កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ៣លាននាក់ ក្នុងរយៈពេល៦ខែ

0

ដោយដែន ចែងចាំង

       ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនបានថ្លែងថា ក្នុងរយៈពេល៦ខែ​ដើមឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ៣លាននាក់ កើនឡើង១៣ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍បែបនេះ ក្នុងពិធីបើកការសដ្ឋានសាងសង់កំពង់​ផែទេសចរណ៍ ក្នុងខេត្តកំពតកាលពីថ្ងៃទី៨ សីហាកន្លងមកថា រយៈពេល៦ខែដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមា​ណ៣លាននាក់ កើនឡើង១៣ភាគរយ ហើយជាការរំពឹងទុកពេញមួយឆ្នាំ២០១៨ កម្ពុជានឹងទទួលបានទេសចរ៦,២លាននាក់។លោកបន្តថា កំណើនទេសចរណ៍ចិនរំពឹងនឹងកើនឡើងជាង២លាននាក់នៅ​ឆ្នាំ២០២០ ខណៈគោលដៅកម្ពុជាគ្រោងនឹងទទួលបានភ្ញៀវទេសចរណ៍ចិន ត្រឹម២លាន​នាក់ប៉ុណ្ណោះ។

លោកបន្តថា “កំនើនភ្ញៀវទេសចរណ៍បានផ្តល់កាលានុវត្តន៍ភាពយ៉ាងសំខាន់ ក្នុងការជំរុញកំនើនសេដ្ឋកិច្ចជាតិ ដោយវិស័យនេះបានរួមចំណែកក្នុងផលទុនជាតិសរុប១១,៨ភាគរយកាលពីឆ្នាំមុន”។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកហូ វណ្ឌីបានបដិសេធមិនអត្ថាធិប្បាយទាក់ទងនឹងកំនើននេះ ប៉ុន្តែលោកបានមានប្រសាសន៍ថា ចំនួនភ្ញៀវទេសចរណ៍ ដែលយើងទទួលបាននឹងកំណត់ ឬអាចជឿជាក់បាននៅពេលដំណាច់ឆ្នាំ ខណៈនិន្នាការ ភ្ញៀវទេសចរណ៍ចិនឆ្នាំនេះកើនឡើងរហូតដល់៧៨ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែភ្ញៀវមកពីតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងភ្ញៀវទេសចរណ៍មកពីតំបន់អឺរ៉ុបបានថយចុះ។

លោកបន្តថា “ទោះជាយ៉ាងណាយើងរីករាយ នឹងកំនើនភ្ញៀវដែលកម្ពុជាទទួលបាន ពិសេសភ្ញៀវទេសចរណ៍ចិន តាមរយៈកំនើននៃការតភ្ជាប់ផ្នែកអាកាសចរណ៍”៕

LEAVE A REPLY

Please enter your comment!
Please enter your name here