ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ ផ្សារទំនើបលំដាប់អន្តរជាតិHeritage Walk ដែលផ្តោតលើបែបផែនជីវិតសម័យថ្មី lifetyle នឹងបើកដំណើរការនៅកណ្តាលក្រុងសៀមរាប នាដើមខែមិថុនា ខាងមុខនេះ។
នាយកគ្រប់គ្រងទូទៅនៃផ្សារទំនើបHeritage Walk លោក ឈាង សុភក្តិ បានថ្លែងឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៣ មេសានេះថា ផ្សារបែប Lifestyle Cromlech នេះបើកដំណើរការនៅដើមខែមិថុនាខាងមុខនេះ ដើម្បីផ្តល់កន្លែងកំសាន្តសប្បាយដល់ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បន្ទាប់ពីផ្សារនេះបើកដំណើរការសាងសង់នៅឆ្នាំ២០១៦កន្លងមកនេះ។ លោកបន្តថា ផ្សារនេះមានកំពស់៥ជាន់ ដោយពីរជាន់ស្ថិតនៅក្រោមដី និងបីជាន់ស្ថិតនៅលើដី ដែលជាកន្លែងផ្តល់សេវាកំសាន្ត ការញុំាអាហារដ៏សម្បូរបែបដល់ភ្ញៀវនានា។
លោកបន្តថា “យើងមិនប្រកួតប្រជែងជាមួយPub Street ទេ និងមិនប្រកួតជាមួយសណ្ឋាគារណានោះទេ ប៉ុន្តែក្រុមហ៊ុនមានបំណងផ្តល់សេវាកម្មកំសាន្ត ការញុំាអាហារ និងការដើរកំសាន្តបែបជីវិតស៊ីវិល័យថ្មីមួយ សម្រាប់ទីក្រុងសៀមរាប”។លោកបន្តថា “អ្វីសំខាន់ យើងចង់ឲ្យភ្ញៀវទេសចរណ៍មានកន្លែងកំសាន្ត និងស្នាក់នៅបានយូរក្នុងក្រុងសៀមរាប”។ ផ្សារដែលផ្តោតលើបែបផែនជីវិតសម័យថ្មីនេះ មានទំហំ១៤០០០ម៉ែត្រការ៉េ និងមានទីតាំងស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ពោលគឺនៅក្បែរទីសក្ការៈព្រះអង្គចេកព្រះអង្គចម។
លោក ឈាង សុភក្តិ បានបន្តថា ក្រៅពីកន្លែងទទួលទានអាហារ ផ្សារបែបស៊ីវិល័យនេះ ក៏មានកន្លែងកំសាន្តដទៃទៀត និងរោងភាពយន្តផងដែរ ហើយរហូតមកដល់ពេលនេះស្តង់របស់ផ្សារជាង៧០% ត្រូវបានអតិថិជនជួលអស់ហើយ ដោយមានតម្លៃ២៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ផ្សារបែបជីវិតស៊ីវិល័យនេះ នេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនEmerald Plus Property Management Co, Ltd។
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានថ្លែងថា ក្រុងសៀមរាប ជាក្រុងនៃបណ្តុំភ្ញៀវទេសចរណ៍ ប៉ុន្តែទីក្រុងនេះខ្វះតំបន់ពាណិជ្ជកម្ម និងសេវាកម្មកំសាន្តច្រើន ដែល ទាមទារឲ្យមានការវិនិយោគច្រើនថែមទៀត ដើម្បីផ្តល់សេវាកម្មកំសាន្តសប្បាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ អ្នកនាងបន្តថា “ការវិនិយោគរបស់Metro Lifestyle Developmentលើផ្សារនេះ ពិតជាការវិនិយោគត្រឹមត្រូវ និងចំពេលវេលា”៕