ការប្រមូលពន្ឋគយក្នុងវិស័យសំណង់កើនឡើង ២៦,៦ភាគរយ ក្នុងឆមាសទី១

0

ដោយ រ៉ាវី

ភ្នំពេញ៖ បើទោះបីជាវិស័យសំណង់ មានការថមថយជាងឆ្នាំមុនបន្តិច ក្រោមហេតុផលគម្រោងសំណង់ធំៗ ត្រូវបានបញ្ចប់ការសាងសង់របស់ខ្លួនក៍ដោយ ប៉ុន្តែការនាំចូលសម្ភារៈសំណង់នៅតែបន្តកើនឡើង ដោយសារសំណង់ផ្ទះល្វែងកើនឡើងជាលំដាប់។

លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជាមានប្រសាសន៍ ក្នុងកិច្ចប្រជុំបូកសរុបការងារគយនិងរដ្ឋាករ ប្រចាំឆមាសទី១ ឆ្នាំ២០១៨ នេះថា ការប្រមូលពន្ឋគយលើសម្ភារៈគ្រឿងសំណង់កើនឡើង២៦,៦ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨នេះ។ លោកបន្តថា ក្នុងឆមាសទី១ ឆ្នាំ២០១៨ នេះ ចំណូលសរុប ដែលប្រមូលដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមានប្រមាណ៤,៧៣៦ប៊ីលានរៀល ឬប្រមាណជា១,១៧២លានដុល្លារអាមេរិក ។

តួលេខចំណូលនេះត្រូវជាប្រមាណ៥៦,៧ភាគរយ នៃផែនការដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៧  ចំណូលនេះ កើនឡើងប្រមាណ២៧,៨ភាគរយ ក្នុងនោះចំណូលពីមុខទំនិញយានយន្តមានកំណើន៤០,៥ភាគរយ។ មុខទំនិញប្រេងនិងថាមពលកើនឡើង១០,៥ភាគរយ គ្រឿ​ងសំណង់កើនឡើង២៦,៦ភាគរយ និងមុខទំនិញចម្រុះផ្សេងទៀតមានកំណើន២៧ភាគ​រយ។

ប្រភេទពន្ធនិងអាករសំខាន់ៗ ដែលប្រមូលដោយគយមានពន្ធគយ (ពន្ធនាំចូល), អាករពិសេស និងអាករលើតម្លៃបន្ថែម (VAT)។ នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ បើប្រៀបធៀបនឹងឆមាសទី១ឆ្នាំ២០១៧ លទ្ធផលចំណូលតាមប្រភេទពន្ធមានការប្រែប្រួលដូចតទៅ ពន្ធគយមានកំណើនជិត១៦ភាគរយ អាករពិសេសមានកំណើន៣៩,៤ភាគរយ ហើយ VAT មានកំណើន២៧ភាគរយផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here