តើកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គនៅកម្ពុជាគេនិយាយអំពីអ្វីខ្លះ?

0

កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ(MRC) លើកទី៣ បានចាប់ផ្តើមនៅព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០១៨នេះ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមប្រធានបទ “ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងអាងទន្លេមេគង្គ-ទន្លេមេគង្គតែមួយ ស្មារតីតែមួយ” ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសដែលជាប់នឹងទន្លេមេគង្គមានដូចជា ប្រទេសកម្ពុជា វៀតណាម ឡាវ ប្រទេសចិន និងមីយ៉ាន់ម៉ា ព្រមទាំងដៃគូអភិវឌ្ឍន៍នានាជាច្រើនរូបផងដែរ។

កិច្ចប្រជុំដែលប្រារព្វធ្វើឡើងនៅក្នុងទឹកដីនៃខេត្តសៀមរាប នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព និងសមិទ្ធផលដែលគណៈកម្មការទន្លេមេគង្គសម្រេចបានកន្លងមក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការតំបន់ ពិភាក្សាលើបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គ និងដាក់ចេញទិសដៅជាយុទ្ធសាស្រ្តដើម្បីជំរុញ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នានូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា បានអោយដឹងថា កិច្ចប្រជុំកំពូលនេះ នឹងអនុម័តសេចក្ដីថ្លែងការណ៍ក្រុងសៀមរាប ដែលឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តផ្នែកនយោបាយកម្រិតខ្ពស់របស់ប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ ក្នុងការបន្តធ្វើឲ្យប្រសើរនូវកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣ផងដែរ។

លោក តែ ណាវុធ អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ គឺជាព្រឹត្តិការណ៍ នយោបាយកម្រិតខ្ពស់បំផុត ដ៏មានសារៈសំខាន់ ដែលបានផ្ដួចផ្តើមឡើងដោយប្រទេសជាសមាជិកទាំងបួនរួមមាន៖ កម្ពុជា ថៃ ឡាវ និងវៀតណាម។ កិច្ចប្រជុំកំពូលរៀបចំធ្វើឡើងរៀងរាល់ ៤ឆ្នាំម្ដង ដែលជាវេទិកាកម្រិតតំបន់សម្រាប់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបួនធ្វើការផ្លាស់ប្ដូរទស្សនៈ ពិភាក្សាលើដំណោះស្រាយចំពោះបញ្ហាប្រឈមសំខាន់ៗដែលជួបប្រទះក្នុងតំបន់ និងពិនិត្យឡើងវិញលើវឌ្ឍនភាព និងសមិទ្ធផលដែលគណៈកម្មការទន្លេមេគង្គសម្រេចបាន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីការគ្រប់គ្រងប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ដូចមានចែងក្នុងកិច្ចព្រមព្រៀងមេគង្គ ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសទាំងបួនកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៥។
លោក ណាវុធ បានឲ្យដឹងទៀតថា ចាប់តាំងពីឆ្នាំ១៩៩៥ រហូតមកដល់ពេលនេះ មានការរៀបចំកិច្ចប្រជុំកំពូលចំនួនពីរលើករួចមកហើយ ដោយកិច្ចប្រជុំកំពូលលើកទី១ ត្រូវបានរៀបចំឡើងក្នុងឆ្នាំ២០១០ ដែលមានប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ក្នុងខេត្តហួហ៊ីន និងកិច្ចប្រជុំលើកទី២ ក្នុងឆ្នាំ២០១៤ ធ្វើជាម្ចាស់ផ្ទះដោយប្រទេសវៀតណាម ក្នុងទីក្រុងហូជីមិញ។

កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣នេះ នឹងផ្តោតលើគោលបំណងបីសំខាន់ៗចំនួន៣រួមមាន ទី១ ដើម្បីគូសបញ្ជាក់សារជាថ្មីអំពីតួនាទី ភារកិច្ច និងបេសកកម្មរបស់គណៈកម្មការទន្លេមេគង្គ និងដើម្បីលើកកម្ពស់ជាបន្ថែមទៀតនូវការពិគ្រោះយោបល់ជាចំហ និងកិច្ចសហប្រតិបត្តិការ ក្នុងអាងទន្លេមេគង្គ។ ទី២ ដើម្បីទទួលស្គាល់នូវវឌ្ឍនភាព ការរួមចំណែក និងសមិទ្ធិផលដែលគណៈកម្មការទន្លេមេគង្គសម្រេចបាន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការថែរក្សាសន្ដិភាព បើទោះបីជាប្រទេសជាសមាជិកមានផលប្រយោជន៍ គោលជំហរ និងការអភិវឌ្ឍខុសៗគ្នាយ៉ាងណាក៏ដោយ។ ទី៣ ដើម្បីជំរុញលើកកម្ពស់ជាបន្តនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានាដែលកំពុងបន្ដកើតមាន និងច្បាមយកកាលានុវត្ថភាព ដើម្បីអាងទន្លេមេគង្គមួយមានភាពចម្រុងចម្រើនផ្នែកសេដ្ឋកិច្ច យុត្ដិធម៌សង្គម និងបរិស្ថានល្អ ដែលរួមចំណែកសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពរបស់សហប្រជាជាតិ លើផ្នែកការកាត់បន្ថយភាពក្រីក្រ កំណើនសេដ្ឋកិច្ច សន្ដិសុខស្បៀង ការផលិតថាមពលក្នុងតម្លៃសមស្របនិងអាចជឿទុកចិត្តបាន និងបម្រែបម្រួលអាកាសធាតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here