ដំណឹងល្អៈ ក្រុមហ៊ុនចិន GreenLeader នឹងសាងសង់រោងចក្រកែច្នៃដំឡូងមីខ្នាតធំ

0

ដោយ វុត្ថា

ភ្នំពេញ អ្នកដាំដំឡូងមីទំនងជាមិនសូវបារម្ភពីស្ថានភាពទីផ្សារទៀតនោះទេ ខណៈរោងចក្រជាច្រើននឹងសាងសង់ដោយក្រុមហ៊ុនចិន Greenleaderដែល​មានមូលដ្ឋាននៅប្រទេសចិន នឹងសាងសង់រោងចក្រជាច្រើនដើម្បីកែច្នៃដំឡូងមី​នៅកម្ពុជា។

ក្នុងជំនួបជាមួយលោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Michael Tse នាយកប្រតិបត្តិនៃក្រុមហ៊ុន GreenLeader ដែលជាក្រុមហ៊ុនមួយបានបោះទុននិវិយោគក្នុងកម្រិតធំ លើការកែច្នៃផលិតផលដំឡូងមីបានឲ្យដឹងកា​លពីម្សិលម៉ិញនេះថា ក្រុមហ៊ុន GreenLeader ជាក្រុមហ៊ុនមួយ ដែលបានចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈនៅទីក្រុងហ៊ុងកុង ហើយបានចូលមកកម្ពុជាដើម្បីបង្កើតជារោងចក្រកែច្នៃដំឡូងមីខ្នាតធំ សម្រាប់កែច្នៃដំឡូងមីទៅជាម្សៅ។ លោក Tse បន្តថា ជាការចាប់ផ្ដើមអនុវត្តដំបូង ទៅលើចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុនGreenLeader ក្រុមហ៊ុននឹងចាប់ផ្ដើម​សាងសង់រោងចក្រទី១ នៅខេត្តក្រចេះ នៅអំឡុងខែមេសាខាងមុខនេះ ដោយរោងចក្រនេះមានសមត្ថភាពកែច្នៃដំឡូងមីជាម្សៅប្រមាណ១០០.០០០ តោនក្នុងមួយឆ្នាំ។

លោកបន្តថា ដើម្បីអាចទទួលបានផលកែច្នៃ ក្នុងទ្រង់ទ្រាយដូចខាងលើ រោងចក្រចាំបាច់ត្រូវការ ដំឡូងមីជាវត្ថុធាតុដើមយ៉ាងតិច៥០០.០០០ តោនក្នុងមួយឆ្នាំ ហើយដើម្បីទ្រទ្រង់កម្រិតផលិតកម្មនេះបាន ក្រុមហ៊ុននឹងប្រើប្រាស់យន្តការកិច្ចព្រមព្រៀងកសិកម្ម (Contract Farming) ជាមួយនឹងកសិករ ដោយផ្ដល់ជូននូវបច្ចេកទេស ពូជ និងធនធានមួយចំនួនទៀត។ លោកបានបន្ថែមថា ក្រុមហ៊ុនក៏មានគម្រោងបង្កើតរោងចក្រចំនួន៥ ក្នុងរយៈពេល២ឆ្នាំ ដោយរោងចក្រទីពីរអាចនឹងសាងសង់ នៅប៉ែកខាងខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានមកបោះទុនកម្រិតធំនេះនៅកម្ពុជា ជាពិសេស​គឺ​វិនិយោគ​លើ​វិស័យកសិកម្ម ដែលជាវិស័យមួយដ៏សំខាន់របស់កម្ពុជា។ ជាមួយនឹងផលិតផលដំឡូងមី លោកប៉ាន សូស័ក្តិបានមានប្រសាសន៍ថា ដំឡូងមីជាផលិតផលកសិកម្មធំទីពីរ របស់កម្ពុជាបន្ទាប់ពីស្រូវ ហើយក៏ជាផលិតផលមួយ ដែលមានសក្ដានុពលខ្ពស់សម្រា​ប់កែច្នៃ និងនាំចេញ ដោយដំឡូងមីអាចកែច្នៃទៅជាមុខទំនិញជាច្រើនដូចជា ម្សៅមី ប្រេងឥន្ធនៈអេតាណុល គ្រាប់ថ្នាំពេទ្យ គ្រឿងឧបភោគបរិភោគដទៃទៀត។

លោកបន្តថា “ការវិនិយោគនេះ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់កសិ​ក​រកម្ពុជា ជាពិសេសបង្កើនចំណូលរបស់ពួកគាត់ កាត់បន្ថយចំណាកស្រុក និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ”។

លោករដ្ឋមន្រ្តីក៏បានស្នើសុំ ក្រុមហ៊ុន GreenLeader អាចពិចារណាចាប់ជាដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីជាការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ហើយជម្រាបដែរថាក្រសួងពាណិជ្ជកម្ម នឹងត្រៀមខ្លួនជានិច្ចដើម្បីជួយសម្រួលដល់ដំណើរការធុរកិច្ចរបស់ក្រុមហ៊ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here