កូរ៉េកំពុងសិក្សាសាងសង់ស្ពានជ្រោយចង្វារ ស្វាយជ្រុំដើម្បីផ្តល់ចំណងដៃដល់កម្ពុជា

0

ដោយគង់ សូរិយា

       ភ្នំពេញ: មន្រ្តីជំនាញនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកូរ៉េ កំពុងសិក្សាលទ្ឋភាពសាងសង់ស្ពានភ្ជាប់រវាងតំបន់ជ្រោយចង្វារ ស្វាយជ្រុំ ដើម្បីសាងសង់សំ​រាប់ជាចំណងដៃមិត្តភាពកម្ពុជា កូរ៉េ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រ​សាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ សីហានេះថា ប្រទេសកូរ៉េកំពុងសិក្សាពីការ​សាងសង់ស្ពានភ្ជាប់រវាងតំបន់ខាងលើនេះ ទៅកាន់តំបន់ស្វាយជ្រុំ នាស្រុកល្វាឯម ខេត្តកណ្តាល មុននឹងសម្រេចសាងសង់នាពេលខាងមុខនេះ។លោកបន្តថា កូរ៉េមានបំណងចង់ជួយសាងសង់ស្ពានមួយ សម្រាប់ជាចំណងដៃដល់កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរ។

លោកបន្តថា “ទោះជាយ៉ាងណាការសាងសង់ស្ពាននេះ នឹងសិក្សាបញ្ចប់នាពេល​ណា ខ្ញុំមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែរំពឹងថានឹងបញ្ចប់នាពេលឆាប់ៗនេះ”។

គំរោងស្ពាននេះ ធ្លាប់ត្រូវបានលើកឡើងដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋ​មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយមន្រ្តីជាន់ខ្ពស់កូរ៉េ។ សម្តេចបានលើកឡើងថា ជប៉ុន ចិនមានស្ពានជាចំណងដៃច្រើនផ្តល់ឲ្យកម្ពុជា ប៉ុន្តែកូរ៉េមិនទាន់បានផ្តល់ចំណងដៃ​ដល់កម្ពុជាទេ ហេតុនេះកូរ៉េគួរមានសមិទ្ឋិផលសម្រាប់ជាចំណងដៃរវាងប្រទេសទាំងពីរ។

ប្រធានាធិបតីកូរ៉េលោកម៉ូន ជេអ៊ីនមានគំរោងទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខនេះ ហើយ Propertyarea.asia រំពឹងថា ប្រធានាធិបតីរូបនេះនឹងប្រកាសផ្តល់ជំនួយ​សាងសង់ស្ពាននេះ។

លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងផងដែរថា កន្លងមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រោងផ្តល់ការវិនិយោគសាងសង់ស្ពាននេះ ដល់ក្រុមហ៊ុនឯកជន ជាការ​វិនិយោគបង់ប្រាក់បែប BOT ប៉ុន្តែគំរោងនេះមិនដឹងវិវត្តន៍បែបណានៅឡើយទេ។លោកបន្តថា ទោះជាយ៉ាងណាចិនក៏គ្រោងជួយសាងសង់ស្ពាននេះផងដែរ ហើយចិនបានសិក្សាពីគម្រោងសាងសង់ស្ពាននេះរួចហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here