តើបណ្តាខេត្តនៅភូមិភាគឦសាន្តមានសក្តានុពលដូចម្តេចលើវិស័យអចលនទ្រព្យ

0

ដោយគង់ សូរិយា

ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស គេស្គាល់តាមរយៈវិស័យទេសចរណ៍ភាគច្រើន ប៉ុន្តែសក្តានុពលលើការវិនិយោគក្នុងវិស័យអចលនទ្រព្យ គេមិនសូវនឹកនាដល់នោះទេ។

ប៉ុន្តែតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋកាន់តែងាយស្រួល បានធ្វើឲ្យដីធ្លីនិងគំរោងអភិវឌ្ឍន៍មួយចំនួនបានកើតមានផងដែរ ពិសេសក្នុងខេត្តរតនគិរី។

លោកអ៊ិន ភីរុណប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគិរីបានថ្លែងឲ្យដឹងតាមទូរ​ស័ព្ទកាលពីពេលថ្មីៗនេះថា តំលៃអចលនទ្រព្យនៅមណ្ឌលគិរី បានចាប់ផ្តើមឡើងថ្លៃ ដោយ​សារដីមណ្ឌលគិរីអាចដាំម្រេចបាន ដែលធ្វើឲ្យប្រជាកសិករ និងឈ្មួញនានាបានសម្រុកទៅទិញដីដើម្បីដាំម្រេច ព្រោះដីនៅតំបន់នោះមានជីវជាតិល្អ។ លោកបន្តថា តំលៃផ្ទៃដីដាំម្រេចបច្ចុប្បន្នមានតំលៃចន្លោះពី៥០០០ ដល់១០០០០ដុល្លារក្នុងមួយហិកតា ឬថ្លៃជាងនេះអាស្រ័យលើទីតាំង និងភូមិសាស្រ្តរបស់ដីនិមួយៗ។

លោកបន្តថា “ខ្ញុំគិតថារយៈពេល៥ទៅ១០ឆ្នាំទៀត នឹងមានមនុស្សទៅរស់នៅ​ខេត្តកាន់តែច្រើន ហើយការសាងសង់បុរីនឹងចាប់ផ្តើមកើតមានឡើង ដើម្បីឆ្លើយតប​នឹងតម្រូវការរបស់ប្រជាពលរដ្ឋ”។លោកបន្តថា “ដីនៅជាប់ផ្លូវធំៗក្នុងក្រុងមួយម៉ែ​ត្រការ៉េ និងបណ្តោយ១៥ម៉ែត្រមានតំលៃប្រមាណ១០,០០០ដុល្លារអាមេរិក”។

ប្រធានមន្ទីរទេសចរណ៍ខេត្តបណ្ឌិតគិរីលោកគង់ វិមានបានថ្លែងថា រហូតមក​ទល់ពេលនេះ ខេត្តមណ្ឌលគិរីមិនទាន់មានសំណង់ផ្ទះល្វែង ឬបុរីនៅឡើយទេ ប៉ុន្តែ​មានសណ្ឋាគារ និងផ្ទះសំណាក់ចំនួនជាង១០០០បន្ទប់ សម្រាប់ទទួលភ្ញៀវទេសចរ ណ៍ជាតិ អន្តរជាតិ។ លោកបន្តថា ខេត្តមណ្ឌលគិរីមានប្រជាជនរស់នៅជាង៨ម៉ឺន​នាក់ និងនៅក្រុងសែនមនោរម្យ ដែលជាទីក្រុងរបស់ខេត្តនេះមានមនុស្សរស់នៅជាង២ម៉ឺននាក់។

លោកបន្តថា “ទាក់ទងតំលៃដីធ្លីវិញ ប៉ុន្មានឆ្នាំចុងក្រោយនេះខ្ញុំមើលមិនឃើញមានការឡើងថ្លៃនោះទេ។ ហាងឆេងជាក់ស្តែងស្ថិតនៅលើមាត់មនុស្សប៉ុណ្ណោះ”។

អភិបាលខេត្តមណ្ឌលគិរីលោកស្វាយ សំអ៊ាងបានថ្លែងថា ការមិនមានគំរោង​វិនិយោគបុរី ឬសំណង់ផ្ទះល្វែងនៅក្នុងខេត្តនេះ ដោយសារមិនមានការចូលមកវិនិយោគពីក្រុមហ៊ុនឯកជន ប៉ុន្តែប្រសិនជាមានក្រុមហ៊ុនឯកជន ចូលមកវិនិយោគអា  ​ជ្ញា​ធរខេត្តនឹង​សហការគ្នាថាធ្វើក្នុងរូបភាពបែបណា ព្រោះខេត្តកំពុងសាងសង់ផ្សារថ្មីមួយក្នុងខេត្ត ហើយក្នុងគំរោងនេះ ក៏មានការសាងសង់ផ្ទះល្វែងលក់ផងដែរ ប៉ុន្តែក្នុងរូបភាពតូច​ប៉ុណ្ណោះ។

លោកបន្តថា “មួយរយៈពេលចុងក្រោយនេះ តំលៃដីធ្លីមិនសូវមានហាងឆេង​នោះទេ បន្ទាប់ពីបានកញ្រ្ជោលឡើងកាលពីប៉ុន្មានឆ្នាំមុន”។

ទោះជាយ៉ាងណាខេត្តរតនៈគិរីឯណោះវិញ ទំនងជាមានពន្លឺជាងខេត្តមណ្ឌល​គិរី ដោយសារតំលៃដីធ្លី និងមានការសាងសង់សំណង់ផ្ទះល្វែង និងពុះដីឡូត៍លក់របស់ក្រុមហ៊ុនឯកជនចំនួនពីរ។

