តំបន់ច្បារអំពៅនឹងកាន់តែរសរវើកក្រោយពេលសួនកម្សាន្តតម្លៃ៦០លានដុល្លារនឹងបើកដំណើរការ

0

ដោយ គង់ សូរិយា

ភ្នំពេញ ការមកដល់នៃហាងល្បីៗ និងផ្សារបែបសហគមន៍The Park ទំនងមិនគ្រប់គ្រាន់ទេ សម្រាប់តំបន់ផ្លូវជាតិលេខ១ ស្ថិតក្នុងខ័ណ្ឌច្បារអំពៅ ប៉ុន្តែសួនកំសាន្តលំដាប់អន្តរជាតិមួយតម្ល៦០លានដុល្លារ ដែលគ្រោងបើកដំណើរការនៅចុងឆ្នាំនេះ នឹងធ្វើឲ្យតំបន់នេះកាន់តែរសរវើក និងស៊ីវិល័យ។

អគ្គនាយករងនៃបុរីប៉េង ហួតលោកឧកញ៉ាថៃ ម៉េងលីបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងអភិវឌ្ឍន៍នេះ ត្រូវបានអភិវឌ្ឍនៅលើផ្ទៃដីជិត៨ហិកតា​ជាមួយនិងអគារសាលប្រជុំ ឬសាលសំរាប់រៀបចំអាពាហ៏ពិពាហ៏។ សួនកំសាន្តនេះត្រូវបានរចនាឡើងតាមបែបអឺរ៉ុប ដែលមានសំណង់អគារពិសេ​សប្លែកៗ និងលំអរទៅដោយសួនដើមដើមឈើធំៗ សងខាងទន្លេដែលអាចជិះទូកបាន និងមានស្ពានស្អាតៗឆ្លងទន្លេចំនូនបី ភ្ជាប់គ្នាពីតំបន់មួយទៅតំបន់មួយទៀត។លោក បន្តថា ចំពោះការរៀបចំតំបន់ទៀតសោត យើងបានរៀបចំជាតំបន់អឺរ៉ុប​ផ្សេងៗគ្នាចំនួន​ដូចជា តំបន់ទី១ មានអគាររចនាបថបែបប្រទេសស្កត់ឡែន និងអាឡឺម៉ង់មជ្ឈិមសម័យ។

តំបបន់ទី២ មានអគាររចនាបថបែបហូឡង់ និងបារាំងសម័យកាល​រស់​ឡើងវិញ​នៃ​អរិយធម៌​រុងរឿង តំបន់ទី៣ មានអគាររចនាបថបែបអ៊ីតាលីនៃទន្លេវេនីស និងតំបន់ផ្សេងៗទៀត។ អាគារនិមួយៗ ស្ថិតនៅក្បែរមាត់ទន្លេនេះនឹងត្រូវបានគេប្រើប្រាស់ជាភោជនីយដ្ឋានសម្បូរបែប មានអាហារអឺរ៉ុប ចិន​ ជប៉ុន ​​ខ្មែរ។ល។ អ្នកទស្សនាអាចសម្រាកលំហែ និងពិសារអាហារដ៏មានឱជារស់គ្រប់ប្រភេទបាននៅទីនេះ។

លោកឧកញ៉ាបានបន្តថា ដោយសារភាពច្នៃប្រឌិតខ្ពស់ និងធ្វើឡើងដោយវិស្វករ និងស្ថាបត្យករជាតិ និងអន្តរជាតិ បានធ្វើឲ្យគំរោងនេះទទួលបានពានចំនួនពីរ ​គឺពានរង្វាន់ផ្នែកស្ថាបត្យកម្មឌិហ្សាញសួនលំហែរ ដែលលជាងគេលំដា​ប់ផ្កាយប្រាំនៅឆ្នាំ២០១៦ និងពានរង្វាន់ផ្នែកអភិវឌ្ឍសួនលំហែរដែលល្អជាងគេនៅកម្ពុជាប្រចាំឆ្នាំ២០១៧ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិដែលមានការិយាល័យនៅប្រទេសអង់គ្លេស។

លោកឧកញ៉ាថៃ ម៉េងលីបានបន្តថា “គំរោងនេះនឹងបើកដំណើរការស្វាគមន៏អ្នកដែលរស់នៅក្នុងបុរីប៉េងហួត និង​សាធារណៈជនទូទៅដែលស្វែងរកកន្លែងសម្រាកលំហែរនិងញ៉ាំអាហារប្រកបដោយផាសុកភាព”។ លោកបន្តថា “ក្រុមហ៊ុ​ន​​ចាប់អារម្មណ៏ក្នុងការវិនិយោគឡើង គឺក្នុងគោលបំណង ផ្ដល់ទីកន្លែងស្អាតសំរាប់លំហែកំសាន្ត ញ៉ាំអាហារដល់អ្នករស់នៅក្នុងបុរីប៉េងហួត និងសាធារណៈជនទូទៅ និងជាពិសេសគឺដើម្បីចូលរូមអភិវឌ្ឍទីក្រុងភ្នំពេញ ដោយនាំមកនូវគំរោងថ្មីស្អាត ដែលមិនដែលធ្លាប់មាននៅស្រុកខ្មែរពីមុន ​ជូនដល់ភ្ញៀវជាតិនិងអន្តរជាតិ”​។

ចំពោះការចូលមកទស្សនា និងកំសាន្ត ក្នុងគំរោងនេះនឹងមិនតម្រូវឲ្យមានការទិញសំបុត្រទេ។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា នេះជាផលិ​តផលទេសចរណ៍ថ្មីមួយ ដែលកន្លងមកវិស័យឯកជនក្នុងវិស័យនេះ តែងតែជំរុញឲ្យអ្នក​វិនិយោគជាតិ និងអន្តរជាតិវិនិយោគលើរមណីយដ្ឋានកែច្នៃឲ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវ​ទេសចរណ៍អន្តរជាតិមកស្នាក់នៅ និងកម្សាន្តរយៈពេលវែងនៅកម្ពុជា។

លោកបន្តថា “វិស័យឯកជនស្វាគមន៍គំរោងវិនិយោគថ្មីនេះ ព្រោះវាជាការធ្វើពិពិធកម្ម​ទីផ្សារទេសចរណ៍ ខណៈតំបន់កំសាន្តនៅរាជធានីភ្នំពេញនៅមានកម្រិតនៅឡើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here