គំរោងអស្ចារ្យមួយទៀតលេចឡើងនៅលើមហាវិថីសហព័ន្ឋរុស្ស៊ី

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ វត្តមានអាគារខ្ពស់ៗនៅទីក្រុងភ្នំពេញ មិនបញ្ចប់ត្រឹមនេះទេ ទីក្រុងនេះនឹងប្រណាំងប្រជែងជា​មួយ​បណ្តាទីក្រុងរីកចម្រើននានានៅក្នុងតំបន់នេះ ដោយសារការកើនឡើងនូវលំហូរវិនិយោគ​ផ្ទាល់ពីបរទេស។

ជាក់ស្តែងគំរោងអាគារពាណិជ្ជកម្មដ៏អស្ចារ្យមួយទៀត នឹងសាងសង់នៅជិតស្ពានអាកាសតិចណូ ស្ថិតនៅលើ​មហាវិថីសហព័ន្ឋរុស្ស៊ី ដែលវិនិយោគដោយក្រុមហ៊ុន Royal Field Development (RFDCL)ដែលនឹងធ្វើឱ្យ​យតំបន់នេះកាន់តែរីកចម្រើនថែមទៀត។ អាគារនេះតំបូងឡើយគ្រោងសាងសង់​កំពស់៣១ជាន់ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមកការឌីសាញអាគារនេះបានដំឡើងដល់៤២ជាន់ និងមានកំពស់សរុបរហូតដល់១៩៦ម៉ែត្រ។

មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិនេះ មានឈ្មោះថា Marriott Phnom Penh ដែលគំររោងនេះទទួល​បានការអនុម័តពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់រួចហើយ។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹង​សាងសង់​នៅជាប់គ្នានឹងអាគារThe Gatway ដែលជាមជ្ឈ​មណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានប្រណីតផងដែរ។

ពលរដ្ឋនៅរាជធានីភ្នំពេញ បានទទួលស្គាល់ពីការរីកចម្រើននេះ ដោយពួកគេបានលើកឡើងថា ភ្នំពេញ​​រីក​ចម្រើន​ខ្លាំងសព្វថ្ងៃ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ សង្កេតឃើញថាសព្វថ្ងៃរាជធានីភ្នំពេញ​មានភាព​ផ្លាស់ប្ដូរជាខ្លាំង ដោយបង្ហាញពីការរីកចំរើនរបស់ប្រទេសជាតិ និងសន្តិភាពពេញលេញរបស់ប្រទេស។

គិតត្រឹមដំណាច់ឆ្នាំ២០១៧ កម្ពុជាមានអាគារខ្ពស់ៗ ប្រណីតនៅកម្ពុជាចំនួនរហូតដល់ ៩៧៩​ អគារ​បានសាងសង់ឡើងដោយអាគារទាំងនេះមានកំពស់ចាប់ពី ៥ជាន់រហូតដល់៤០ជាន់ឡើងទៅ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here