ដំណឹងល្អ៖ រដ្ឋាភិបាលគ្រោងបង្កើតតំបន់ជ្រៃធំជាទីក្រុង

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ រដ្ឋាភិបាលគ្រោងបង្កើតតំបន់ជ្រៃធំជាទីក្រុងថ្មីមួយ ស្ថិតនៅព្រំប្រទល់ប្រ​ទេ​សវៀតណាម ដើម្បីពង្រីកសក្តានុពលនិងអភិវឌ្ឍន៍នៅតំបន់នេះនាពេលខាងមុខ។

លោកបណ្ឌិតវ៉ាន់ វ៉ាតអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាលបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលគ្រោងបង្កើតតំបន់ជ្រៃធំ ស្ថិតក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ជាទីក្រុងថ្មីមួយ ដោយសារប្លង់គោលតំបន់នេះបានរៀបចំរួចហើយ ដើម្បីធ្វើយ៉ាងណាឲ្យការអភិវឌ្ឍនៅតំបន់នេះ ធ្វើឡើងតាមគោ​លការណ៍ប្រើប្រាស់ដីឲ្យមាននិរន្តរភាព។ លោកបន្តថា រដ្ឋាភិបាលមិនត្រឹមតែគ្រោងរៀប​ចំតំបន់នេះជាទីក្រុងទេ​ តែគ្រោងបង្កើតទីក្រុងថ្មីៗនៅតាមបណ្តាស្រុកនិមួយៗផងដែរ។

លោកបន្តថា “ការបង្កើតទីក្រុងនៅតំបន់ជ្រៃធំ ដើម្បីពង្រីកការអភិវឌ្ឍន៍ ក៏ដូចជា ដើម្បីការពារបូរណភាពដែនដី និងដែនអធិបតេយ្យភាពកម្ពុជាផងដែរ”។

លោកបណ្ឌិតវ៉ាន់ វ៉ាតបានបន្តថា ការបង្កើតទីក្រុងកាន់តែច្រើនជារឿងល្អប្រសើរ ដើម្បីជំរុញការអភិវឌ្ឍ និងលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋ ព្រោះនៅពេលមានការ​រៀបចំជាទីក្រុង នឹងមានការអភិវឌ្ឍនិងរៀបចំហេដ្ឋារចនាសម្ព័ន្ឋសមស្រប ដើម្បីក្លាយជាទីក្រុងមួយប្រកបដោយភាពស៊ីវិល័យ។

កាលពីពេលថ្មីៗនេះសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួ​ង​មហាផ្ទៃបានបង្ហើបឲ្យដឹងពីរឿងនេះ ដោយសម្តេចបានថ្លែងថា ក្រសួងមហាផ្ទៃនឹងរៀប​ចំទីក្រុងនៅតាមទីប្រជុំជនស្រុក និងបណ្តាឃុំដែលមានការរីកចម្រើននានាឲ្យក្លាយជាទីក្រុង ដើម្បីពង្រីកការអភិវឌ្ឍនៅតាមមូលដ្ឋាន ក៏ដូចជាដើម្បីទាក់ទាញការវិនិយោគ ព្រោះការរៀបចំជាទីក្រុង នឹងធ្វើឲ្យតំបន់នោះកាន់តែមានភាពទាក់ទាញពីអ្នកវិនិយោគជាតិ និងអន្តរជាតិនានា។

សម្តេចបន្តថា “ការរៀបចំទីក្រុងនៅតាមបណ្តាស្រុក និងឃុំមួយចំនួន ក៏ជាការផ្តល់​សេវាដល់ប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួលផងដែរ”។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលី ហួរបានថ្លែងឲ្យដឹងផងដែរថា លោកយល់ស្របនឹងការមានផែនការពង្រីកទីក្រុង របស់រដ្ឋាភិបាលនៅតាម​មូលដ្ឋាននានា ព្រោះវានឹងជួយឲ្យតំបន់នោះមានភាពរីកចម្រើន ហើយនឹងទាក់ទាញ ការវិនិយោគកាន់តែច្រើនពីអ្នកវិនិយោគលំនៅដ្ឋាន ក៏ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្មនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here