តោះស្តាប់អ្នកមានឥទ្ឋិពលក្នុងវិស័យអចលនទ្រព្យ និយាយពីកំនើននៃការវិនិយោគចិននៅកម្ពុជា

0

ដោយគង់ សូរិយា

ភ្នំពេញកំនើននៃការមកដល់របស់អ្នកវិនិយោគចិន កើនឡើងកាន់តែច្រើននៅកម្ពុជា អ្នកជំនាញនិងអ្នកមានឥទ្ឋិពលក្នុងវិស័យនេះ បានលើកឡើងនូវទស្សនវិស័យនិងការយល់ឃើញរបស់ពួក​គេ ទាក់ទងនឹងកំនើនវិនិយោគរបស់ចិននៅកម្ពុជា។

ប្រធានស្តីទីសមាគមអ្នកសាងសង់កម្ពុជា លោក ឆារស៍ វ៉ាន់ បានថ្លែងឲ្យដឹង​តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា មូលហេតុដែលអ្នកវិនិយោគចិន មកវិនិយោគនៅកម្ពុជាច្រើន ដោយសារកត្តាសំខាន់ៗមួយចំនួនដួចជា ទំនាក់ទំនងល្អរវាងរដ្ឋា ភិបាលប្រទេសទាំងពីរ កំណើនសេដ្ឋកិច្ច ដែលកម្ពុជាសម្រេចបានជាង៧ភាគរយ​ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ ការបញ្ចេញសាច់ប្រាក់របស់រដ្ឋាភិបាលចិន វិនិយោគនៅខាងក្រៅប្រទេស ដើម្បីជំរុញកំនើនសេដ្ឋកិច្ចរបស់ខ្លួន និងកត្តាផ្លូវច្បាប់ និងបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ។

លោកបន្តថា កំនើននៃការវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដោយសារកម្ពុជាជាទីផ្សារមានភាពទាក់ទាញ ហើយអ្នកវិនិយោគចិនបានផ្តោតទីផ្សាររបស់ពួកគេភាគច្រើននៅប្រទេសចិន និងអតិថិជនចម្រុះដែលជាវអចលន ទ្រព្យរបស់ពួកគេ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំ ណង់បានឲ្យដឹងថា គិតត្រឹមរយៈពេល៧ខែឆ្នាំនេះ ទុនវិនិយោគក្នុងវិស័យសំណ​ង់មានទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លារអាមេរិក។

អ្នកនាង Carrie Sun ប្រធានផ្នែកអចលនទ្រព្យភាសាចិននៃគេហទំព័រ Realestate.com.khបានថ្លែងថា ចិនវិនិយោគនៅកម្ពុជាច្រើន ដោយសារទីផ្សារនេះមានភាពទាក់ទាញ និងផ្តល់ឳកាសចំណេញច្រើនដល់អ្នកវិនិយោគ។ គំរោង​វិនិយោគរបស់ចិន និងក្រុមហ៊ុនវិនិយោគ និងសាងសង់សំណង់នៅកម្ពុជាមានជាង២០០ក្រុមហ៊ុន ដែលបាននិងកំពុងវិនិយោគនៅកម្ពុជា។

អ្នកនាងបន្តថា ទីផ្សារកម្ពុជាជាទីផ្សារមានសក្តានុពល និងកំពុងមានភាព ទាក់ទាញក្នុងក្រសែភ្នែកអ្នកវិនិយោគនានា។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរកឃើញថា កម្ពុជាទទួលលំហូរទុនវិនិយោគផ្ទាល់ពី អន្តរជាតិចំនួនជាង២,៦ពាន់លានដុល្លារកាលពីឆ្នាំមុន និងរំពឹងកើនឡើងច្រើនជាង២,៦ពាន់លានដុល្លារនៅដំណាច់ឆ្នាំ ២០១៧នេះ។

ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក គីម ហ៊ាង បានថ្លែងថា ការបង្ហាញវត្តមានរបស់អ្នកវិនិយោគចិនជារឿងអបអរសាទរ ដោយសារទំនាក់ទំនងល្អរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ហើយការមកវិនិយោគកាន់​តែច្រើនកាន់តែល្អ។ លោកបន្តថា ការវិនិយោគរបស់ចិនកាន់តែច្រើនកាន់តែល្អ បើលើវិស័យខុនដូវិញ ពួកគេសាងសង់៥០ទៅ១០០អាគារទៀតក៏បាន ព្រោះពួកគេសាងសង់នៅលើដីខ្មែរ ពួកគេមិនលើកទៅណាទេ គឺអាគារនៅលើដីខ្មែរ ដីចិនទិញ​ក៏នៅលើដីខ្មែរ ពួកគេមិនអាចលើកទៅណាបាននោះទេ។

 

លោកបន្តថា “យើងស្វាគមន៍ការវិនិយោគ ព្រោះការវិនិយោគកាន់តែច្រើន នឹងជួយបង្កើននូវកំនើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គមកម្ពុជា។

ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអ៊ិលស៊ីលោក អ៊ិន ចាន់នី បានថ្លែងថា អ្នកវិនិយោគអន្តរជាតិមុនសម្រេ​ចចិត្តទៅវិនិយោគនៅប្រទេសណាមួយ ពួកគេសម្លឹងមើលកត្តាសំខាន់ៗមួយចំនួនដូចជា សុខសន្តិភាព និងស្ថិរភាពនយោបាយ ស្ថិរភាព​សង្គមរយៈពេលវែង កំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់ប្រទេសណាមួយនោះ និងប្រព័ន្ឋច្បាប់របស់ប្រទេសនោះថាមានការលើក​ទឹកចិត្ត និងមានការការពារដល់អ្នកវិនិយោគឬអត់។

លោកបន្តថា “កម្ពុជាមានកត្តាសំខាន់ៗខាងលើនេះ ទើបធ្វើឲ្យលំហូរទុនវិនិយោគផ្ទាល់ពីបរទេសកើនឡើង ហើយ​កម្ពុជាបានក្លាយជាគោលដៅរបស់អ្នកវិនិយោគអន្តរជាតិ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here