ខេត្តព្រះសីហនុប្រឈមនឹងកង្វះបន្ទប់សណ្ឋាគាររយៈពេលវែង

0

ដោយគង់ សូរិយា

ភ្នំពេញ៖ កំនើនភ្ញៀវទេសចរណ៍ និងអ្នកធុរកិច្ចបានធ្វើឲ្យខេត្តព្រះសីហនុ ប្រឈមមុខនឹងកង្វះបន្ទប់សណ្ឋាគាររយៈពេលវែង ទោះបីជាមានការផ្គត់ផ្គង់សណ្ឋាគារថ្មីៗកើនឡើងក្តី។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោកតាំង សុចិត្រគ្រឹះស្នាបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៦ សីហាកន្លងមកថា ខេត្តព្រះសីហនុនៅតែមានការខ្វះបន្ទប់ជាប្រចាំពិសេសថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យទានធំៗ បើទោះជាសណ្ឋាគារថ្មីៗកើនឡើងច្រើនក្តី ប៉ុន្តែសណ្ឋាគារទាំងនោះមិនទាន់បានបំពេញតម្រូវការរបស់ភ្ញៀវនៅឡើយ។លោ​កបន្តថា នៅចុងឆ្នាំនេះឬដើមឆ្នាំ២០១៩ សណ្ឋាគារធំៗចំនួន៥ទៀត ដែលមានបន្ទប់២០០០បន្ទប់ទៀតនឹងដាក់ឲ្យដំណើរការ តែចំនួននេះមិនទាន់ឆ្លើយតបនឹងតម្រូវការទេ។

លោកបន្តថា “ការវិនិយោគសណ្ឋាគារកម្រិតផ្កាយពីរ ឬផ្កាយបីដែលមានបន្ទប់​ចន្លោះពី២០ទៅ៣០បន្ទប់ច្រើនផងដែរ តែសណ្ឋាគារទាំងនោះត្រូវចិនជួលយកអស់ ដើម្បីដាក់បុគ្គលិករបស់ពួកគេ”។លោកបន្តថា “ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរណ៍ ពិសេ​សភ្ញៀវទេសចរណ៍ចិន យើងទាមទារឲ្យមានការវិនិយោគបន្ថែមទៀតលើសេវាបដិសណ្ឋា​រកិច្ច ដើម្បីឆ្លើយតបនឹងតម្រូវការ។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌីបានថ្លែងថា ការកើនឡើងនៃចំនួនបន្ទប់សណ្ឋាគារមានកម្រិតយឺត បើធៀបនឹងកំនើនភ្ញៀវទេសចរណ៍ ពិសេ​សភ្ញៀវទេសចរណ៍ចិន ដែលកើនឡើង២២ភាគរយក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។លោកបន្តថា​ ចំនួនភ្ញៀវទេសចរណ៍ ពិសេសភ្ញៀវទេ​សចរណ៍ចិន ពិតជាមានការកើនឡើងខ្លាំង ធៀបនឹងប៉ុន្មានឆ្នាំមុន ដែលនេះជាហេតុផល​ធ្វើឲ្យបន្ទប់សណ្ឋាគារខ្វះខាត។

លោកបន្តថា សណ្ឋាគារភាគច្រើនត្រូវបានជួលដោយអ្នកវិនិយោគចិន ហើយពួកគេមិនជួលបន្ទប់ដល់ភ្ញៀវទេសចរណ៍ក្នុងស្រុក និងភ្ញៀវទេសចរណ៍អន្តរជាតិដទៃទៀតទេ ដោយពួកគេទុកជួលឲ្យឬបំពេញតម្រូវការរបស់ភ្ញៀវចិនរបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here