តម្លៃដីក្រុងព្រះសីហនុនឹងបន្តឡើងខ្ពស់ដូចនៅតំបន់បឹងកេងកង១ក្រុងភ្នំពេញ

0

ដោយ រ៉ាវី

ភ្នំពេញ៖ ផ្អែកតាមលំហូរជាក់ស្ដែង នៃការសម្រុកវិនិយោគលើវិស័យអចលនទ្រព្យយ៉ាងគំហុកពីសំណាក់ជនជាតិចិន មួយរយៈពេលចុងក្រោយនេះ បានធ្វើឱ្យតម្លៃដីនៅក្រុងព្រះសីហនុ ជាពិសេសនៅតំបន់ជាប់មាត់សមុទ្រតែម្ដង បានកើនឡើងស្ទើរតែ២០០ភាគរយ បើប្រៀបធៀបទៅនឹងតម្លៃកាលពីប្រមាណ២ឆ្នាំមុន នេះបើផ្អែកតាមការឱ្យដឹងពីសំណាក់អ្នកជំនាញផ្នែកវាយតម្លៃអចលនទ្រព្យកាលពីពេលកន្លងទៅនេះ។

លោកឧកញ៉ា ចេង ខេងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hutton CPLបានប្រាប់ឱ្យដឹងកាលពីម្សិលម៉ិញនេះថា  ក្រុងព្រះសីហនុនាពេលបច្ចុប្បន្ននេះ មិនមែនមានសភាពស្ងប់ស្ងាត់ ដូចកាលពីប៉ុន្មានឆ្នាំមុននោះទៀតទេ ហើយក៏កំពុងតែវិវឌ្ឍខ្លួនឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសប្រចាំប្រទេស ដែលក្រៅពីមានជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពលនាតំបន់មាត់សមុទ្រ ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងល្បីឈ្មោះនៅលើសាកលលោកនោះ នៅមានកត្តាជាច្រើនទៀត ដែលជំរុញឱ្យតម្លៃដីនៅក្នុងខេត្តមួយនេះ មានភាពពុះកញ្ជ្រោល ។

សក្តានុពលធំៗដែលលោកឧកញ៉ាមើលឃើញមានដូចជា ជាទីក្រុងមានកំព​ង់​ផែទឹកជ្រៅ ដែលអំណោយផលដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹកក្នុងទ្រង់ទ្រាយធំ ឆ្លងកាត់ពីប្រទេសមួយទៅកាន់ប្រទេសផ្សេងៗ មានព្រលានយន្តហោះអន្តរជាតិ មានផ្លូវរថភ្លើងដែលអំណោយផលដល់ការដឹកជញ្ជូនតាមផ្លូវគោក រួមជាមួយនឹងគម្រោងស្ថាបនាផ្លូវល្បឿនលឿនក្នុងពេលដ៏ខ្លីខាងមុខនេះ។

ជាមួយគ្នានេះ លោកឧកញ៉ាចេង ខេងក៏បានគូសបញ្ជាក់ផងដែរថា  មិនថានៅពេល​នេះឬទៅថ្ងៃខាងមុខនោះទេ តម្លៃដីក្រុងព្រះសីហនុនឹងនៅតែបន្តឡើងថ្លៃ ជាពិសេ​សតំបន់មាត់សមុទ្រ ឬនៅចម្ងាយប្រមាណ៣ទៅ៤គីឡូម៉ែត្រពីឆ្នេរសមុទ្រ ខណៈដែលពេលនេះកំពុងមានការសម្រុក វិនិយោគទៅលើវិស័យអចលនទ្រព្យ ក្នុងគម្រោងធំៗពីសំណាក់ជនជាតិចិន ដូចជាខុនដូ អាផាតមិន និងការបង្កើតជាមណ្ឌលកម្សាន្តនានាផងដែរ។ តម្លៃដីដែលស្ថិតនៅជាប់តំបន់ឆ្នេរនាពេលនេះ គឺមានចាប់ពី១៥០០ដល់២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដែលកាលពីប៉ុន្មានឆ្នាំមុនតម្លៃត្រឹម៥០០ទៅ១០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ។

លើកឡើងស្រដៀងគ្នានេះ លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service, Co.Ltd ក៏បានឱ្យដឹងផងដែរថា ដីដែលមានទីផ្សារល្អ និងមានតម្លៃថ្លៃ គឺមិនមែនទូទៅនោះទេ ពោលគឺមានតែនៅទីតាំងមួយចំនួនតែប៉ុណ្ណោះ ដូចជាតំបន់ជាប់ឆ្នេរ ទីប្រជុំជន និងតំបន់ក្បែរមណ្ឌលសេដ្ឋកិច្ចតែប៉ុណ្ណោះ និងតំបន់ភ្នំ ហើយក្រៅពីនេះអាចមានតម្លៃទាបនៅឡើយ។

លោកស្រីបន្តទៀតថា បច្ចុប្បន្ននេះតម្លៃដីនៅតំបន់ឆ្នេរ អាចឡើងដល់2500-3000 ដុល្លារ ដែលស្មើទៅនឹងតម្លៃដីនៅតំបន់ទួលគោកក្រុងភ្នំពេញ ហើយសម្រាប់ថ្ងៃខាងមុខ អាចនឹងបន្តឡើងខ្ពស់ មិនចាញ់តម្លៃដីនៅតំបន់បឹងកេងកង១ នៅរាជធានីភ្នំពេញនោះទេ ។ លោកស្រីបន្តថា ចំពោះការកើនឡើងនូវតម្លៃដីទាំងនេះ ក៏ព្រោះតែក្រុងព្រះសីហនុ នៅតែជាចំណុចគោលដៅយ៉ាងសំខាន់ របស់អ្នកវិនិយោគលើវិស័យអចលនទ្រព្យ ជាពិសេ​សផ្នែកសំណង់ធំៗតែម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here