តំបន់ស្វាយជ្រុំ និងអរិយក្សត្ររង់ចាំតែវត្តមានស្ពានភ្ជាប់និស្ស័យ

2

ដោយគង់ សូរិយា

ភ្នំពេញ៖ ទោះបីស្ពានមិនទាន់បានសាងសង់ក្តី ប៉ុន្តែអ្នកវិនិយោគក្នុងស្រុកបានចាប់ផ្តើមគំរោងអភិវឌ្ឍន៍របស់ខ្លួនជាច្រើនរួមទៅហើយ នៅតំបន់អរិយក្សត្រនិងស្វាយជ្រុំ ដោយសារផែនការសាងសង់ស្ពានរបស់រដ្ឋាភិបាល មិនលុបចោលនោះទេ គឺនៅរង់ចាំតែពេលវេលាប៉ុណ្ណោះ។

មេឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលលោកហ៊ុន កយបានថ្លែង  ឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញថា ពេលលឺប្រមុខរដ្ឋាភិបាលប្រកាសសាងសង់​ស្ពាននេះ ប្រជាពលរដ្ឋសប្បាយចិត្តណាស់ ប៉ុន្តែពួកគាត់បានសួរលោកថាពេលណា​សាងសង់ស្ពានទៅកាន់តំបន់របស់គាត់ ដែលការពិតយើងមិនទាន់ដឹងថាការសាងសង់នឹងចាប់ផ្តើមនៅពេលណានោះទេ។លោកបន្តថា ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ឃុំស្វាយជ្រុំបានលក់ដីឲ្យឈ្មួញ និងក្រុមអ្នកមានលទ្ឋភាពប្រមូលទិញដីអស់ទៅហើ​យ គឺនៅសល់តែ២០ភាគរយនៃផ្ទៃដីប៉ុណ្ណោះ។

លោកបន្តថា “ដីចំការ ដីស្រែប្រាំងត្រូវបានប្រជាបលរដ្ឋលក់អស់ទៅហើយ គឺនៅសល់តែដីលំនៅដ្ឋានប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្ញុំពួក​គេនៅតែសប្បាយចិត្តឲ្យតែមានស្ពាន”។លោកបន្តថា “ប្រជាជនភូមិ ឃុំនេះសប្បា​យចិត្តណាស់ ពេលលឺគំរោងសាងសង់ស្ពាន ដែលពួកគេសង្ឃឹមថាការសាងសង់នឹង​ចាប់ផ្តើមនៅពេលឆាប់ៗនេះ”។

ឃុំអរិយក្សត្រមានប្រជាពលរដ្ឋរស់នៅរុប១០១៨គ្រួសារ និងមានប្រជាពល​រដ្ឋសរុបចំនួន៥៣៥៤នាក់។

ទោះជាយ៉ាងណាលោកវ៉ា ស៊ីមសូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការនិង​ដឹកជញ្ជូនបានថ្លែងថា គំរោងសាងសង់ស្ពាននេះ មិនដឹងចាប់ផ្តើមនៅពេលណានៅ ឡើយទេ ដោយសារប្រមុខរដ្ឋាភិបាលទើបប្រកាស ពីការស្វែងរកហិរញ្ញប្បទានពីប្រទេស​ចិន ដើម្បីយកមកសាងសង់ស្ពាននេះនាពេលខាងមុខ។ ការសិក្សាពីគំរោង​ស្ពាននេះបានបញ្ចប់ហើយ ប៉ុន្តែប្រវែងស្ពាន និងទំហំនៃការចំណាយលោកមិនទាន់ដឹងនៅឡើយទេ។

លោកបន្តថា ការសាងសង់ស្ពាននេះ នឹងតភ្ជាប់ទៅកាន់ផ្លូវ Express Wayពីតំបន់អិយក្សត្រខេត្តស្វាយរៀង ដែលបានបញ្ចប់ការសិក្សាដោយអង្គការJICAរួចហើ​យ ប៉ុន្តែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជំរុញឲ្យអង្គការនេះសិក្សាជាថ្មីពីផល​ប៉ះពាល់ និងភាពចំណេញពីការសាងសង់ផ្លូវនេះ។ លោកបន្តថា“ផ្លូវ Express Way​ដែលបានសិក្សារួចមានប្រវែង១៦០គីឡូម៉ែត្រ និងគ្រោងចំណាយថវិកាវិនិយោគចំនួន២៨០០លានដុល្លារអាមេរិក”។

លោកវ៉ា ស៊ីមសូរិយាបានបន្តថា “រដ្ឋាភិបាលត្រូវចំណាយទ្វេរដងលើការសាង​សង់ហេដ្ឋារចនាសម្ព័ន្ឋចាប់ពីពេលនេះតទៅ ប្រសិនជាចង់ឲ្យសេដ្ឋកិច្ចរបស់ខ្លួនកាន់​តែរីកចំរើនបន្ថែមទៀត”។

ឮលោកហ៊ុន សែននាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជាកាលពីដើមឆ្នាំមុន បាន​ប្រកាសពីគំរោងសាងសង់ស្ពានទាំងពីរនេះ ដើម្បីអ្វីដែលលោកហៅថា “ជាការធ្វើ ឲ្យផ្លូវខ្សែក្រវ៉ាត់ក្រុងមានភាពតភ្ជាប់គ្នាពិតប្រាកដ” ហើយលោកបាន​ប្រកាសពីការ​ស្វែងរកឥណទានពីប្រទេសចិន ដើម្បីយកមកសាងសង់ស្ពានទាំងពីរនេះ ដែលមាន​ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចធំធេង និងជួយកាត់បន្ថយលំហូរចរាចរណ៍ចូលទីក្រុង ភ្នំពេញ។

ស្ពានទាំងពីរនេះ ទី១ ស្ពានចេញពីតំបន់ក្តីតាកុយ តាមបណ្តោយផ្លូវជាតិលេខ១ ទៅកាន់ឃុំអរិយក្សត្រ និងស្ពានទី២ ចេញពីតំបន់ជ្រោយចង្វារ ទៅកាន់ឃុំស្វាយ ជ្រុំក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕

2 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here