ក្រុមហ៊ុនចិន កម្ពុជា ជាង១០០ រៀបចំពិព័រណ៍ពាណិជ្ជកម្មអន្ដរជាតិជាលើកដំបូង

0

ដោយ វុត្ថា

ភ្នំពេញ ក្នុងគោលដៅពង្រីកការតភ្ជាប់បណ្តាញទីផ្សារ និងដើម្បីបង្កើនសក្តានុពលនៃការវិនិយោគរបស់ខ្លួននៅកម្ពុជា ក្រុមហ៊ុនជាង១០០ មកពីខេត្ដហ៊ូណាន និងខេត្ដសានតុងនៃប្រទេសចិន រួមជាមួយសហគ្រាសនៅក្នុង ប្រទេសកម្ពុជា បានរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្ដរជាតិជាលើកដំបូងនៅកម្ពុជា។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកឈួន ដារ៉ាបានថ្លែងក្នុងពិធីបើកពិព៌ណពាណិជ្ជកម្មអន្ដរជាតិលើកទី១នៅកម្ពុជា កាលពីថ្ងៃទី១៦ ខែមីនាកន្លងមកថា ការរៀបចំសហការពិព៌ណពាណិជ្ជកម្មរវាង ក្រុមហ៊ុនសហគ្រាសចិន និងកម្ពុជានេះ គឺបានផ្ដល់នូវផលចំណេញច្រើនដល់អ្នកវិនិយោគ និងពាណិជ្ជករ ដែលបានបើកអាជីវកម្មនៅកម្ពុជា ជាពិសេសពង្រឹងទំនាក់ទំនងល្អរវាងរដ្ឋាភិបាលចិន អ្នកវិនិយោគិនចិន ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងពាណិជ្ជករកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកបន្តថា “ការចូលមកវិនិយោគរបស់ក្រុមហ៊ុនចិន ច្រើននៅកម្ពុជា បានផ្ដល់នូវផលប្រយោជន៍ជាច្រើន ដល់ការរីកចម្រើនផ្នែកវិស័យសេដ្ឋកិច្ច ពា​ណិ​ជ្ជកម្ម និងធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា មានការងារធ្វើកាន់តែច្រើនថែមទៀត ដើម្បីបង្កើនប្រាក់ចំណូល និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក”។

លោកស្រី វ៉ាង លីភឹង អគ្គនាយិកាក្រុមហ៊ុនវ៉ាងនី គ្រុបរបស់ចិន ដែលជាក្រុមហ៊ុនរៀបចំពិព័រណ៍នេះ បានឱ្យដឹងថា ការរៀបចំពិព័រណ៍នេះឡើងក្នុងគោលបំណងជំរុញទំនាក់ទំនង ពង្រីកការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងចិនឱ្យកាន់តែកើនឡើងបន្ថែមទៀត ជាពិសេសការលើកកម្ពស់ទីផ្សារទំនិញ និងផលិតផលរបស់សហគ្រាស ប្រទេសទាំងពីរ ក្នុងការបើកផ្លូវសម្រាប់អាជីវកម្ម សេវាកម្ម និងផលិតផលផ្សេងៗទៀត។ លោកស្រីបានបន្ដទៀតថា ចាប់ពីឆ្នាំ២០១៨នេះតទៅ ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន សហគ្រាសចិន គ្រោងនឹងរៀបចំពិព៌ណពាណិជ្ជកម្មអន្ដរជាតិ ជារៀងរាល់ឆ្នាំ ដើម្បីគាំទ្រទីផ្សារទំនិញ និងផលិតផលរបស់ចិន និងកម្ពុជា។

​ ពិព៌ណពាណិជ្ជកម្មអន្ដរជាតិលើកទី១នេះ ធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព៌ណកោះពេជ្រ ដែលមានដាក់តាំងនូវផលិត ផលទេសចរណ៍ ផលិតផលឧស្សាហកម្ម  កសិកម្ម ចំណីអាហារ សម្លៀកបំពាក់ស្បែកជើង គ្រឿងសំអាង រថយន្ដ និងម៉ូតូ គ្រឿង សម្ភារៈសំណង់ ផលិតផលអេឡិចត្រូនិក និងផ្នែក អចលនទ្រព្យ សរុបចំនួន១២ប្រភេទ និងមានស្ដង់ចំនួន១០០ស្ដង់ ដែលមានក្រុមហ៊ុន សហគ្រាសចិន និងកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here