កម្ពុជា-ចិន ឯកភាពគ្នាក្នុងការឈប់យកពន្ឋត្រួតស៊ីគ្នា ដើម្បីបង្កើនទំនុកចិត្ត

0

ដោយ រ៉ាវី

ភ្នំពេញ៖ ក្នុងគោលដៅលើកទឹកចិត្តឱ្យអ្នកវិនិយោគិនចិន ចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងៗ រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិន បានឯកភាពព្រមព្រៀងឈប់យកពន្ឋត្រួតស៊ីគ្នាចាប់ពីថ្ងៃទី១ខែមករា ឆ្នាំ២០១៩ខាងមុខតទៅ។

លោក Chen Chagnjing ប្រធានសភាពាណិជ្ជកម្មចិនប្រចាំនៅកម្ពុជា មានប្រសា​សន៍ឲ្យដឹងថា ការយកពន្ឋត្រួតស៊ីគ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនបានធ្វើឱ្យវិនិយោគិនជួបការលំបាក ក្នុងការបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ ហើយដើម្បីជួយសម្រួលដល់ដំណើការអាជីវកម្មរបស់ពួកគេឱ្យកាន់តែប្រសើរ រដ្ឋាភិបាលទាំងពីរភាគីបានឯកភាពគ្នាឈប់យកពន្ឋត្រួតស៊ីគ្នា ចាប់ពីដើមឆ្នាំ២០១៩ខាងមុខតទៅ។

កន្លងមករហូតដល់បច្ចុប្បន្ន ការបង់ពន្ឋត្រួតស៊ីគ្នាបានតម្រូវឱ្យវិនិយោគិនបរទេស បង់ពន្ឋត្រួតស៊ីគ្នារហូតដល់១៤ភាគរយ ប៉ុន្តែនៅពេលមានការលើកលែងពន្ឋនៅឆ្នាំខាងមុខ វិនិយោគិនត្រូវបង់ចំនួនត្រឹម១០ភាគរយប៉ុណ្ណោះ ទៅលើប្រាក់ចំណេញ។ ឧទាហរ​ណ៍ថា នៅពេលមានការលើកលែងពន្ឋនោះ វិនិយោគិនចិនបានបង់ពន្ឋជូនរដ្ឋាភិបាលកម្ពុជារួចម្តងហើយ ហើយប្រាក់ដែលចំណេញសម្រាប់ផ្ញើរ ទៅក្រុមហ៊ុនធំនៅប្រទេសចិននោះ នឹងមិនត្រូវបានពន្ឋជូនរដ្ឋាភិបាលចិនម្តងទៀតទេ។

រហូតមកទល់បច្ចុប្បន្នវិនិយោគិនចិន បានចូលមកបណ្តាក់ទុននៅកម្ពុជា ប្រមាណជាជាង1000ក្រុមហ៊ុន ដែលវិនិយោគទៅលើវិស័យផ្សេងៗដូចជា អចលនទ្រព្យ សំណង់ ថាមពលអគ្គិសនី កាត់ដេរសម្លៀកបំពាក់ ហើយវិស័យដែលធំជាងគេ គឺវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវគមនាគមផ្សេងៗដូចជា ផ្លូវគោក ផ្លូវដែក ផ្លូវអាកាស និងកំពង់ផែនអន្តរជាតិជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here