ថៃចង់បង្កើនការវិនិយោគនៅកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្រ្ត អនុរដ្ឋលេខាធិការ និងជាតំណាងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចជននៃព្រះរាជាណាចក្រថៃ ដឹកនាំដោយ លោកស្រី Doungjai Chanthon ប្រធានអនុគណៈកម្មការពាណិជ្ជកម្មតាមព្រំដែន និងឆ្លងព្រំដែន សម្រាប់ប្រទេសកម្ពុជា និងវៀតណាម នៃសភាពាណិជ្ជកម្មថៃ ដើម្បីស្វែងយល់ពីបរិយាកាសពាណិជ្ជកម្ម និងឱកាសក្នុងការចាប់ដៃគូធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា សម្រាប់ទីផ្សារកម្ពុជា និងអន្តរជាតិ។ ប្រតិភូធុរកិច្ចជនថៃ មកពីក្រុមហ៊ុនចំនួន ២០ ដែលវិនិយោគ និងធ្វើពាណិជ្ជកម្ម លើវិស័យអេឡិចត្រូនិក ភេសជ្ជៈ បរិក្ខាពេទ្យ សម្ភារៈប្រើប្រាស់ ផលិតផលថែរក្សាសម្ផស្ស ចំណីអាហារ ផលិតផលកសិកម្ម គ្រឿងសំណង់ ជាដើម។ល។

នៅក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជម្រាបជូនគណៈប្រតិភូ អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេស លទ្ធផលកិច្ចប្រជុំលើកទី៣ នៃគណៈរដ្ឋមន្ត្រីចម្រុះ កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ដឹកនាំដោយប្រមុខរាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា និងថៃ ដែលបានដាក់ចុះនូវគោលដៅពាណិជ្ជកម្មទ្វេភាគីឱ្យកើនដល់ ១៥ ប៊ីលានដុល្លារ ត្រឹមឆ្នាំ២០២០ និងកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការចម្រុះផ្នែកពាណិជ្ជកម្ម កាលពីខែកុម្ភៈ ឆ្នាំ២០១៨ ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលជាយន្តការទ្វេភាគី ដើម្បីតាមដាន និងអនុវត្តនូវអនុសាសន៍របស់ថ្នាក់ដឹកនាំ។

ទាក់ទងនឹងការវិនិយោគ ឯកឧត្តម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយ បើកជំហរ ដោយគ្មានការរើសអើងចំពោះអ្នកវិនិយោគបរទេស ហើយវិនិយោគិនបរទេស អាចកាន់កាប់ភាគហ៊ុន ១០០% គ្មានការកំណត់តម្លៃលើទំនិញ និងសេវា និងគ្មានការតម្រូវក្នុងការប្តូរសាច់ប្រាក់ ឬយកប្រាក់ចេញចូលក្រៅប្រទេសឡើយ។ គួររំលឹកផងដែរថា កម្ពុជា និងថៃបានចុះហត្ថលេខាកិច្ចព្រមព្រៀងស្តីពីការមិនយកពន្ធត្រួតគ្នា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ដែលកិច្ចការនេះបានជួយសម្រួលក្នុងការវិយោគ និងធ្វើពាណិជ្ជកម្ម ដោយមិនតម្រូវឱ្យបង់ពន្ធនៅប្រទេសថៃទៀតទេ និងកសាងហេដ្ឋារចនាសម្ព័ន្ធតភា្ជប់តាមព្រំដែន តម្លើងថ្នាក់ព្រំដែន ដូចជាចុះហត្ថលេខាលើ MOUs ជាច្រើន ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។

លោកស្រី Doungjai Chanthon និងប្រតិភូធុរកិច្ចថៃ បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអនុរដ្ឋលេខាធិការ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ដែលតែងតែអនុញ្ញាតឱ្យលោកស្រី ដឹកនាំគណៈប្រតិភូធុរកិច្ចជន ដើម្បីស្វែងយល់ និងជាពិសេសបានឱកាសជួប និងសាកសួរផ្ទាល់នូវចម្ងល់ និងសំនួរផ្សេងៗពីឯកឧត្តម និងសហការីនាពេលនេះ។

បន្ថែមលើនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្នើសភាពាណិជ្ជកម្មថៃ ជួយជំរុញរាជរដ្ឋាភិបាលថៃ លើបញ្ហាមួយចំនួនដូចជា ១. ពន្លឿនការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើទំនិញឆ្លងកាត់ ២. អនុញ្ញាតជម្រុញឱ្យចុះហត្ថលេខាលើ MOU ដើម្បីឱ្យមានការដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមគ្រប់ច្រក (ដែលកន្លងមកទើបអនុញ្ញាតត្រឹមតែតាមច្រកប៉ោយប៉ែត-អារញ្ញប្រាថេតតែមួយប៉ុណ្ណោះ) និងបន្ថែមកូតាអនុញ្ញាតឱ្យរថយន្តឆ្លងកាត់ពី ១៥០ ទៅ៣០០ និងទៅ៥០០ ជាដំណាក់កាល និង ៣. សម្របសម្រួលនីតិវិធីក្នុងការនាំចូលទំនិញកសិកម្មពីកម្ពុជាទៅថៃ ជៀសវាងការដាក់ចេញនូវឧបសគ្គនានា ដែលធ្វើឱ្យកម្ពុជា-ថៃ ពុំអាចសម្រេចគោលដៅពាណិជ្ជកម្មបាន១៥ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០២០។

ភាគីបានសន្យាពាំនាំនូវអនុសាសន៍នេះជូនទៅបណ្តាក្រសួង-ស្ថាប័នធុរកិច្ចពាក់ព័ន្ធរបស់ថៃ ដើម្បីជម្រុញការធ្វើពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់គោលដៅកំណត់ដោយរដ្ឋភិបាលនៃប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here