ជំទាវលឹម ឈីវហូ៖ ប្រាប់វិធីសាស្រ្តវិនិយោគតំបន់សេដ្ឋកិច្ចពិសេសឲ្យបានជោគជ័យ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖  ជាអ្នកវិនិយោគក្នុងស្រុកមួយរូប ដែលទទួលបានការទុកចិត្ត និងជោគ​ជ័យលើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅទីក្រុងភ្នំពេញ និងក្រុងប៉ោយប៉ែត លោកជំទាវលឹម ឈីវហូអគ្គនាយកក្រុមហ៊ុនអ៊ែតវូដគ្រុប បានផ្តល់បទសម្ភាសន៍ពិសេសដល់ស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះ ដើម្បីលើកឡើងពីយុទ្ឋសាស្រ្ត និងភាពជោគជ័យរបស់ស្រ្តីដ៏មានឥទ្ឋិពលរូបនេះ។

អ្វីជាចំណុចពិសេស ទើបតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញទទួលបានជោគ​ជ័យជាងគេ?

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ រដ្ឋាភិបាលបានផ្តល់សេវាកម្មច្រកចេញចូលតែមួយ(One Stop service ) ដែលផ្តល់សេវាកម្មដ៏ល្អ មិនមានអំពើពុករលួយ មានហេដ្ឋារចនា​សម្ព័ន្ឋល្អប្រសើរ និងបរិស្ថានស្អាត។

មានតែតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលមានអ្នកវិនិយោគជប៉ុនចូលមក​វិនិយោគច្រើនជាងគេ តើលោកស្រីមានផ្តល់អ្វីប្លែកពីគេដែលអាចឲ្យអ្នកវិនិយោគជប៉ុនជឿទុកចិត្តបាន?

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានក្រុមហ៊ុនកំពុងវិនិយោគចំនួន៨៥ ក្នុងនោះជាង​ពាក់កណ្តាលជាក្រុមហ៊ុនជប៉ុន។ អ្នកដឹកនាំជនជាតិជប៉ុន ពេលពួកគេទៅដឹក​នាំ​ក្រុមហ៊ុននៅប្រទេសណាមួយ បើសិនជាទទួលបរាជ័យ នៅពេ​លត្រលប់ទៅប្រទេសពួកគេវិញ ពួកគេនឹងសម្លាប់ខ្លួន ឬអាចត្រូវទទួលទោស។

ប្រទេសជប៉ុន មុនសម្រេចចិត្តទៅវិនិយោគនៅប្រទេសណាមួយ ពួកគេសិក្សាម្តងហើយម្តងទៀត ហើយពេលជួបប្រជុំជាមួយអ្នកវិនិយោគជប៉ុន ខ្ញុំបានសួរថា ប្រទេសរបស់អ្នកបានជួយរដ្ឋាភិបាលកម្ពុជាច្រើន ដូចជា កសាងផ្លូវ ស្ពា​ន និងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀត ហេតុអីមិនព្រមមកវិនិយោគនៅប្រទេសខ្មែរ។ ពួកគាត់ឆ្លើយមកវិញថា ប្រទេសខ្មែរមានអំពើពុករលួយ មិនមានបទពិសោធន៍ក្នុងការងារច្បាស់លាស់ ហើយខ្ញុំបានធានាទៅពួកគាត់ថា រដ្ឋាភិបាលខ្មែរមិនមានអំពើពុករលូយទេ សេវាកម្មក៏ល្អ ហើយកូនខ្មែរក៏ឆ្លាត។

អ្វីដែលខ្ញុំប្រាប់ទៅពួកគាត់ ហើយពេលបង្កើតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេ​ញ ពួកគាត់មកវិនិយោគ គឺមិនមានអំពើពុករលួយទេ ទើបធ្វើឲ្យពួកគាត់មានជំនឿជឿជាក់។

លោកជំទាវមានប្រសាសន៍ថា រដ្ឋាភិបាលមិនមានអំពើពុករលូយទេ តែក្នុង​ការសិក្សាបានរកឃើញមាន តើលោកជំទាវពន្យល់យ៉ាងដូចម្តេច?

