ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ ស្របពេលកម្ពុជារៀបចំវេទិកាសញ្ញាប័ណ្ណអាស៊ានបូកបី ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ការស្វែងយល់ពីទីផ្សារសញ្ញាប័ណ្ណ ឬមូលបត្របំណុល និងការបោះលក់មូលបត្រមានសារៈសំខាន់ណាស់ នៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុកម្ពុជា។
តើអ្វីទៅជាបោះលក់មូលបត្រឬការបោះលក់ភាគហ៊ុន និងមូលបត្របំណុលគេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេ Propertyarea.asia សូមលើកយកចំណេះដឹងខ្លះៗទាក់ទងនឹងវិស័យនេះ។
ការលក់ភាគហ៊ុន និងការលក់មូលបត្របំណុលជាផលិតផលពីរផ្សេងគ្នា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណកម្មការមូលបត្រកម្ពុជា។
លោកស៊ូ សុជាតិអគ្គនាយកគណៈកម្មការមូលបត្រកម្ពុជាបានថ្លែងឲ្យដឹងថា បច្ចុប្បន្នគណៈកម្មការមូលបត្រកម្ពុជា បាននិងកំពុងធ្វើការជាមួយទីផ្សារមូលបត្រកម្ពុជា ដោយបានអនុញ្ញាត្តឲ្យក្រុមហ៊ុនចំនួន៥ បោះផ្សាយលក់មូលបត្រ ដែលក្រុមហ៊ុនទាំងនោះរួមមាន រដ្ឋាករទឹកស្វយ័ត្នក្រុងភ្នំពេញ កំពង់ផែស្វយ័ត្នក្រុងភ្នំពេញ កំពង់ផែស្វយ័ត្ន ខេត្តព្រះសីហនុ រោងចក្រកាត់ដេរហ្រ្គេនធ្វីន និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
អ្វីជាទីផ្សារមូលបត្រ
ទីផ្សារមូលបត្រ ជាកន្លែងជួបគ្នារវាងអ្នកទិញ និងអ្នកលក់ដែលមានការព្រ
មព្រៀងគ្នា ដើម្បីបោះលក់មូលបត្រ ឬភាគហ៊ុននៃក្រុមហ៊ុនរបស់ខ្លួនដល់សាធារ ណៈជន ដែលសាធារណៈជនអាចទិញភាគហ៊ុនវិនិយោគ ហើយអ្នកទិញបានក្លាយជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុននោះ។
អ្នកវិនិយោគលើភាគហ៊ុន ឬមូលបត្រដែលបោះលក់ ដោយក្រុមហ៊ុនណាមួយ អាចទទួលបានប្រាក់ចំណេញឬខាត អាស្រ័យលើក្រុមហ៊ុននោះរកស៊ីខាតឬចំណេញ។ អ្នកវិនិយោគអាចលក់ហ៊ុនរបស់ខ្លួន នៅពេលតម្លៃភាគហ៊ុននោះឡើងថ្លៃ ហើយអាចទទួលបានផលចំណេញ ប៉ុន្តែបើភាគហ៊ុនក្រុមហ៊ុនដែលខ្លួនបានវិនិយោគនោះធ្លាក់ចុះ អ្នកវិនិយោគត្រូវខាតបង់។
ប៉ុន្តែអ្នកវិនិយោគក៏មិនខាតបង់ដែរ ប្រសិនជាអ្នកវិនិយោគទិញភាគហ៊ុននោះ រក្សាទុកភាគហ៊ុនរបស់ខ្លួន រង់ចាំរហូតដល់ភាគហ៊ុននោះឡើងថ្លៃ ចាំលក់អ្នកវិនិយោគនោះមិនរងការខាតបង់នោះទេ ប៉ុន្តែជាការកប់នូវដើមទុនដែលខ្លួនវិនិយោគផងដែរ។
សញ្ញាបណ្ណឬមូលបត្របំណុល
ទីផ្សារសញ្ញាប័ណ្ណ ឬមូលបត្របំណុល មិនទាន់បានចាប់ផ្តើមនៅកម្ពុជានៅ ឡើយទេ ព្រោះរហូតមកទល់ពេលនេះ មិនទាន់មានក្រុមហ៊ុនណាមួយបោះលក់មូលបត្របំណុល ឬសញ្ញាប័ណ្ណនៅឡើយទេ បើទោះជាគណៈកម្មការមូលបត្រកម្ពុជាបានបញ្ចប់ការរៀបចំបទដ្ឋានគតិយុត្តិ ឬសៀវភៅឯកសារពាក់ព័ន្ឋរួចហើយក៏ដោយ។
អ្វីជាមូលបត្របំណុល?
មូលបត្របំណុលជាការបោះផ្សារលក់មូលបត្ររបស់ក្រុមហ៊ុនមួយ ដើម្បីប្រមូលទុនទៅវិនិយោគឬពង្រីកក្រុមហ៊ុនរបស់ខ្លួន។ សាធារណៈជនអាចចូលរួមទិញមូលបត្របំណុលពីក្រុមហ៊ុនណាមួយនោះ និងទទួលបានអត្រាការប្រាក់ក្នុងចំនួនថេរមួយ ស្របតាមបទបញ្ញត្តិដាក់ចេញរវាងក្រុមហ៊ុន និងគណៈកម្មការមូលបត្រកម្ពុជា និងអ្នកវិនិយោគ ដែលស្ម័គ្រចិត្តទិញមូលបត្របំណុលនៃក្រុមហ៊ុនណាមួយនោះ៕