ក្រុមហ៊ុនអចលនទ្រព្យយក្សអាមេរិកស្វែងរកដៃគូសហការនៅខេត្តចំនួន17

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Century21 Cambodia កំពុងស្វែងរកដៃគូសហការ ដើម្បីផ្តល់សេវាកម្មទិញលក់ ជួលអចលនទ្រព្យនៅ​ខេត្តចំនួន១៧ ក្នុងចំណោមរាជធានី ខេត្តចំនួន 25 ។

អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាថ្ងៃទី5 មីនានេះថា​ ក្នុងចំណោមរាជធានី ខេត្តចំនួន25 ក្រុមហ៊ុនរកបានដៃគូសហការនៅរាជធានី ខេត្តចំ​នួន​ 8 រួចហើយ នៅសល់តែខេត្ត​ចំនួន17 ដែលយើងត្រូវការស្វែងរកដៃគូសហការ ដើម្បីផ្តល់សេវាកម្មទិញលក់ ជួល វាយតម្លៃអចលនវត្ថុកម្ពុជា។ អ្នកនាងបន្តថា អ្នកមានបំណងជាដៃគូសហការជា​មួយក្រុមហ៊ុន Century21 Cambodia នឹងទទួលបានការបណ្តុះបណ្តាល និងការៀរបចំការិយាល័យជូនដោយឥតគិតថ្លៃ នៅតាមបណ្តាខេត្តដែលពួកគេរស់នៅ។

អ្នកនាងបន្តថា “អ្វីសំខាន់យើងស្វែងរកអ្នក ដែលមានចំណូលចិត្តធ្វើការ​ងា​រផ្នែកនេះ ជាមនុស្សមានភាពអត់ធ្មត់ និងជាមនុស្សដែលមានភាពស្មោះត្រង់ ដើម្បីធ្វើការងារក្នុងវិស័យនេះឲ្យបានជោគជ័យ”។ អ្នកនាងបន្តថា “បណ្តាខេត្តទាំងនោះសុទ្ឋតែមានសក្តានុពល លើវិស័យអចលនវត្ថុ ប៉ុន្តែដោយសារខេត្តមិន​ទាន់មានអ្នកជំនាញផ្នែកនេះ ដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ និងប្រកប​ដោយវិជ្ជាជីវៈ ទើបការទាញយកសក្តានុពលរបស់ខេត្តនៅមានកម្រិត”។

អ្នកនាង Grace Rachny Fong បានបន្តថា បណ្តាខេត្តដែលមិនទាន់មានភ្នាក់ងារអចលនវត្ថុ​ ដែលសហការជាមួយក្រុមហ៊ុន Century21 Cambodia មានដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង កំពង់ឆ្នាំង ពោធិសាត់ បន្ទាយមានជ័យ កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង  ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប ព្រះវិហារ ប៉ៃលិន កែប កោះកុង ។

អ្នកនាងបន្តថា សម្រាប់អ្នកមានបំណងចង់ក្លាយជាភ្នាក់​ងារ អចលនទ្រព្យ និងធ្វើការងារដៃគូជាមួយក្រុមហ៊ុន អាចទំនាក់ទំនងជាមួយក្រុមហ៊ុនបានតាមរយៈលេខទូរស័ព្ទ ០៩៥ ៦៦៦ ២៩៨ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here