៥ឆ្នាំទៀងរោងចក្រចាកចេញអស់ តំបន់ចក្រអង្រែលើនិងក្រោមក្លាយជាតំបន់ពាណិជ្ជកម្មជំនួសវិញ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ដោយសារការកើនឡើងនៃតម្លៃដីធ្លី និងការរីកចម្រើនសេដ្ឋកិច្ចសង្គម រយៈពេល៥ឆ្នាំខាងមុខទៀត តំបន់ចក្រអង្រែលើ និងចក្រអង្រែក្រោមស្ថិតនៅតាមបណ្តោ​យផ្លូវជាតិលេខ២ នឹងក្លាយជាតំបន់ពាណិជ្ជកម្មរសរវើក។

លោកលាងគង់ យិនស្ថាបនិកនិងជាអគ្គនាយកនៃគេហទំព័រ propertyarea.asia ដែលបានតាមដានវិស័យសេដ្ឋកិច្ច និងសង្គមជាច្រើនឆ្នាំនៅកម្ពុជាបានលើកឡើងថា នេះជានិន្នាការធម្មតារបស់ប្រទេសមួយ ដែលការវិវត្តន៍នានាបានផ្លាស់ប្តូរពីតំបន់មួយដែលធ្លាប់ជាដីស្រែក្លាយជាតំបន់លំនៅដ្ឋាន ហើយតំបន់លំនៅដ្ឋានមិនរៀបរយក្លាយជាតំបន់លំនៅដ្ឋាន និងពាណិជ្ជកម្ម។

ដូចគ្នានេះតំបន់ចក្រអង្រែលើ និងចក្រអង្រែក្រោម ស្ថិតក្នុង​ខ័ណ្ឌមានជ័យ ដែលជាបណ្តុំរោងចក្រ សហគ្រាសកាត់ដេរ និងផលិតស្បែកជើងតាំងពី ទសវត្សរទី៩០ មកនឹងក្លាយជាតំបន់លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងផុសផុលនាពេលអនាគត។

លោកបន្តថា “រដ្ឋាភិបាលនឹងមិនទុកឲ្យរោងចក្រ សហគ្រាសនៅក្នុងទីក្រុងទៀតនោះទេនាពេលអនាគត ព្រោះវាមិនត្រឹមតែធ្វើឲ្យបាត់តម្លៃបន្ថែមក្នុងសេដ្ឋកិច្ចទេ តែក៏ធ្វើឲ្យមានការបំពុលផ្សែង ដែលបង្កការរំខានដល់ការរស់នៅរបស់ពលរដ្ឋផងដែរ”។លោកបន្តថា “ការកើនឡើងនូវតម្លៃដីធ្លី និងទំនោរនៃការអភិវឌ្ឍន៍នឹងរុញច្រានរោងចក្រ សហគ្រាសទាំងនោះចេញទៅជាយក្រុងភ្នំពេញ”។

លោកលាងគង់បានលើកពាក្យទំនៀមមួយថា “ចិនចេញខ្មែរ ខ្មែរដេញខ្មោច”​ជាក់​ស្តែងរឿងនេះ បាននិងកំពុងកើតឡើងនៅកម្ពុជា ពិសេសតំបន់ជាយក្រុងភ្នំពេញ ដែលដើមឡើយជាតំបន់កប់ខ្មោច ប៉ុន្តែពេលនេះតំបន់ទាំងនោះបានក្លាយជាតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋានយ៉ាងរៀបរយ។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីមបានថ្លែងឲ្យដឹងផងដែរថា ពិតហើយគោលនយោបាយរបស់រដ្ឋាភិបាល នាពេលអនាគតនឹងរៀបចំតំបន់ឧស្សាហកម្មដាច់ដោយឡែកពីគ្នា និងមិនស្ថិតនៅក្នុងទីក្រុងនោះទេ។ គឺដូចគ្នានឹងតំបន់​ចក្រអង្រែលើ និងចក្រអង្រែក្រោម ដែលបច្ចុប្បន្នសម្បូររោងចក្រ សហគ្រាស នឹងក្លាយជា​តំបន់លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មនាពេលដ៏ខ្លីខាងមុខនេះ។

លោកបន្តថា “នេះជានិន្នាការធម្មតា ពេលប្រទេសមិនទាន់អភិវឌ្ឍន៍ អ្វីៗមិនសូវមានភាពរៀបរយទេ ប៉ុន្តែពេលប្រទេសអភិវឌ្ឍន៍កាន់តែច្រើន និន្នាការបែបនេះនឹងកើតឡើងជាស្វ័យប្រវត្តិ”។

រហូតមកទល់ពេលនេះមានរោងចក្រ សហគ្រាសមួយចំនួនបានរើចាកចេញពីតំបន់នេះបណ្តើរៗហើយ ពិសេសតំបន់ស្ថិតក្នុងសង្កាត់ចក្រអង្រែលើ នៃទឹកដីខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ៕

- Advertisement -
ចែករំលែក