ក្រសួងសេដ្ឋកិច្ច៖ វិស័យអចលនទ្រព្យនឹងបន្តកំណើនរ៉ឹងមាំខណៈនិន្នាការវិនិយោគថយថយល្បឿន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករណ៍ថា វិស័យអចលនទ្រព្យនឹងបន្តមានកំនើនដោយរ៉ឹងមាំក្នុងឆ្នាំនេះ និងឆ្នាំ២០១៩ខាងមុខ បើទោះបីទីផ្សារបានងាកទៅកាន់ប្រជាពលរដ្ឋមានប្រាក់ចំណូលមធម្យមក្តី។

យោងតាមឯកសារសមិទ្ធកម្ម និងទស្សនវិស័យរបស់អគ្គនាយកដ្ឋានគោលនយោ​បាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញឲ្យដឹងកាលពីពេលថ្មីៗនេះថា វិស័យ​អចលនទ្រព្យ នឹងនៅបន្តមានកំណើនរឹងមាំក្នុងរង្វង់៨,៥ភាគរយ ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ប៉ុន្តែមានការធ្លាក់ចុះបន្តិចបន្តួចបើប្រៀបធៀបទៅឆ្នាំ២០១៧។

វិស័យអចលនទ្រព្យបានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដោយបានក្លាយជា ​កំលាំងចលករធំទី២ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ បន្ទាប់ពីវិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើង ដែលជាវិស័យនាំចេញធំជាងគេទី១របស់កម្ពុជា។

ទោះជាយ៉ាងណានៅក្នុងទីផ្សារនេះ អ្នកជំនាញបានលើកឡើងថា ស្ថានភាពនៅកម្ពុជា កំពុងតែមានភាពផ្លាស់ប្តូរនិន្នាការមួយចំនួនក្នុងវិស័យនេះ។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីមបានថ្លែងថា ក្នុងឆ្នាំនេះសកម្មភាពទិញលក់អចលនទ្រព្យ នៅតែមានភាពរ៉ឹងមាំ ប៉ុន្តែដោយសារវាជាឆ្នាំនៃការបោះឆ្នោត មានអ្នកវិនិយោគមួយចំនួនមានការប្រុងប្រយ័ត្ន បើទោះជាស្ថានភាពនយោបា​យមិនមានអ្វីប្រែប្រួលក្តី ប៉ុន្តែអារម្មណ៍របស់ប្រជាជននៅតែគិត។លោកបន្តថា ផ្ទុយទៅវិញ ប្រសិនជាយើងមើលនិន្នាការនៃការវិនិយោគផ្ទាល់ពីបរទេស ជាទូទៅគឺមាននិន្នាការ​ថយចុះ ប៉ុន្តែជាចក្ខវិស័យសម្រាប់រយៈពេលវែង វិស័យនេះនៅតែមានភាពល្អប្រសើរនិង​រីកចម្រើនបន្តទៀត។

លោកបន្តថា អ្វីនៅពីក្រោយភាពរីកចម្រើននេះ ដោយសារកត្តាមួយចំនួនដូចជា ទី១ ប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ ដែលអ្នកអភិវឌ្ឍន៍អាចចាប់យកឳកាស និងអាចរកបាន​ប្រាក់ចំណេញច្រើន ទី២ ប្រទេសនេះមានប្រាក់ចំណេញខ្ពស់ ពីការវិនិយោគច្រើនជាងប្រទេសអភិវឌ្ឍន៍ហើយ ទី៣ កំនើនសេដ្ឋកិច្ច និងការកើនឡើងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ជាចលករជួយជម្រុញវិស័យនេះកាន់តែមានភាពរ៉ឹងមាំ ទី៤ ការគាំទ្រពីវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ និងទី៥ ការវិនិយោគបន្ថែមពីអ្នកវិនិយោគបរទេសលើគំរោងនានា ដើម្បីពង្រីកមូលដ្ឋានអាជីវកម្មរបស់ពួកគេ (Investment Fund)។

នាយិការប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបាន​ថ្លែងថា ក្នុងឆ្នាំនេះយើងសង្កេតឃើញថា គំរោងវិនិយោគថ្មីពីអ្នកវិនិយោគក្នុងស្រុក និងលំហូរទុនវិនិយោគផ្ទាល់ពី​បរទេសបានថយចុះ ដែលមិនមែនដោយសារការបោះឆ្នោតនោះទេ ប៉ុន្តែដោយសារកត្តាទីផ្សារខ្លួនឯង ព្រោះគំរោងអភិវឌ្ឍន៍កន្លងមក៨០ភាគរយ ជាលំនៅដ្ឋាន ហេតុនេះទីផ្សារត្រូវការពេលវេលា ដើម្បីទទួលយកតម្រូវការបន្ថែម។

អ្នកនាងបន្តថា “កត្តានេះហើយ ដែលធ្វើឲ្យអ្នកវិនិយោគបរទេសមួយចំនួននៅរង់ចាំមើលស្ថានភាពទីផ្សារ ប៉ុន្តែមិនមែនពួកគេពន្យាពេលគំរោងរបស់ពួកគេនោះទេ”។អ្នកនា​ងបន្ថែមថា “បើមើលទីផ្សារវាមិនលើសតម្រូវការនោះទេ ប៉ុន្តែវាបានផ្លាស់ប្តូរនិន្នាការពី​បែបប្រពៃណី មកកាន់ស្តង់ដាកាន់តែទំនើបជាងមុន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here