ចម ប្រសិទ្ធ៖ កម្ពុជាកំពុងឈានទៅកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់

0

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានថ្លែងថា គោលនយោ​បាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ឱកាសឲ្យកម្ពុជា កសាងបាននូវសេដ្ឋកិច្ចមួយមានភាពរឹងមាំ និងកំពុងប្រែក្លាយពីប្រទេ​សមានចំណូលមធ្យមកំរិតទាប ឈានទៅជាប្រទេស មានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងលើកឡើង នៅក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឆ្នាំ២០១៧ និងលើកទិសដៅការងារអនុវត្តន៍ បន្តកាលពីម្សិលម៉ិញនេះថា នៅក្នុងយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជារក្សានូវកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់៧,៧% ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អតិផរណាទាប និងអត្រាប្តូប្រាក់មានលំនឹងល្អ។ ជាមួយនេះអត្រាកាត់បន្ថយភាពក្រីក្រវិញ កម្ពុជាបានទទួលចំណាត់ថ្នាក់ជាប្រទេសជោគជ័យទី៤ លើពិភ​ពលោក។ ចំណែកតាមរយៈសូចនាករសង្គម គឺការកើនឡើងនៃផលទុនជាតិសរុបក្នុងស្រុក (ផសស) ក្នុងនោះចំណូលមនុស្សម្នាក់ពី១.០៤២ ដុល្លារអាមេរិកនៅឆ្នាំ២០១៣ មក ១.៤៣៥ដុល្លារអាមេរិកនៅឆ្នាំ២០១៧ ក្នុងមួយឆ្នាំ។

ឯកឧត្តមបន្តថា ការរីកចម្រើនឥតឈប់​ឈរនេះ គឺដោយសារកម្ពុជាកំពុងឈរលើសុខសន្តិភាព ស្ថិរភាពនយោបាយល្អ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ កត្តាទាំងនេះហើយ បានផ្តល់ឱកាសឲ្យកម្ពុជា កសាងបាននូវសេដ្ឋកិច្ចមួយមានភាពរឹងមាំ ហើយកម្ពុជាប្រែក្លាយ​ពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូ​លមធ្យមកំរិតទាប និងកំពុងបន្តដំណើរឈានទៅជាប្រទេស មានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ ២០៣០ ផងដែរ។

ដើម្បីចូលរួមចំណែកជម្រុញរក្សាកំណើនកម្ពុជាឲ្យកាន់តែប្រសើ ឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានស្នើឲ្យមន្រ្តីទាំងអស់ គ្រប់ផ្នែកគ្រប់កម្រិត ជម្រុញប្រសិទ្ធិភាព នូវការផ្តល់សេវាសាធារណៈ-អនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមប្រកាសស្តីពី ការធ្វើប្រតិភូកម្មអំណាចវិស័យឧស្សាហកម្ម ទៅថ្នាក់ក្រោមជាតិ-ជម្រុញឲ្យមានការចុះបញ្ជីរ តាមលក្ខណៈផ្លូវច្បាប់ នូវរោងចក្រ សហគ្រាស និងសិប្បកម្ម យកចិត្តទុកដាក់ការត្រួតពិនិត្យ រោងចក្រ សិប្បកម្ម ដែលផលិតផលិតផល មិនស្របតាមស្តង់ដារ នាំឲ្យប៉ះពាល់ដល់សុខភាព និងបរិស្ថានជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here