តោះទៅមើលប្លង់លំអិតផ្លូវក្រវ៉ាត់ក្រុងទី៣

0

ដោយ គង់ សូរិយា

ភ្នំពេញការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងអាចចាប់ផ្តើមនៅពេលឆាប់ៗ ខាងមុខនេះ ដោយសារបច្ចុប្បន្នក្រុមហ៊ុនចិន ដែលជាអ្នកសិក្សាគំរោងនេះបាន​ចាប់ផ្តើមធ្វើការងាររបស់ខ្លួនយ៉ាងសកម្មហើយ។

លោក សាយ ឡុង ប្រជាពលរដ្ឋរស់នៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៩ មិនានេះថា​ក្រុមវិស្វករចិន កំពុងចាប់ផ្តើមបោះបង្គោលពីតំរ៉ុយ សាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅក្នុងមូលដ្ឋានខាងលើរួចហើយ ដែលធ្វើឲ្យតម្លៃដីនៅតំបន់នោះបានឡើងថ្លៃទ្វេរដង តែកន្លែងខ្លះឡើងថ្លៃមួយគុណនឹងបី។លោកបន្តថា ប្រជាពលរដ្ឋរីករាយ នឹងដំណឹងពីការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ដោយសារពួកគេមានអារម្មណ៍​ថាកាន់តែកៀកជិតរាជធានីភ្នំពេញ។

លោកបន្តថា “តាមខ្ញុំដឹងនឹងមានការសាងសង់ស្ពានមួយ កាត់កោះកន្លង់ចិន ឆ្ពោះមកកាន់ឃុំឈើទាល ប៉ុន្តែខ្ញុំមិនដឹងផ្លូវនេះបញ្ចប់នៅកន្លែងណាទេ”។

យោងតាមពង្រាងគំរោងសាងសង់ផ្លូវនេះ ដែលបានបង្ហាញកាលពីសប្តា​ហ៍មុន ដោយអភិបាលរងខេត្តកណ្តាលលោកគង់ សោភ័ណ្ឌបានឲ្យដឹងថា គម្រោ​ងសាងសង់​ផ្លូវក្រវ៉ាត់ក្រុង​ ខ្សែទី៣ (ភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិ២១) លាតសន្ធឹងលើឃុំ-សង្កាត់ចំនួន១៧ នៃស្រុកចំនួន៣ ​ក្នុងខេត្តកណ្តាល និងខ័ណ្ឌចំនួន២របស់រាជធានីភ្នំពេញ។​ គម្រោងនេះ ចាប់ផ្តើមពី​ PK១៦+៨០០ ​ផ្លូវ​កប់​ស្រូវ សង្កា​ត់​ចោមចៅ ខ័ណ្ឌពោសែនជ័យ រាជធានីភ្នំពេញ និងបញ្ជប់គឺចំនុចប្រសព្វPK៦៤+៤០៨ និងផ្លូវជាតិលេខ១ នៅភូមិកណ្តាលលើឃុំបន្ទាយដែក ដីឥដ្ឋ កំពង់ស្វាយ និងឃុំឈើទាល ស្រុកកៀនស្វាយ។

គំរោងនេះក៏ឆ្លងកាត់ស្រុកស្អាងងដែរ រួមមានមាន ឃុំកោះអន្លង់ចិន សិត្បូ រកាខ្ពស់ ស្រុកកណ្តាលស្ទឹង​មានឃុំកណ្តោក ជើងកើប និងឃុំព្រះពុទ្ធ។

នៅរាជធានីគម្រោងនេះ ផ្លូវឆ្លងកាត់ខ័ណ្ឌដង្កោ រួមមាន ​សង្កាត់គងនយ សាក់សំពៅ ពងទឹក ប្រទះឡាង។ ខ័ណ្ឌពោសែនជ័យ មានសង្កាត់ភ្លើងឆេះរទះ កន្ទោក និងចោមចៅ។

គំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ក៏មានការសាងសង់​ស្ពានអាកាសកាត់​ផ្លូវជាតិ​លេខ៤ លេខ៣ និងលេខ២១ និងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចំនួន១០ នៅស្រុកស្អាង និង​ស្រុកកៀនស្វាយ ដែលមានទទឹង២៥ម៉ែត្រ និងក្រាលកៅស៊ូអ៊ុត (ASphaltconcrete) និងមានលូ១០១​កន្លែង​ ដែលមានលូ២ប្រភេ​ទ​គឺប្រភេទលូមូលចំនួន២៨កន្លែង មុខកាត់ជាមធ្យម១,៦០m ប្រភេទលូជ្រុង​ចំនួន៧៣​កន្លែងមុខកាត់ជាមធ្យម៣ម៉ែត្រផងដែរ។

លោកគង់ សោភ័ណ្ឌបានមានប្រសាសន៍ឲ្យដឹងទៀតថា គម្រោងនេះមានផ្លូវប្រវែង៤៧.៦០៨គឺឡូម៉ែត្រ ដែលវាជាគម្រោងមួយ ​ក្នុង​ចំណោមគម្រោងអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា តាមរយៈការសិក្សាពីសមិទ្ធិផលលទ្ធផល បានបង្ហាញ​ឲ្យដឹងថា បើគម្រោងនេះត្រូវបានសាងសង់ នឹងធ្វើឲ្យប្រសើរឡើងបណ្តាញ​ផ្លូវ​ជាតិ​នៅ​កម្ពុជា ពង្រឹង និងពន្លឿនការអភិវឌ្ឍន៏ក្រុង និងចូលរួមសំរេចផែនការរួមរបស់រាជធានីភ្នំពេញ ក្នុងការកែ​លំ​អរបណ្តាញ​ផ្លូវក្រវ៉ាត់ក្រុង កាត់បន្ថយការកកស្ទះចររាចរណ៏នៅតំបន់ទីប្រជុំជន និងចូលរួមក្នុង​ការ​អភិវឌ្ឍន៏​សេដ្ឋកិច្ចជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here