យើងមិនដឹងដែរ ប្រទេសណាក៏មានដែរ ប៉ុន្តែអ្វីដែលយើងវិនិយោគ គឺវិនិ​យោគឲ្យត្រឹមត្រូវបំផុតនៅតាមប្រទេសមួយៗ។ បើយើងវិនិយោគត្រូវ មិនមានអំពើពុករលួយទេ។ អំពើពុករលួយនេះ អាចកើតចេញពីក្នុងក្រុមហ៊ុនខ្លួនឯងអាចមាននាយក អ្នកគ្រប់គ្រងទូទៅធ្វើរឿងពុករលួយ ក៏ណែនាំរឿងពុករលូយនោះឯង តែក្នុងក្រុមហ៊ុនអ៊ែតវូដ និងក្រុមហ៊ុន LCH មិនមានអំពើពុករលួយនោះទេ។

មានន័យថារដ្ឋាភិបាលផ្តល់អ្វីមួយ ឬមានករណីលើកលែងពិសេសអ្វីមួយ ជូនលោកជំទាវឬយ៉ាងណា?

រដ្ឋាភិបាលតែងតែគាំទ្រ និងជួយផ្តល់ការលើកលែងពិសេស តាមរយៈច្រក​ចេញចូលតែមួយ ផ្តល់សេវាកម្មទាន់ពេលវេលា។

លោកជំទាវមានតំបន់សេដ្ឋកិច្ចពិសេសមួយទៀត នៅក្រុងប៉ោយប៉ែត តើរហូតមកទល់ពេលនេះបានចាប់ផ្តើមដំនើរការឬនៅ?

យើងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ឋនៅតំបន់នោះ ដើម្បីរៀបចំតំបន់សេដ្ឋ​កិច្ចពិសេសនេះជាស្តង់ដាអន្តរជាតិ។ តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ នឹងដំនើរការចុងឆ្នាំនេះលើទំហំដី៦៤ហិកតា ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ឋនៅក្រុងប៉ោយប៉ែត ទាំងផ្លូវ ទាំងការបោះចោលកាកសំណល់ និងហេដ្ឋារចនា​សម្ព័ន្ឋដទៃទៀតពិតជាពិ​បាកណាស់ ដែលអភិបាលខេត្តនៅទីនោះគួរគិតគូរៀបចំ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានច្រើន។

ហេតុអីយើងទៅវិនិយោគនៅជាប់ព្រំដែនរបស់ថៃ ព្រោះទី១ យើងអាចប្រើប្រាស់កំពង់ផែលំដាប់អន្តរជាតិនៅប្រទេសថៃ ដែលមានតំលៃដឹកជញ្ជូនថោក ទី២ រោងចក្រនៅប្រទេ​សថៃមានទំហំធំៗ ដែលរោងចក្រទាំងនោះអាចបំបែកជាតូចៗ មកកាន់ព្រំដែន ងាយស្រួលដឹកជញ្ជូន។

តំបន់សេដ្ឋកិច្ចពិសេសមានទំហំដីធំ និងមានកម្មករធ្វើការរាប់ម៉ឺននាក់ តើវា ជួយវិស័យអចលនទ្រព្យនៅជុំវិញតំបន់នោះយ៉ាងដូចម្តេច?

តំបន់សេដ្ឋកិច្ចពិសេសជួយច្រើនណាស់ ទី១ ដីតំបន់នេះមិនអាចដាំដំណាំអ្វីបាននោះទេ ដីមិនមានជីជាតិនោះទេ ទី២ ប្រជាជនអាចនៅជុំវិញតំបន់នេះអាច​រកស៊ីអ្វីបានទាំងអស់អាចលក់ដូរ អាចធ្វើផ្ទះជួល លក់ទំនិញ ផ្តល់សេវាកម្ម។ ប្រជាជនរស់នៅជុំវិញតំបន់នេះ មានជីវភាពធូរធារ មានរថយន្តជិះ ព្រោះកូនៗរប​ស់ពួកគេចូលធ្វើការនៅក្នុងតំបន់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here