ដំណឹងល្អ : Bangkok Airway នឹងវិនិយោគ ៤០លានដុល្លារ សាងសង់ព្រលានយន្តហោះខេត្តកោះកុងឡើងវិញ

0
SONY DSC

ដោយ : គង់ សូរិយា

ភ្នំពេញ : វាជាដំណឹងល្អមួយសម្រាប់ប្រជាពលរដ្ឋខេត្តកោះកុង ដោយក្រុមហ៊ុន​អាកាសចរណ៍ Bangkok Airway គ្រោងនឹងធ្វើការជួសជុល និងសាងសង់ព្រលាន​យន្តហោះស្ថិតនៅក្នុងទីក្រុង ខេមរភូមិន្ទនៅក្នុងទីរួមខេត្តនេះឡើងវិញ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា បាន​មានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២២ មិថុនានេះថា រដ្ឋាភិបាល​បាន​អនុញ្ញាតជាគោលការណ៍ឲ្យក្រុមហ៊ុនអាកាសចរណ៍នេះ វិនិយោគសាងសង់ព្រលាន​យន្តហោះ​ស្ថិតនៅជាយក្រុងខេមរភូមិន្ទរួចហើយ។ ក្រុមហ៊ុននេះ គ្រោងវិនិយោគ ៤០លានដុល្លារអាមេរិក ដើម្បីជួសជុល និងសាងសង់ព្រលានយន្តហោះនេះឡើងវិញ ហើយការសាងសង់ នឹងអាចចាប់ផ្តើមនៅ​ឆ្នាំ២០១៩ខាងមុខនេះ។

លោកបន្តថា “ព្រលានយន្តហោះស្ថិតនៅក្រុងខេមរភូមិន្ទ បានបោះបង់ចោលជាយូរ​មក​ហើយ វាមានទីតាំងនៅក្នុងទីរួមខេត្តនេះ និងស្ថិតនៅជិតវត្តមួយក្នុងទីក្រុង​ជាប់​មាត់​សមុទ្រនេះ”។លោកបន្តថា “ការវិនិយោគនេះអាចចំណាយពេលចន្លោះ៣ទៅ៤ឆ្នាំ ទើបបញ្ចប់ការសាងសង់ និងអាចដំណើរការបាន”។ លោក ស៊ិន ចាន់សិរីវុត្ថា បានបន្ត​ថា ស្តង់ដាព្រលាននេះសំរាប់ប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានស្វាគម​ន៍​ចំពោះគម្រោងព្រលានយន្តហោះនេះ ព្រោះប្រសិនជាមានព្រលានមួយទៀតនៅ​ក្នុង​ខេត្តនេះ ព្រលាននេះអាចទាក់ទាញការហោះហើរពីកម្រិតតំបន់បាន ពិតជាប្រសើរ​សំរាប់ ពេលអនាគត និងធ្វើឲ្យខេត្តនេះកាន់តែពង្រីកសក្តានុពលទេសចរណ៍របស់ខ្លួន ព្រោះខេត្តកោះកុងមានសក្តានុពលទេសចរណ៍ធម្មជាតិច្រើនណាស់ ដែលយើងមិនទាន់មានលទ្ឋភាពទាញយកមកប្រើប្រាស់អស់នៅឡើយ។

លោកស្រីបន្តថា “វាមិនប្រកួតប្រជែងជាមួយព្រលានយន្តហោះតារាសាគរ ដែលកំពុង​សាងសង់ក្នុងខេត្តនេះទេ ព្រោះអ្នកវិនិយោគគំរោងនេះ អាចចាប់យកគោលដៅអា​កាសចរណ៍ខុសៗគ្នា ដោយមួយអាចភ្ជាប់កម្រិតតំបន់ និងមួយទៀតអាចពង្រីក​ការតភ្ជាប់ជាមួយប្រទេសចិន”។

ទោជាយ៉ាងណាលោក ស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់ចុងក្រោយថា គំរោងនេះ មិនទាន់​ទ​ទួលបានការអនុញ្ញាត្តពីរដ្ឋាភិបាលនៅឡើ​យ គឺក្រុមហ៊ុនទទួល​បានតែ​គោលកា​រណ៍ពីរដ្ឋាភិបាលប៉ុណ្ណោះ និងមិនទាន់បានទទួលការអនុម័ត ពីក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជានៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here