តើនៅភ្នំពេញមានប្រជាជនរស់នៅប៉ុន្មានពាន់នាក់ក្នុងមួយគីឡូម៉ែត្រ?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេលប្រជាពលរដ្ឋ ចូលមករស់នៅរាជធានីភ្នំពេញកាន់តែច្រើន ការកកស្ទះចរាចរកាន់តែអាក្រក់ និងណែនណាប់តាន់តាប់ដែលជាបញ្ហាកំពុងក្លាយជាចំណោទមួយ ប៉ុន្តែសំណួរគួរសួរថា តើទីក្រុងនេះមានប្រជាជនរស់នៅប៉ុន្មាននាក់ ក្នុងមួយគីឡូម៉ែត្រ?។

ការសិក្សាមួយធ្វើឡើងដោយក្រុមហ៊ុន CBRE Cambodia កាលពីឆ្នាំមុនបានរក ឃើញថា តង់ស៊ីតេប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានប្រជាជនរស់នៅចំនួន១៨០០នាក់ក្នុងមួយគីឡូម៉ែត្រ ខណៈទីក្រុងហូជីម៉ិញ មានប្រជាពលរដ្ឋរស់នៅ៦០០០នាក់ ទីក្រុងបាងកកចំនួន៧០០០នាក់ និងទីក្រុងរ៉ង់ហ្គូនមានតង់ស៊ីតេប្រជាពលរដ្ឋចំនួន៨០០០​នាក់ក្នុងមួយគីឡូម៉ែត្រ។

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងថា របាយការណ៍នេះបានបង្ហាញថា ទីក្រុងភ្នំពេញមានចំនួនតង់ស៊ីតេប្រជាពលរដ្ឋតិច ធៀបនឹងទីក្រុងធំៗនៅក្នុងតំបន់នេះ ប៉ុន្តែអ្វីដែលយើងឃើញមានបញ្ហា គឺការកកស្ទះចរាចរណ៍នឹងភាពមមាញឹកនៃទីក្រុងនេះ។

អ្នកនាងបន្តថា “ការបើកបរមិនគោរពច្បាប់ មិន​យល់ដឹងពីច្បាប់ និងបំពានគំនូសសញ្ញាចរាចរណ៍ ជារឿងដែលកើតឡើងច្រើននៅទីក្រុងភ្នំពេញ”។អ្នកនាងបន្ថែមថា “អា ​ជ្ញាធរពាក់ព័ន្ឋគួរយកចិត្តទុកដាក់លើបញ្ហានេះ ដើម្បីបញ្ចៀសភាពអាណាធិបតេយ្យលើដងផ្លូវ”។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា បញ្ហាសណ្តាប់ធ្នាប់សាធារណៈ ការគោរពច្បាប់ចរាចរណ៍ និងការចតយានយន្តដោយមានសណ្តា​ប់ធ្នាប់របៀបរៀបរយ ជារឿងគួរយកចិត្តទុកដាក់ និងដោះស្រាយបន្ទាន់ ដើម្បីកុំឲ្យរឿងនេះ​ក្លាយជាបញ្ហាសង្គមកាន់តែធ្ងន់ធ្ងរនាពេលអនាគត។

លោកបន្តថា “ការធ្វើចរាចររបស់​យានយន្តនានា និងការចតអាណាធិបតេយ្យ

កំពុងកើតមានស្ទីរគ្រប់ទីកន្លែងនៅទីក្រុងភ្នំពេញ ដែលជារឿងគួរតែយកចិត្តទុកដាក់ជាបន្ទាន់ពីសំណាក់អាជ្ញាធរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here