កម្ពុជា _ កូរ៉េ គ្រោងវិនិយោគទឹកប្រាក់១០០លានដុល្លារលើកសិទេសចរណ៍ នៅខេត្តកោះ កុង

0

ដោយ : គង់ សូរិយា
ភ្នំពេញ : ក្រុមហ៊ុនកម្ពុជា កូរ៉េគ្រោងវិនិយោគទឹកប្រាក់១០០លានដុល្លារអាមេរិក ដើម្បីបង្កើតតំបន់កសិទេសចរណ៍ នៅក្នុងខេត្តកោះកុងលើផ្ទៃដីជំហ៊ានតំបូង២០,០០០ហិកតា។


អ្នកនាង ញ៉ូ សុខឃីម អគ្គនាយិការក្រុមហ៊ុន Coring Cambo Tour បានថ្លែងឲ្យដឹងកាលពីថ្ងៃម្សលម៉ិញនេះថា ក្រុមហ៊ុនអ្នកនាង និងសហការជាមួយអ្នកវិនិយោគមកពីប្រទេសកូរ៉េ ដើម្បីវិនិយោគលើផ្ទៃដី២០,០០០ហិកតា ដាំដំណាំកសិកម្មមួយចំនួន និងរៀបចំតំបន់នេះជាតំបន់កសិទេសចរណ៍ ព្រមទាំងមានរោងចក្រសម្រាប់កែច្នៃផលិតផលទាំងនោះដើម្បីនាំចេញផងដែរ។ អ្នកនាងបន្តថា យើបានបង្កើតក្រុមហ៊ុនដោយដាក់ឈ្មោះ Mother Plan Agriculture និងទទួលបានការអនុម័ត យល់ព្រមពីរដ្ឋាភិបាលរួចហើយ ដើម្បីចាប់ផ្តើមគំរោងនេះ ហើយយើងរំពឹងថាវានឹងអាច​ចាប់ផ្តើមនៅពេលឆាប់ៗនេះ។


អ្នកនាងបន្តថា “យើងមានគំរោងដាំសណ្តែកផ្កាយ ម្រេច ទៀបបារាំង និងផ្លែញ និងគ្រោងដាំដើមឈើក្រញូង នាងនួន និងដើមឈើកម្រដទៃទៀត ដើម្បីកែច្នៃក្នុងការ​នាំចេ​ញជាមួយក្រុមហ៊ុនដទៃទៀត”។អ្នកនាងបន្តថា “យើងមានគំរោងជីកប្រឡាយនៅលើផ្ទៃដីចន្លោះ១ហិកតាមួយ ដើម្បីធ្វើជាកន្លែងដែលទូកផ្សេងៗអាចចរាចរបាន ដើម្បីដឹក​ភ្ញៀវទេសចរណ៍កំសាន្តនៅតាមចម្ការបស់យើង”។

អ្នកនាង ញ៉ូ សុខឃីម បានបន្តថា គំរោងនេះមានដៃគូសហការលើសពីមួយ ដើម្បីធ្វើឲ្យគំរោងនេះ ទទួលបានជោគជ័យតាមការគ្រោងទុក ព្រោះផលិតផលរបស់យើងមិនត្រឹមតែបំរើទីផ្សារក្នុងស្រុកនោះទេ ប៉ុន្តែសម្រាប់បំរើដល់ការនាំចេញផងដែរ។ ហេតុនេះយើងត្រូវការដៃគូវិនិយោគមកសាងសង់រោងចក្រកែច្នៃ និងរោងចក្រសម្រាប់សម្ងួតផលិត​ផល ដើម្បីបំរើឲ្យគំរោងនេះទទួលបានជោគជ័យ។


ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក លោក ធួន ស៊ីណាន បានគាំទ្រគំរោងនេះ និងធ្លាប់លើកឡើងជារឿយៗថា អ្នកវិនិយោគឯកជនគួរមានការកែច្នៃរមណីយដ្ឋាន​កែច្នៃឲ្យបានច្រើនបន្ថែមទៀតនៅកម្ពុជា ព្រោះកុំដេកស៊ីកេរដូនតា ដោយមិនបានធ្វើអ្វីសោះ។ លោកបន្តថា បើទោះកម្ពុជាមានធនធានធម្មជាតិច្រើន មានសម្បត្តិបេតិកភ័ណ្ឌពិភពលោក ដែលល្បីល្បាញពេញពិភពលោកហើយ តែយើងត្រូវការការររៀបចំ​និងកែច្នៃបន្ថែមទៀត ដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ឲ្យមកស្នាក់នៅកម្ពុជារយៈពេលយូរ និងចំណាយប្រាក់ច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here