ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពន្ធសម្រេចបានជាង៦ពាន់លានដុល្លារ

0

ដោយវុត្ថា

ភ្នំពេញ: រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកឱក ប៊ុង បានអះអាងថា ការនាំចេញរបស់កម្ពុជា នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធនៅឆមាសទី១នៃឆ្នាំ២០១៨ មានតម្លៃ ៦,២២៩លានដុល្លារអាមរិក គឺបានកើនឡើងជាង១៥% បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៧ ដែលមានទឹកប្រាក់ត្រឹមតែ ៥,៣៨៦លានដុល្លារអាមេរិកប៉ុណ្ណោះ។

ការអះអាងរបស់លោកលេខាធិការ បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាព ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ស្តីពីអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល(ជំនាន់ទី២ និងទី៣) និងបើកវគ្គបណ្តុះបណ្តាលអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល (ជំនាន់ទី៤) ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ

លោកឱក ប៊ុងបានស្នើសហភាពអឺរ៉ុប អាមេរិក កាណាដា ជប៉ុន ចិន និងអាស៊ាន គឺជាទីផ្សារដែលស្រូបយកផលិតផលកម្ពុជា រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង កាបូប ជ័រកៅស៊ូ អង្ករ ដំឡូងមី និងផលិតផលកសិកម្មផ្សេងៗទៀត។

ជាមួយគ្នានេះលោកបានសម្តែងការអបអរចំពោះសិក្ខាកាមចំនួន ១១៤នាក់ ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាល ជំនាន់ទី២ និងទី៣ ដោយជោគជ័យ ព្រមទាំងសិក្ខាកាមចំនួន ៦៤នាក់ ដែលត្រូវបានជ្រើសរើសចូលរៀនវគ្គបណ្តុះបណ្តាល ជំនាន់ទី៤ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខ។

ដើម្បីជួយពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងនីតិវិធីពាក់ព័ន្ធនឹងការស្នើសុំវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញ (CO) ក៏ដូចជាការផ្តល់ឯកសារនាំចេញ-នាំចូលឱ្យកាន់តែមានប្រសិទ្ធិភាព ក្រសួងពាណិជ្ជកម្ម តាមរយៈវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) បានសហការ ជាមួយនាយកដ្ឋាននាំចេញ-នាំចូល រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល» ចំនួនបីវគ្គរួចមកហើយ ដោយមានសិក្ខាកាមចូលរួមសរុប១៨០នាក់។

តាមរយៈវគ្គបណ្តុះបណ្តាលទាំងនេះ បានធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជា មានវឌ្ឍនភាពល្អប្រសើរ។ ជាក់ស្តែងទឹកប្រាក់នាំចេញរបស់កម្ពុជា នៅក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេសក្នុងឆ្នាំ២០១៧ មានតម្លៃសរុប ១១,១៥៣លានដុល្លារអាមេរិក គឺបានឡើងប្រមាណ១៨ភាគរយ បើប្រៀបធៀបឆ្នាំ២០១៦ ដែលមានទឹកបា្រក់ត្រឹមតែ ៩,៤២១លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here