ខណ្ឌ7មករា នឹងមានស្ពានអាកាសថ្មើរជើងដ៏ធំ និងស្រស់ស្អាតជាងគេនៅក្នុងរាជធានីភ្នំពេញ

0

ជាមួយនឹងកិច្ចបន្តសកម្មភាពអភិវឌ្ឍន៍សម្រស់រាជធានីភ្នំពេញ ជាពិសេសកាត់បន្ថយនូវហានិភ័យដែលបណ្តាលមកពីបញ្ហាចរាចរណ៍ដល់អ្នកថ្មើរជើងនោះ សាលារាជធានីភ្នំពេញបានធ្វើការសិក្សាលម្អិតជាមួយក្រុមហ៊ុន អ្នកវិនិយោគអាណិកជនកម្ពុជា ហៅកាត់ OCIC ទៅលើការសាងសង់ស្ពានអាកាសសម្រាប់អ្នកថ្មើរជើងស្ថិតនៅចំណុចស្តុបរង្វង់មូលនាងគង្ហីង ស្ថិតក្នុង ខណ្ឌ 7 មករា ។

ផ្អែកតាមសម្ដីរបស់លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា គម្រោងស្ពានអាកាសសម្រាប់អ្នកថ្មើរជើងនេះ នឹងចូលរួមកាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍សម្រាប់អ្នកថ្មើរជើងបានមួយចំណែកធំ ដោយក្រុមអ្នកជំនាញនឹងចាប់ផ្តើមដំណើរការសាងសង់នៅត្រឹមសប្ដាហ៍ក្រោយនេះ ។ លោកបានបន្តទៀតថា សម្រាប់ស្ពានអាកាសសម្រាប់អ្នកថ្មើរជើងទី3នេះ នឹងត្រូវសាងសង់ជារង្វង់ ដោយមានច្រកជណ្ដើរឡើងចុះចំនួន5 តាមចំណុចស្តុបនីមួយៗ ដោយត្រូវចំណាយពេលក្នុងការសាងសង់ប្រមាណជា6ខែ ពោលគឺអាចបញ្ចប់ការសាងសង់ក្រោយបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ2018ខាងមុខនេះ ដោយឡែកសម្រាប់ទំហំទឹកប្រាក់ក្នុងការសាងសង់ស្ពានមួយនេះខាងរដ្ឋបាលសាលារាជធានីភ្នំពេញ នឹងធ្វើការប្រកាសជូនសាធារណៈជននៅពេលខាងមុខនេះ។

ជាមួយគ្នានេះ លោក ម៉េត មាសភក្ដី ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ខាងសាលារាជធានីភ្នំពេញ កំពុងតែធ្វើការសិក្សាបន្ថែមទៅលើការសាងសង់ស្ពានអាកាសសម្រាប់អ្នកថ្មើរជើងជាបន្តបន្ទាប់ទៀត ដើម្បីបញ្ចៀសបញ្ហាកក់ស្ទះចរាចរណ៍ និងកាត់បន្ថយហានិភ័យដែលកើតចេញពីគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលស្ពានអាកាសសម្រាប់អ្នកថ្មើរជើងទី1 និងទី2 ត្រូវបានសាងសង់នៅម្តុំជម្ពូរវ័ន្ត ខណ្ឌពោធិ៍សែនជ័យ និងស្ពានទី3 គឺនៅក្នុងខណ្ឌ 7មករា ដែលគ្រោងនឹងសាងសង់នៅត្រឹមសប្ដាហ៍ក្រោយនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here