លោកង៉ែត ពិទូប្រធានមន្ទីរទេសចរណ៍ខេត្តរតនៈគិរីបានថ្លែងថា បច្ចុប្បន្នមាន​ក្រុមហ៊ុនតាយ សេងកំពុងសាងសង់ចំណតរថយន្ត និងផ្ទះ​ល្វែង ព្រមទាំងពុះដីឡូត៍លក់នៅក្នុងខេត្ត ហើយក្រុមហ៊ុនលឹម ប៊ុណ្ណាក៏បានសាងសង់ផ្ទះល្វែងលក់ផងដែរ។លោកបន្តថា ផ្ទះល្វែងក្នុងទីក្រុងនេះ បានដាក់លក់ក្នុងតំលៃចន្លោះពី៥ទៅ៦ម៉ឺនដុល្លារក្នុងមួយល្វែង ហើយមានប្រជាពលរដ្ឋទិញដូរជាហូរហែរផងដែរ។

ខេត្តរតនៈគិរីមានប្រជាពលរដ្ឋរស់នៅជាង១៨ម៉ឺន​នាក់ និងក្រុងបានលុងមានប្រជាពលរដ្ឋរស់នៅប្រមាណ៣០,០០០នាក់ និងមានសណ្ឋាគារសរុបចំនួន១៤ ផ្ទះសំណាក់ចំនួន៣៣ និងមានបន្ទប់សរុបប្រមាណ​១០០០​បន្ទប់។

លោកង៉ែត ពិទូបានបន្តថា “តំលៃអចលនទ្រព្យក្នុងខេត្តមិនហក់ឡើងនោះទេ ក្នុងប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ប៉ុន្តែដីរដ្ឋកំណត់ដើម្បីបង់ពន្ឋមានតំលៃ២៥០ដុល្លារក្នុងមួយម៉ែត្រការ៉េសំរាប់ដីជុំវិញផ្សារ ប៉ុន្តែទិញដូរតំលៃជាក់ស្តែងមានខ្ពស់ជាងនេះ”។

លោកប៉ែន សុខគានាយកផ្នែកវាយតំលៃនៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបបានថ្លែងថា វិស័យអចលនទ្រព្យនៅតាមបណ្តាខេត្ត ស្ថិតនៅភូមិភាគឦសាន្តមិនមានអ្វីគួរឲ្យកត់សំគាល់នោះទេ ដោយសារមិនមានការសាងសង់បុរី ឬផ្ទះល្វែងលក់នោះទេ ប៉ុន្តែខេត្តមណ្ឌលគិរីមានការពុះដីឡូត៍លក់ តែមិនទទួលបានជោគជ័យឡើយ។លោកបន្តថា ទោះបីជាមានចំនួនទេសចរណ៍ទៅដល់កាន់តែច្រើនក្តី តែចំនួនភ្ញៀវនៅ​មានកម្រិត ដែលធ្វើឲ្យមូលដ្ឋានក្នុងខេត្តនេះ មានការរីកចំរើនលឿននោះឡើយ។

លោកបន្តថា ដីក្នុងខេត្តមណ្ឌលគិរីមានតំលៃចន្លោះពី២៥០ ទៅ៣០០ដុល្លារ សម្រាប់តំបន់ពាណិជ្ជកម្មនៅជិតផ្សារ និងដីតំបន់លំនៅដ្ឋានមានតំលៃចន្លោះពី​៥០ ទៅ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លោកបន្តថា បើងាកមកកាន់​ខេត្តរតនៈគិរីវិញ ជាខេត្តមានសក្តានុពលល្អជាងខេត្តមណ្ឌលគិរី ដោយសារខេត្តមាន​សំណង់សណ្ឋា​គារខ្ពស់ៗច្រើន មានភ្ញៀវចេញចូលច្រើន ដោយសារខេត្តនេះមា​នព្រំដែនដែលមានសកម្មភាពច្រើនជាមួយប្រទេសវៀតណាម និងប្រទេសឡាវ។

ដីធ្លីក្នុងក្រុងបានលុង ខេត្តរតនគិរី​តំលៃដីមានចន្លោះពី២៥០ ទៅ៣០០ដុល្លារនិងតំបន់ផ្សារឬតំបន់ពាណិជ្ជកម្ម ក្នុងខេត្តមានតំលៃចន្លោះពី៥០០ ទៅ៨០០ដុល្លារនិងតំបន់លំនៅដ្ឋានក្នុងក្រុងមានតំលៃចន្លោះពី៤០ ទៅ១០០ដុល្លារក្នុង​មួយម៉ែត្រការ៉េ។

លោកប៉ែន សុខគាបានបន្តថា បើមើលមកកាន់ខេត្តស្ទឹងត្រែង និងខេត្តក្រចេះវិញ គ្រាន់តែជាតំបន់ឆ្លងកាត់ប៉ុណ្ណោះ វាមិនមានសកម្មភាពអភិវឌ្ឍន៍អ្វីគួរឲ្យកត់សំ គាលនោះទេ ប៉ុន្តែតំលៃដីធ្លីនៅតំបន់ផ្សារ និងតំបន់ពាណិជ្ជកម្មក្នុងខេត្តទាំងពីរក៏មាន​តំលៃចន្លោះពី៨០០ ទៅ១០០០ដុល្លារផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here