គោលនយោបាយខ្សែក្រវាត់ និងផ្លូវរបស់ចិន បានជំរុញឱ្យកម្ពុជាចិនកាន់តែខិតជិតគ្នា

0

ដោយវុត្ថា

       ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ថា ក្រៅពីចូលរួមជំរុញឱ្យកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ គោលនយោបាយខ្សែក្រវាត់ និងផ្លូវរបស់មហាអំណាចចិន ក៏បានចូលរួមជំរុញឱ្យកិច្ចសហប្រតិបត្តិការ លើវិស័យសហជីពរបស់កម្ពុជា និងចិនកាន់តែល្អប្រសើរ តាមរយៈការការពារផលប្រយោជន៍កម្មករ និងការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក។

លោករដ្ឋមន្ត្រីអ៊ិត សំហេងបានលើកឡើងក្នុងឱកាសទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូសហព័ន្ធសហជីពខេត្តយូណាន (YPFTU) នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក HUANG ZENGQIANG អនុប្រធានសមាគមមិត្តភាពបរទេស នៃសហព័ន្ធសហជីពខេត្តយូណាន រួមជាមួយវត្តមានរបស់លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។

លោកអ៊ិត សំហេងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងសភាសម្ព័ន្ធសហជីពជាតិកម្ពុជារបស់លោក សោម អូន ជាមួយសហព័ន្ធសហជីពខេត្តយូណាន ដែលបានខិតខំពង្រីក និងពង្រឹងទំនាក់ទំនងលើវិស័យសហជីព និងវិស័យជាច្រើនទៀត ដែលជាផ្នែកមួយដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ប្រជាជននិងប្រ​ជា​ជន ក៏ដូចជារវាងកម្មករ និងកម្មករ ។

កិច្ចសហប្រតិបត្តិការនេះ បានរួមវិភាគទាននៅក្នុងចំណងមិត្តភាព នៃប្រទេសទាំងពីរកម្ពុជា-ចិន ស្របនឹងទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ របស់ប្រមុខដឹកនាំប្រទេ​សទាំងពីរ ដែលមានសម្ដេចតេជោហ៊ុន សែន និងលោកប្រធានាធិបតី ស៊ី ជិនពីង ពិសេ​ស គឺស្របនឹងគោលនយោបាយខ្សែក្រវាត់ និងផ្លូវរបស់មហាអំណាចចិនផងដែរ។

លោក HUANG ZENGQIANG បានឱ្យដឹងថា ដោយសារគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈ១០០ភាគរយនៅក្នុងរដ្ឋសភា បន្តដឹកនាំប្រទេសកម្ពុជាទៀតនោះ លោកជឿជាក់ថា សហជីពចិន និងសហជីពកម្ពុជា នឹងអនុលោមទៅតាមគោនយោបាយផ្លូវមួយខ្សែក្រវាត់មួយ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ កាន់តែប្រសើរជាងមុន។

លោកបន្តថា “សហជីពលោកនឹងសហការជាមួយសហជីពកម្ពុជា បន្តខិតខំដោះស្រាយបញ្ហាជូនកម្មករទាំងពីរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here