ឧកញ៉ាលី ហួរ៖ ប្រាប់វិធីសាស្រ្ដដើម្បីក្លាយជាអ្នកមាន

0

ដោយ រ៉ាវី

ភ្នំពេញ៖ លោកឧកញ៉ាលី ហួរ​ដែលបានចាប់ផ្តើមជំនួញ និងល្បីឈ្មោះដោយសារហាងប្តូរប្រាក់លី ហួរ ជាបុគ្គលទទួលជោគជ័យយ៉ាងខ្លាំង ក្នុងមុខជំនួ​ញ​របស់ខ្លួនលើច្រើនវិស័យ ប៉ុន្តែជំនួ​ញលោកឧកញ៉ាបានលេចធ្លោក្នុងវិស័យអចលនទ្រព្យ។

អគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបនិងជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានរូបនេះ បានចែករំលែកពីវិធីធ្វើជាអ្នកមានរបស់ខ្លួន កាលពីសប្តាហ៍មុនថា ចង់ធ្វើជាអ្នកមានត្រូវមានមហិច្ឆតាធំ និងត្រូវមានគោលដៅច្បាស់លាស់ថា ខ្លួនចង់បានអ្វី និងធ្វើអ្វី ប៉ុន្តែមិនត្រូវធ្វើអ្វីដែលប្រាសចាកច្បាប់នោះទេ។លោកឧកញ៉ាបានបន្តថា យើងមិនត្រូវអស់សង្ឃឹមក្នុងជីវិត យើងត្រូវតែតស៊ូ និងត្រូវមានមហិច្ឆតា ព្រោះបើគ្មានមហិច្ឆតា យើងធ្វើអ្វីក៏អត់បានដែរ។

លោកបន្តថា “កុំគិតទុទិដ្ឋិថាខ្លួនឯងធ្វើមិនបាន គេធ្វើបានក៏យើងធ្វើបានដែរ។ត្រូវយល់ពីចំណុចនេះ”។លោកបន្តថា “ទំរាំបានដូចសព្វថ្ងៃអាយុខ្ញុំជាង៦០ឆ្នាំហើយ ហើយអ្នកណាថាអ្នកមានស្រួល”។

លោកឧកញ៉ាលី ហួរជាអ្នកវិនិយោគគំរោងជលនទ្រព្យធំមួយនៅភាគខាងជើងរាជធានីភ្នំពេញ គឺគំរោងបុរីវិមានភ្នំពេញ ដែលបច្ចុប្បន្ននេះគំរោងនេះបានបញ្ចប់ដំណាក់កាលទី ៤ហើយ។

តើអ្នកមានគេកត់សំគាល់លើកត្តាអ្វីខ្លះ? សម្រាប់លោកឧកញ៉ាលី ហួរបាន​ថ្លែងថា តើអ្នកមានគេសម្គាល់អ្នកមានប្រាក់ប៉ុន្មាន? មិនទាន់មាននិយមន័យទេ​តែសម្រាប់ទស្សនរបស់លោកគឺអ្នកមានផ្ទះនៅ មានរថយន្ត និងមានប្រាក់ចាយ គឺជាអ្នកមាន។ បើមានសុភមង្គលទៀត ពិសេសហើយ។ លោកបន្តថា ត្រូវគិតពីអនាគតវែងឆ្ងាយ ត្រូវធ្វើឲ្យបានល្អ ហើយ​ការសាងអំពើល្អមិនងាយនោះទេ បើយើងថាយើងជាអ្នកមានប្រាក់ ហើយថាខ្លួនឯងជាមនុស្សល្អ មិនពិតទេ គឺទា​ល់តែសាធារណៈមតិឲ្យតំលៃ។

លោកបន្តថា “ដូច្នេះការខិតខំយូរអង្វែង តស៊ូយូរអង្វែង ទើបយើងទទួល​បានជោគជ័យ”៕​

- Advertisement -
ចែករំលែក