ចំណុចត្រូវដឹងៈ តើអ្នកត្រូវដឹងអ្វីខ្លះដើម្បីធ្វើការទិញលក់ដីធ្លីទទួលបានជោគជ័យ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការទិញលក់អចលនទ្រព្យ ដើម្បីទទួលបានជោគជ័យ និងអាចលក់ដាច់បានឆាប់រហ័ស មិនមែនជារឿងងាយស្រួលនោះឡើយ ប្រសិនជាអ្នកគ្មានចំណេះដឹងនិងជំនាញច្បាស់លាស់។

តើអ្នកត្រូវដឹងពីអ្វីខ្លះ ដើម្បីលក់ដីឆាប់ដាច់ និងចាប់បានអ្នកទិញឬអ្នកលក់មានប្រសិទ្ឋិភាព និងទទួលបានជោគជ័យ? លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យAMATAK Property Serviceបានថ្លែងឲ្យដឹងថា មុនលក់ដី ឬរកដីសម្រាប់អតិថិជន យើងត្រូវសិក្សាលើចំណុចសំខាន់ៗមួយចំនួន ដូចជា ទី១ត្រូវសិក្សាពីចំណង់ចំណូល​ចិត្តរបស់ភ្ញៀវ ថាតើភ្ញៀវត្រូវការដីបែបណា? ទី២ ត្រូវសិក្សាពីមូលធនរបស់ភ្ញៀវថាមានទឹកប្រាក់ប៉ុន្មានពិតប្រាកដ ទី៣ តើភ្ញៀវត្រូវការដីប្រភេទណា ជាដីសាងសង់លំនៅដ្ឋាន ដីសម្រាប់សាងសង់ខុនដូ ឬមជ្ឈមណ្ឌលពាណិជ្ជកម្ម? ទី៤ ត្រូវរកភាពជាអ្នកតំណាងឬធ្វើជាតំណាងអ្នកទិញឬលក់ផ្តាច់មុខជូនអតិថិជន ឬអ្នកទិញ។

លោកស្រីបន្តថា “បើសិនជាយើងអាចធ្វើជាតំណាងផ្តាច់មុខ របស់ម្ចាស់ដីបានជារឿងល្អ ដើម្បីងាយស្រួលរកអតិថិជន និងដឹងថាដីនោះដាក់លក់ក្នុងតម្លៃទាបជាងទីផ្សារ តម្លៃទីផ្សារជាក់ស្តែង ឬតម្លៃខ្ពស់ជាងទីផ្សារ”។

លោកស្រីតាំង ហួរបានបន្ថែមថា តាមធម្មតាអ្នកទិញតែងតែចង់បានអចលនទ្រព្យ ឬទំនិញមានតម្លៃទាបជាងទីផ្សារ ប៉ុន្តែភ្ញៀវខ្លះមិនសូវខ្វល់រឿងតម្លៃទេ សំខាន់យើងអាច​រកអចលនទ្រព្យដែលគេចង់បាន”។លោកស្រីបន្តថា ទោះជាយ៉ាងណាយើងក៏ត្រូវមានជំនាញក្នុងការនិយាយអន្ទងចិត្តម្ចាស់អចលនទ្រព្យ ឬអ្នកទិញផងដែរ ប៉ុន្តែការនិយាយច្រើនពេក ញឹកញាប់ពេក ក៏ធ្វើឲ្យអតិថិជនរបស់យើងធុញទ្រាន់ ធ្វើឲ្យការទិញលក់របស់​យើងបរាជ័យផងដែរ”។

លោកស្រីបន្តថា ពេលខ្លះយើងធ្វើជាអ្នកលក់ ឬភ្នាក់ងារអចលនវត្ថុ ត្រូវមានចិត្តធ្ងន់ និងអត់ធ្មត់ដូចព្រះអញ្ចឹង ហើយធ្វើសំខាន់ដើម្បីធ្វើការងារឲ្យបានជោគជ័យ យើងក៏ត្រូវមានការរៀបចំឯកសារលិខិតស្នាមជាច្រើន ដើម្បីចងចិត្តម្ចាស់ដីឬម្ចាស់អចលនទ្រព្យ​នានាជាមុន ដើម្បីកុំឲ្យពួកគេផ្លាស់ប្តូរចិត្តត្រលប់ជាមិនលក់វិញ ឬមិនព្រមបង់កម្រៃកុំមីស្យុង ដែលបានព្រមព្រៀងគ្នាមុនពេលទិញលក់ជាក់ស្តែង។

លោកស្រីតាំង ហួរបានបន្តថា ម្ចាស់អចលនទ្រព្យមួយចំនួនតូចងាយប្រែក្រឡាស់ណាស់ ក្នុងការផ្តល់កម្រៃជើងសារដល់យើង នៅពេល​លក់អចលនទ្រព្យរបស់ពួកគាត់បានរួចរាល់ ឬមិនបានតាមតម្លៃ ដែលពួកគេទាមទារពីដំបូងទី៕

LEAVE A REPLY

Please enter your comment!
Please enter your name here