ដោយ គង់ សូរិយា
ភ្នំពេញ៖ ការផ្គត់ផ្គង់អាផាតម៉ិននៅតំបន់ទួលទំពូង និងសង្កាត់បឹងត្របែកហាក់លើសតម្រូវការបន្តិចហើយ ដោយបានទាញតម្លៃជួលធ្លាក់ចុះទាបជាងមុន ដោយសារទីផ្សារកំពុងប្រកួតប្រជែងគ្នាខ្លាំង។
អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal លោកឧកញ៉ានួន រិទ្ឋីបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃអង្គារថា អាផាតម៉ិននៅក្នុងសង្កាត់ទួលទំពូង និងផ្សារដើមថ្កូវមានការផ្គត់ផ្គង់ច្រើន និងកំពុងលើសតម្រូវការ ដែលធ្វើឲ្យទីផ្សារនេះកាន់តែមានការប្រកួតប្រជែង ហើយបង្ខំចិត្តឲ្យម្ចាស់អាផាតម៉ិននានាទំលាក់តម្លៃ ដើម្បីទាក់ទាញអ្នកស្នាក់នៅ។លោកបន្តថា អត្រាជួលក៏ធ្លាក់ចុះ និងតម្លៃធ្លាក់ចុះក្នុងរង្វង់ប្រមាណ១០ភាគរយនៅតំបន់ទាំងនេះ ដែលអ្នកវិនិយោគអាផាតម៉ិនភាគច្រើន សាងសង់អាផាតម៉ិនកម្រិតBជាជាងកម្រិតAឬអាផាតម៉ិនប្រណីត។
បច្ចុប្បន្ន តម្លៃអាផាតម៉ិនមួយបន្ទប់គេងនៅតំបន់នេះ អាចរកបានក្នុងតម្លៃចន្លោះពី៣៥០ដល់៧៥០ដុល្លារ អាផាតម៉ិនពីរបន្ទប់គេងមានតម្លៃចន្លោះពី៧៥០ ទៅ១៥០០ដុល្លារ និងអាផាតម៉ិនបីបន្ទប់គេងមានតម្លៃចន្លោះពី១៥០០ដល់២៥០០ដុល្លារក្នុងមួយខែ។នេះបើតាមឧកញ៉ានួន រិទ្ឋី។
លោកបន្តថា “ទោះជាការប្រកួតប្រជែងកើនឡើង និងកំនើននៃការសាងសង់ក្តី ប៉ុន្តែខ្ញុំមិនមានការព្រួយបារម្ភពីបញ្ហាក្នុងទីផ្សារនេះទេ ដោយសារកម្ពុជាបានភ្ជាប់ខ្លួនជាសមាជិកអាស៊ាន និងសហគមន៍សេដ្ឋកិច្ចពិភពលោក ដែលធ្វើឲ្យអ្នកវិនិយោគអន្តរជាតិកាន់តែច្រើនចូលមក ហើយតម្រូវការអាផាតម៉ិននឹងកើនឡើងជាស្វ័យប្រវត្តិ”។លោកបន្តថា “ទាល់តែមានការផ្គត់ផ្គង់ ទើបមានតម្រូវការ ព្រោះបើយើងរង់ចាំតម្រូវការ ទើបមានការផ្គត់ផ្គង់ នោះជាបញ្ហា”។
បើតាមលោកឆេង គៀតចៅសង្កាត់ទួលទំពូង១ ខ័ណ្ឌចំការមកបានថ្លែងឲ្យដឹងថា នៅក្នុងសង្កាត់របស់លោកមានអាផាតម៉ិនកំពូងសាងសង់ និងបញ្ចប់ការសាងសង់ជាង២០គំរោង ដែលតាមធម្មតាលោកមើលឃើញថា គម្រោងរបស់ពួកគេទទួលបានជោគជ័យផងដែរ។
អ្នកវិនិយោគអាផាតម៉ិន Phnom Penh Star នៅក្នុងសង្កាត់បឹងត្របែក ដែលស្ថិតនៅក្បែរសង្កាត់ទទួលទំពូង បានថ្លែងឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា មួយរយៈចុងក្រោយនេះអតិថិជនហាក់មានភាពស្ងប់ស្ងាត់ ដោយសារស្ថិតក្នុងកំឡូងពេលឈប់សម្រាកច្រើន ប៉ុន្តែលោកទទួលស្គាល់ថា ទីផ្សារអាផាតម៉ិននៅតំបន់នេះ ពិតជាមានការប្រកួតប្រជែងខ្លាំង ដោយសារគំរោងថ្មីៗបានកើនឡើង ដែលធ្វើឲ្យម្ចាស់អាផាតម៉ិននានាទំលាក់តម្លៃជួល ដើម្បីចាបើយកអតិថិជន និងរក្សាអតិថិជនចាស់។
លោកបន្តថា “លោកបានបញ្ចុះតម្លៃអាផាតម៉ិន និងពង្រឹងការផ្តល់សេវាកម្មកាន់តែប្រសើរដល់អតិថិជន និងទាក់ទាញអតិថិជនថ្មីៗបន្ថែមទៀត”៕