ប្រើប្រាស់​ផងដែរ។ផ្ទុ​យ​ទៅវិញ វា​នឹងមាន​ហានិភ័យ​ដល់​សុខភាព​ខ្ពស់ ប្រសិនជា​ទឹកស្អុយ​មិនត្រូវ​បាន​ចំរោះ ព្រោះ​តាមរយៈ​ការសិក្សា​បាន​រកឃើញថា ប្រជាពលរដ្ឋ​នៅ​ក្រុងភ្នំពេញ​មាន​ហានិភ័យ​ខ្ពស់​ណាស់​ដល់​សុខភាព ប្រសិនបើ​ពួកគាត់​បាន​ជីក​អណ្តូង​យក​ទឹក​មកប្រើប្រាស់ ព្រោះ​ពួកគាត់​ប្រើប្រាស់​អាង​ផ្ទុក​លាមក ឬ​អាងទឹក​ក្រោម​បង្គន់​ដែល​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ដោយ​គ្រាន់តែ​ជា​អាង​ធ្វើតាម​នឹកឃើ​ញ និង​មិនបាន​បិទ​បាត​អាង ដែល​បង្ក​ឲ្យ​ទឹកស្អុយ​ជ្រាបចូល​ប្រភពទឹក​នៅ​ខាងក្រោម​ដី​ដែល​ពួកគាត់​កំពុងប្រើប្រាស់។

ទោះជាយ៉ាងណាលោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានបដិសេធនឹងការលើកឡើងខាងលើ ដោយលោកបានថ្លែងថា បុរី​លំនៅដ្ឋាននៅកម្ពុជា ភាគច្រើនបានគិតគូរពីសុខមាលភាពអ្នករស់នៅក្នុងបុរីណា​ស់ ព្រោះយើងអភិវឌ្ឍន៍ដោយមានការទទួលខុសត្រូវផ្នែកសង្គម។លោកបន្តថា នៅតាមបុរីនិមួយៗ ជាបុរីមានស្តង់ដាតែងតែបានគិតគូពីការរៀបចំប្រព័ន្ធលូឲ្យ​មានភាពដាច់ពីគ្នារវាងទឹកភ្លៀង និងទឹកស្អុយ ដើម្បីបញ្ចៀសហានិភ័យដល់សុខ​ភាព៕

- Advertisement -
ចែករំលែក